ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២២ នេះ​តទៅ អាជ្ញាធរ​នឹង​ផាកពិន័យ ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ជា​ធរមាន ព្រមទាំង​ប្ដឹងទៅ​តុលាការ តាម​កំហុស​ជាក់ស្ដែង ចំពោះ​អ្នក​ដែល​ទុកដាក់​សំណល់​រឹង មិនបាន​បែងចែក អោយបាន​ត្រឹមត្រូវ រវាង​សំរាម​សើម និង​សំរាម​ស្ងួត និង​ការបញ្ចេញ​សំរាម ខុស​ម៉ោង ខុសពេល​កំណត់​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា នេះ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ ការគ្រប់គ្រង​សំណង់​រឹង នៅ​រាជធានី​ភ្នំពេញ ជាមួយ​លោក​មេភូមិ ចៅសង្កាត់ ខណ្ឌ ចំណុះអោយ​រដ្ឋបាល រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ មុននឹង​ឈានទៅ​ដាក់ ការផាកពិន័យ ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ជា​ធរមាន ។​

​លោក ហួត ហៃ បាន​មានប្រសាសន៍ថាៈ ការជួប​ជុំគ្នា នាពេលនេះ គឺមាន​បំណង ផ្សព្វផ្សាយ ពី​ការគ្រប់គ្រង ទុកដាក់​សំរាម សំណង់​រឹង នៅ​រាជធានី​ភ្នំពេញ អោយ​កាន់ តែ​ល្អប្រសើរ មុននឹង​ឈានទៅ​ដាក់​ការផាកពិន័យ ទៅតាម​ច្បាប់​។​

​លោក​បាន​បន្តថាៈ ការធ្វើកំណែទម្រង់ នៃ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ដើមខ្សែ រហូតដល់​ចុង​ខ្សែ ទទួលបាន​លទ្ធផល គួរ​ជាទី​មោទនៈ ក្នុងនោះ ការដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី ដើម្បី​ផ្តល់​សេវា​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើ​រួចរាល់ ផងដែរ​។​

​ក្រុមហ៊ុន​ចំនួន បី ត្រូវបាន​ជ្រើសរើស ហើយ​បានចាប់ផ្តើម​ប្រតិបត្តិការ ការងារ​របស់ខ្លួន កាន់តែ​ប្រសើរឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១​។ ក្រុមហ៊ុន​ទាំងបី​នោះ គឺៈ​

​ទី​១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់​សេវា ក្នុង​តំបន់​ទី​១ ដែលមាន​ប្រាំ​ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។

​ទី​២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់​សេវា​ក្នុង តំបន់​ទី​២ ដែលមាន ប្រាំ​ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ទី​៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់​សេវា ក្នុង​តំបន់​ទី​៣ ដែលមាន​០៤​ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។​

​ដើម្បីឱ្យ​ការអនុវត្ត​ប្រព័ន្ធ​ថ្មី នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការណែនាំ អំពី​ការញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការបញ្ចេញ​សំរាម សំណល់​រឹង ក្នុងនោះ សំរាម និង​សំណល់​រឹង មុននឹង​បញ្ចេញ ត្រូវ​សម្រិតទឹក​ចេញ​ដាក់ចូល ទៅក្នុង​ប្រព័ន្ធ លូ ឱ្យបាន​ត្រឹមត្រូវ​។ ត្រូវ​ញែក​សំរាម សំណល់​រឹង ជា​ពីរ​ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត ដោយ​ដាក់​នៅក្នុង​ថង់ ដាច់ដោយឡែក​ពីគ្នា​។​

​សំរាម​សើម ដែលមាន​ដូចជា​សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុង​ថង់​ពណ៌​ខ្មៅ -​សំរាម​ស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿង​ប្លា​ស្ទីក ហ្វូ​ម ជ័រ ដែក កំប៉ុង ដប​…​ត្រូវដាក់​ក្នុង ថង់​ពណ៌​ស​។
​ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ដែល​បានដាក់​ក្នុង​ថង់ ដែល​បានកំណត់ ទាំងពីរ​ប្រភេទ នេះ​តែប៉ុណ្ណោះ ទៅតាម​កម្មវិធី ដាច់ដោយឡែក ពីគ្នា​។ ការដាក់​សំរាម សំណល់​រឹង ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី​ពណ៌​ខ្មៅ និង​ពណ៌​ស ក្រុមហ៊ុន នឹងមិន​ប្រមូល​ឡើយ​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ អា​ចរក​ទិញ​ថង់ ទាំង ពីរ ពណ៌ ខាងលើនេះ នៅតាម​បណ្តា​ទីផ្សារ​នានា​។
​ហាម​វេច​ខ្ចប់​សំណល់ ដែល​បង្ក​គ្រោះថ្នាក់ ដូចជា អំបែង​កញ្ចក់ និង​សំណ​ល់មុត ស្រួច​នានា លាយឡំ ជាមួយនឹង​សំរាម​សើម និង​សំរាម​ស្ងួត​។ ត្រូវ​ទុកដាក់​សំណល់ ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ ចូលក្នុង​ធុងសំរាម ឬ​ប្រអប់​ដោយឡែក ឱ្យបាន​ត្រឹមត្រូវ ក្រុមហ៊ុន នឹង​ប្រមូល នៅ​រៀងរាល់​ថ្ងៃអាទិត្យ​។​

​លោក​បាន​បញ្ជាក់ថាៈ ក្នុងករណី​ទុកដាក់​ខុស ពី​ការណែនាំ​នេះ ក្រុមការងារ​ផាក ពិន័យ នឹងធ្វើ​កំណត់ហេតុ អំពី​កំហុសឆ្គង​លើក​ទី​១​។ បើ​នៅតែ​ទុកដាក់​ខុស​ទៀត នឹង​ទទួល​ការផាកពិន័យ ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ជា​ធរមាន ព្រមទាំង​ប្ដឹងទៅ​តុលាការ តាម​កំហុស​ជាក់ស្ដែង ៕/V​