​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ “គណៈ​គ្រប់គ្រង​វិទ្យាល័យ​ទួលប្រាសាទ សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ដែល​បាន​យកចិត្តទុកដាក់​និង បាន​ដឹកជញ្ជូន​តុ ដើម្បី​បំពេញតម្រូវការ ជូន​វិទ្យាល័យ​ទួលប្រាសាទ ដើម្បី​ដាក់ជូន សិស្ស អង្គុយ​រៀន​អោយបាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់” ។

​នេះ​បើតាម​លោក ជា ពិសេស នាយក​វិទ្យាល័យ​ទួលប្រាសាទ នៅ​ភូមិ​ទួលប្រាសាទ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអោយដឹង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នេះ​។​

​សូម​រំលឹកថា លោក ជា ពិសេស កាលពី​ថ្ងៃទី​១៣ ខែមករា បាន​ថ្លែងថាៈ ” មិនមែន ត្អូញត្អែ​ទេ គឺ​អត់​មែន ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ (២០២១-២២) នេះ​” ។​

​លោក​បាន​បន្តថាៈ “​សូម​មហា​សប្បុរសជន ជិត​ឆ្ងាយ មេត្តាជួយ​ឧបត្ថម្ភ​ជា​តុ​ក្តី ជា​ថវិកា​ក្តី ដើម្បីឱ្យ​ប្អូនៗ មាន​តុ​អង្គុយ​រៀន អោយបាន​សមរម្យ​”​។​

​លោក​បាន​បន្តទៀតថាៈ “​មូលហេតុ​ដែល​អត់​តុ សម្រាប់​អង្គុយ​រៀន​នោះ មកពី​តុ ចាស់ៗ ខូច​ខ្លាំង ជួសជុល​លែងកើត និង​ដោយសារ​មាន​កំណើន​សិស្ស ថែមទៀត ផងដែរ “​។​

​ករណីនេះ លោក ចែម សំបូរ ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ ថាៈ នាយក​សាលា​នេះ បាន​បង្ហោះ​នូវ​ខ្លឹមសារ​នេះ ក្នុង​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​សំណើសុំ ផ្លូវការ​នូវ​តុ របស់លោក ទើបតែ​មកដល់​ការិយាល័យ នៅ​ម៉ោងជាង ៤ រសៀល ថ្ងៃទី​១២ ខែមករា ប៉ុណ្ណោះ​។ ពោលគឺ សាលា​នេះ មិនដែល​បាន​ប្រាប់អោយដឹង ពីមុនមក​ទេ ពី​កង្វះខាត​នេះ ។ សូម្បី មុន​និង​ពេល​បើក​បវេសនកាល ក៏​មិន​ប្រាប់​ដែរ​។​

​ទោះជា​យ៉ាងណា ករណីនេះ លោក​ផ្ទាល់ ពិសេស​លោក គាត ហ៊ុល អភិបាល ក្រុង​ប៉ោយប៉ែត បាន​អះអាងថាៈ ” អស់​ប៉ុន្មាន តុ​សិស្ស​ដែល​ខ្វះ​នោះ ធ្វើទៅ លោក (​គាត់ ហ៊ុល​) ចេញ​លុយ​ទាំងអស់ ។ សូមអោយ​លឿន ” ។​

​ជាមួយគ្នា​នោះ សប្បុរសជន អាជីវករ​ខ្មែរ នៅ​ផ្សារ​រោង​ក្លឿ ស្រុក​អារញ្ញ ក៏បាន​រៃ អង្គាស​គ្នា ដោយ​ជាបឋម​នេះ បាន​ប្រមាណ ១.០០០ ដុល្លារ សម្រាប់​ជួយ​ទិញ​តុ ។​

​យោង​ទិន្នន័យ​ពី​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង​ប៉ោយប៉ែត បានអោយដឹង ថាៈ នៅ​វិទ្យាល័យ​ទួលប្រាសាទ​ភូមិ​ទួលប្រាសាទ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​នេះ កាល​ឆ្នាំ​សិក្សា ២០២០-២១ មាន​សិស្ស ៤០៨ នាក់ / ស្រី ១៧៦ នាក់ មាន​បុគ្គលិក​សិក្សា ២៤ នាក់ / ស្រី​៤​នាក់ ។ ដល់​ឆ្នាំ​សិក្សា​២០២១-២២ នេះ មាន​សិស្ស (​អនុវិទ្យាល័យ​និង​វិទ្យាល័យ​) ចំនួន ៤៣៣​នាក់ / ស្រី​២៩៧​នាក់ កើន ២៥ នាក់​។ បុគ្គលិក​សិក្សា ចំនួន ២៥​នាក់ កើន​១​នាក់ ។ ចំពោះ តុ​ដែល​ខ្វះ នៅមាន​ចំនួន​តែ ២០ តុ​ប៉ុណ្ណោះ ។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ស្ទើរ​គ្រប់​សាលា បាន​ខ្វះខាត​តុ​សិស្ស​ខ្លះ​មែន មកពី តុ​ចាស់ ទ្រុឌទ្រោម បាក់បែក ។ ប៉ុន្តែ ពេល​ថ្នាក់រៀន បើក​ដំណើរ​ការរៀន បង្រៀន ផ្ទាល់​ឡើងវិញ ការដោះស្រាយ​ទូទៅ រួមទាំង​តុ​សិស្ស តាម​សាលា​នានា ក៏បាន​ធ្វើ បន្តបន្ទាប់​ហើយ​ដែរ​៕/V​