ដោយៈមុនីរ័ត្ន/​ភ្នំពេញៈលោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បានបញ្ជាក់ថា ជាតិ និង​កងទ័ព​ត្រូវការ​គ្នា​ទៅវិញទៅមក​។ ជាតិ​ត្រូវការ​កងទ័ព​ដើម្បី​ភាពរឹងមាំ ឯ​កងទ័ព​វិញ ក៏ត្រូវ​ការ​ជាតិ​មួយ​ដែល​រឹងមាំ ដែលជា​ឱកាស​ដើម្បី​កសាង និង​អភិវឌ្ឍ​សមត្ថភាព​កងទ័ព​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ពេញលេញ អាច​ទទួល​រ៉ាប់រង​ភារកិច្ច​ដែល​កាន់តែ ស្មុ​គ្រ​ស្មាញ​ប្រែប្រួល​ទៅតាម​ការ​អភិ​វ​វ​ឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​និង​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​។​ជាពិសេស​ការវិវត្ត​ប្រែប្រួល​ដ៏​ឆាប់រហ័ស​នៃ​សភាពការណ៍​​​សន្តិសុខ​អន្តរជាតិ​។

​ការអះអាងនេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ របស់​ផ្នែក​សឹក​រង​បសេដ្ឋ​និង​សមិទ្ធផល នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២​។​

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបន្តថា កងយោធពល​ខេមរភូមិន្ទ​ផ្ទាល់​ចាំបាច់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ​អភិវឌ្ឍសមត្ថភាព និង​ប្រសិទ្ធភាព​ការងារ ដើម្បី​ធានាបាន​នូវ​ការឆ្លើយតប​ចំពោះ​រាល់​សំណូមពរ​ភារកិច្ច​នៅ​គ្រប់​កាលៈទេសៈ​។ ក្នុងពេល​ចំពោះ មុខការ​ងារ​នេះ​គឺអាច​ចាប់ផ្តើម​ពី​អង្គភាព​នីមួយៗ​ដែល​ត្រូវ​ម្ចាស់ការ​លើ​ខ្លួនឯង​រួមផ្សំ​នឹង​គំនិត​ច្នៃប្រឌិត​ខិតខំ​រិះរក​វិធី​ពិនិត្យ​ដោះស្រាយ​តាម​តម្រូវការ​ជាក់ស្តែង​ផ្អែកលើ​សក្តានុពល​ធនធាន​របស់ខ្លួន​និង​ត្រូវ​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ការងារ​ត្រឹមត្រូវ​ច្បាស់លាស់​និង​ប្រកបដោយ​គណនេយ្យភាព​។

​លោក​បានថ្លែង​​ទៀតថា នៅ​ព្រឹក​ថ្ងៃនេះ យើង​បាន​សម្ពោធ​អគារ​ធ្វើការ អគារ​ស្នាក់នៅ និង​ទីលាន​ហ្វឹកហ្វឺន​និង​ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​នានា​ជា​គំរូ សម្រាប់​ផ្នែក​សឹក​រង​ដទៃទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ ក៏ដូចជា​ការរស់នៅ​និង​ហ្វឹកហ្វឺន​រៀនសូត្រ របស់​យោធិន អាច​ត្រូវបាន​លើកកម្ពស់​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​គោរព​ថ្លែងអំណរគុណ និង​ដឹងគុណ​ជា​អនេក ចំពោះ​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់​គិតគូរ​ផ្ទាល់ និង​ជាប់​ជាប្រចាំ​ចំពោះ​សុខទុក្ខ​និង​សុខុមាលភាព​របស់ យោធិន គ្រួសារ​យោធិន ក៏ដូចជា​អតីតយុទ្ធជន គ្រួសារ​អតីតយុទ្ធជន តាមរយៈ​ការជួយឧបត្ថម្ភ​គាំទ្រ ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ​របស់​ពួកគាត់​។ ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​នៃ​កិច្ចការ​មនុស្សធម៌​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​បង្កើតឱ្យមាន​ជា​យន្តការ​ការងារ​ច្បាស់លាស់ ដើម្បីឱ្យ​ការងារ​នេះ​អាច​ត្រូវ​បានទទួល​បន្តវេន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ពីព្រោះ​សម្រាប់​សម្តេច​ទាំង​ទ្វេ “​ជា​គ្រួសារ​កងទ័ព​មួយថ្ងៃ គឺជា​គ្រួសារ​ទ័ព​មួយជីវិត​”៕ សរន