ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Lee Hsien Loong នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសឹង្ហបុរីបានឯកភាពគ្នាថាការងារបន្តទាក់ទងបញ្ហាមីយ៉ាន់ម៉ាគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានប្រជុំនិងពិនិត្យមើលការងារបន្តទៀតពិសេសការងារ របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានដែលនៅក្នុងស្ថានភាពកាលៈទេសៈនេះគឺដើម្បីជួយដល់មីយ៉ាន់ម៉ាដើម្បីដោះស្រាយ វិបត្តិ ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា៖សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីកាលពីរសៀលថ្ងៃទី១៤ ខែមករា ២០២២នេះ។ ក្នុងជំនួបនេះមានការផ្លាស់ប្ដូរមតិជុំវិញសភាព ការណ៍កូវីដ១៩ នៅកម្ពុជាក៏ដូចជានៅប្រទេសសឹង្ហបុរី ។ លោករដ្ឋមន្រ្តីប្រតិភូអមបានបន្តថាអ្វីដែលសំខាន់ជាងនេះទៀតនៅក្នុងកិច្ចពិភាក្សានេះគឺសម្ដេចតេជោនា យករដ្ឋមន្ត្រីបានជម្រាបជូនទៅនាយករដ្ឋមន្ត្រីសឹង្ហបុរីអំពីលទ្ធផលនឹងគោលបំណងនៃដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ។ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះសម្តេចបានបញ្ជាក់ថាគោលបំណងរបស់សម្ដេចនាយករដ្ឋមន្ត្រីគឺចង់ជួយដល់វិបត្តិនៅមីយ៉ាន់ម៉ាជាពិសេសធ្វើយ៉ាងណា ឲ្យមានបទឈប់បាញ់ជាបន្ទាន់និងបញ្ឈប់អំពើហិង្សាទាំងអស់និងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាដែលត្រូវការចាំបាច់នៅក្នុងកាលៈទេសៈនេះ និង មួយទៀតគឺដើម្បីជំរុញឲ្យមានការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងមីយ៉ាន់ម៉ា ដែលនេះជាការងារចាំបាច់របស់ប្រធានអាស៊ាន។

ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានមានប្រសាសន៍ថាលោកអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានជម្រាបជូនពី លទ្ធផលនៃដំណើរទស្សនកិច្ចនៅទីក្រុងណៃពីដោ,ហើយលោកពិតជាអរគុណផងដែរចំពោះគោលបំណងរបស់ប្រទេសកម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយ វិបត្តិនៅមីយ៉ាន់ម៉ានេះ។លោកបានគូសបញ្ជាក់ថាលោកគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាដែលពេលនេះកម្ពុជាជាប្រធានអាស៊ាននាពេលនេះរួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។

ពាក់ព័ន្ធដំណើរការបន្តទៀតតើត្រូវធ្វើយ៉ាងណានោះលោក Lee Hsien Loong បានឯកភាពជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាការងារបន្តគឺទុកឲ្យ រដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតពិសេសការងាររបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានដែលនៅក្នុងស្ថានភាពកាលៈទេសៈនេះគឺដើម្បីជួយដល់មីយ៉ាន់ម៉ាដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ៕