ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ ចិន​ជា​ប្រទេស​ធំ​បំផុត​តែ​មួយ​ក្នុង​លោក​ដែល​កំពុង​ព្យាយាម​កំចាត់​ជំងឺ​កូវី​ដ​១៩​អោយអស់​ទោះជា​ការវិវត្តន៍​ប្រែ​រូបរាង​អនុញ្ញាត​អោយ​វីរុស​គេចចេញ​ពី​ការការពារ​របស់​​វ៉ាក់សាំង និង​ទម្លុះ​ចូល​ក្នុង​សហគមន៍​ទោះជា​មាន​វិធានការ​ទប់ស្កាត់​ខ្លាំងក្លា​ក្តី​។​

​ដើម្បី​ទប់ស្កាត់​ការនាំកូ​វីដ​ចូលមក​ពី​ក្រៅបន្ថែម អាជ្ញាធរ​អាកាសចរណ៍​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា​បាន​និយាយថា ខ្លួន​នឹង​ផ្អាក​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាម៉េរិក​American Airlines​ចំ​​នួន​ពីរ​ពី​ក្រុង​ដា​ឡាស មក​កាន់​ក្រុង​សៀង​ហៃ​ចាប់ពី​ថ្ងៃ​២៤​មករា​ក្រោយ​ពី​អ្នកដំណើរ​៧​នាក់​ត្រូវបាន​តេស្តិ៍​ឃើញ​វិជ្ជ​មានកូ​វីដ​១៩​ក្នុង​ជើងហោះហើរ​ថ្មីៗ​មួយ​មក​ពី​ទីក្រុង​អាម៉េរិក​មួយ​នេះ​។​

​ចិន​ក៏​ផ្អាក​ជើងហោះហើរ​Delta Air​ចំនួន​ពីរ​ពី​ក្រុង​ដេ​ត្រយម​ក​កាន់​ក្រុង​សៀង​ហៃ​ចាប់ពី​ថ្ងៃ​២៤​មករា​ដែរ បន្ទាប់​ពី​អ្នកដំណើរ​៩​នាក់​ត្រូវបាន​រកឃើញ​ថា​កើតកូ​វីដ​១៩​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ការី​អាកាសចរណ៍​ចិន​បាន​បញ្ជា​អោយ​លុបចោល​ជើងយន្តហោះ​មកពី​អាម៉េរិក​ប្រមាណ​៧០​ជើង​។​

​សូមបញ្ជាក់​ថា ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​ចិន រួម​មាន​ក្រុង​សៀង​ហៃ​និង​ប៉េកាំង កំពុង​ប្រុងប្រយ័ត្ន​ខ្លាំង​ឡើង​អំពី​កូវី​ដ​១៩ នៅ​មុន​រដូវ​ធ្វើដំណើរ​ធំ​ប្រចាំឆ្នាំ​នៅមុន​និង​ក្រោយ​បុណ្យចូលឆ្នាំ​ចិន​នៅ​​ចុង​ខែ​នេះ​និង​បន្ទាប់មក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងារ​នៅ​ក្រុង​ប៉េកាំង​នៅ​ដើម​ខែ​ក្រោយ​។​

​ទីក្រុង​ហ្សុយ​ហៃ​ភាគខាងត្បូង បាន​ផ្អាក​ជើងហោះហើរ​ទាំងអស់​ម​ក​កាន់​ទីក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃ​សុក្រ​ទី​១៤​មករា ក្រោយ​ពី​អ្នកដំណើរ​ម្នាក់​មក​ពី​ទីក្រុង​នេះ​ត្រូវបាន​រកឃើញ​ថា​ឆ្លងកូវី​ដ​។​

​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​ថ្មី​១៤៣​នាក់​ភាគច្រើន​នៅក្នុង​ខេត្ត​ហឺ​ណាន​ភាគ​កណ្តាល ដោយ​មាន​ទាំង​វីរុស​អូ​មី​ក្រុង​និង​ដែល​តា ហើយ​នៅ​ទីក្រុង​ទៀន​ជីន​កំពុង​ប្រយុទ្ធ​ទល់នឹង​ការ​​ផ្ទុះ​កូវី​ដប​ង្កឡើង​ដោយ​វីរុស​អូ​មី​ក្រុង​។​

​ទោះ​ជា​ចំនួន​ឆ្លង​នៅ​តូច​ទាប​ជាង​ប្រទេស​ផ្សេងៗ​ទៀត​ឆ្ងាយ តែ​អាជ្ញាធរ​ចិន​ចង់​កំចាត់​វា​អោយអស់​ភ្លាមៗ ដោយ​ដាក់​អ្នក​ឆ្លង​នៅ​ដាច់​ពី​គេ​យ៉ាង​លឿន រក​ប្រភព​និង​មែកធាង​ចម្លង ធ្វើតេស្តិ៍​រក​វីរុស​​ទ្រង់ទ្រាយ​ធំ និង​បិទ​ខ្ទប់​ទីក្រុង​ទាំងមូលៗ​។​

​មនុស្ស​រាប់សែន​នាក់​កំពុង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​មណ្ឌលឬ​នៅ​តាម​ផ្ទះ​នៅក្នុង​ទីក្រុង​ដែល​ផ្ទុះ​កូវី​ដ​ខ្លាំងៗ​នៅ​មួយ​សប្តាហ៍​មក​នេះ​។​ក្នុងពេល​ជាមួយគ្នា ទីក្រុង​យូ​ចូ​វ ក្នុង​ខេត្ត​ហឺ​ណាន​ចាប់ផ្តើម​សាង​​សង់​មណ្ឌល​ចត្តា​ឡី​ស័ក​៦​ពាន់​បន្ទប់​មួយ ក្រោយ​ពី​ចៅហ្វាយក្រុង​បាន​និយាយថា មណ្ឌល​មាន​ស្រាប់​ចំណុះ​ជាង​១​ពាន់​នាក់​វា​មិន​គ្រប់គ្រាន់​ទេ​។​

​ក្រុង​ចេងចូ​វ របស់​ហឺ​ណាន ក៏​កំពុង​ត្រៀម​បន្ទប់​ចត្តា​ឡី​ស័ក​៥​ពាន់​ផងដែរ​។​

​មិន​មាន​ការស្លាប់​ថ្មី​ដោយកូវី​ដ​១៩​ទេ​នៅ​ចិន ដោយ​ចំនួន​ស្លាប់​ដោយ​ជំងឺឆ្លង​រាតត្បាត​នេះ​នៅ​រក្សា​៤.៦៣៦​នាក់​ដដែល ក្នុងចំណោម​អ្នក​កើតកូ​វីដ​សរុប ១០៤.៥៨០​នាក់​នៅ​ជាង​២​ឆ្នាំ​មកនេះ​៕

​ចិន​កំពុង​ខិតខំ​កំចាត់​និង​ទប់ស្កាត់​កូវី​ដ​១៩​ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ ដោយ​មិន​អនុវត្ត​វិធី​រៀន​រស់នៅ​ជាមួយកូ​វីដ​ដូច​ប្រទេស​មួយចំនួនទេ​។​មនុស្ស​ទាំង​ក្រុងៗ​បញ្ជា​អោយ​ធ្វើតេស្តិ៍ នៅក្នុង​​ផ្ទះ​និង​ហាម​ចេញ​ក្រៅ​ក្រុង​បើ​គ្មាន​ការអនុញ្ញាត