ដោយៈ បូកគោ / កំ​ពតៈ អភិបាល​ខេត្តកំពត បាន​បញ្ជា​ដល់​ជំនាញ​ជលផល ដែលជា​មន្ត្រីនគរបាល​យុត្តិធម៌ ឱ្យ​កំណត់​មុខសញ្ញា កាប់បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ពេញ​មួយ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្តកំពត បាន​បើក​វេទិកា​សម្រប សម្រួល​បញ្ហា​វិវាទ ដែល​បាន​កើតឡើង និង​កំពុង​បន្ត​អរិភាព រវាង​គូទំនាស់​នីមួយៗ​។​

​ក្នុងចំណោម​របៀបវារៈ ចំនួន ប្រាំពីរ ដែល​ត្រូវ​ដោះស្រាយ មាន​ជម្លោះ​មួយ បាន​អូស បន្លាយ ជា​យូរ​មកហើយ គឺ​ករណី​ដណ្តើម​កាន់កាប់​ដី ចំណី​ព្រែក ដែលជា​សម្បត្តិ សាធារណៈ​របស់​រដ្ឋ នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។ ព្រោះតែ​ការ ដណ្តើម​ទីតាំង បំណង​យក​កាន់កាប់ ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន ភាគី​ម្ខាង បាន​ឈាន ដល់​ការកាប់បំផ្លាញ​ដើម​ចាក ដែលជា​ប្រភេទ​ព្រៃ​លិច​ទឹក អស់យ៉ាង​ច្រើន គួរឱ្យ​សោកស្តាយ​។​

​ក្នុង​អង្គ​វេទិកា លោក ង៉ែត គា​ម រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត បាន​រៀបរាប់ថាៈ ដើមឡើយ គ្រួសារ​លោក រស់នៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ដោយនៅ​ទីនោះ លោក​មាន​ដីស្រែ​មួយ ដែល​ទទួលបាន ប័ណ្ណកម្មសិទ្ធិ នៅ​ឆ្នាំ​២០១៧ និង​មាន​ចម្ការ​ចាក ទំហំ​មួយ​ម៉ឺន​ម៉ែត្រក្រឡា​។ ព្រៃ​ចាក​នោះ លោក​មាន​លិខិត​កាន់កាប់ ដែល​អាជ្ញាធរ បានទទួល​ស្គាល់ តាំងពី​ក្រោយ​ឆ្នាំ ១៩៧៩​។​

​លោក ង៉ែត គា​ម បាន​បន្តថាៈ លុះ​ឆ្នាំ​២០២១ ស្រាប់តែ​ឈ្មោះ គឹម មួយ មក​បោះ របង​ព័ទ្ធ​យក​ព្រៃ​ចាក ទើប​កើតជា​ជម្លោះ​ឡើង​។ ជាមួយ​ករណីនេះ អាជ្ញាធរ បាន​ហៅ​ទៅ​សម្របសម្រួល តែ​លោក​មិន​ព្រម​ដាច់ខាត​។​

​ស្ត្រី​ឈ្មោះ គឹម មួយ បាន​រៀបរាប់ថាៈ គាត់​បាន​ទិញ​ដីព្រៃ​ចាក ពី​ឈ្មោះ អ៊ុង សុ​ប តាំងពី​ឆ្នាំ​២០០៧ ដែលមាន​បណ្តោយ ៧២ ម៉ែត្រ និង​ទទឹង​ម្ខាង ៤០ ម៉ែត្រ ម្ខាង ៣០ ម៉ែត្រ​។ ស្រាប់តែ​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២១ ភាគី​លោក ង៉ែត គា​ម បាន កាប់បំផ្លាញ​ដើម​ចាក ដែល​គាត់​បាន​ទិញ ស្ទើរតែ​អស់​តែម្តង​។​

​ករណីនេះ លោក​គង់ បូរ មេភូមិ​អូរ​តូច និង​លោក​យ៉យ ស៊ី​ថង ចៅសង្កាត់​អណ្តូង​ខ្មែរ បាន​អះអាងថាៈ មុននឹង​ផ្ទេរ​ព្រៃ​ចាក​នោះ​ឱ្យ​អ្នកស្រី គឹម មួយ គឺ​លោក អ៊ុង សុ​ប បាន​កាន់កាប់​អាស្រ័យ​ផល តាំងពី​អំឡុង​ឆ្នាំ​១៩៨០ មកម្ល៉េះ​។​

​ជុំវិញ​ករណី​ខាងលើ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ ព្រៃ​ចាក​ជា​ដី​ចំណី​ព្រែក ដែល​មិនអាច​បុគ្គល​ណា​ម្នាក់ យកទៅ​កាន់កាប់​បានឡើយ ពោលគឺ បាន​ត្រឹម​អាស្រ័យ​ផល​។ ដើម្បី​យុត្តិធម៌ អាជ្ញាធរ ត្រូវ​ចុះ​ធ្វើ​សាវតា​ថា តើ​ឈ្មោះ អ៊ុង សុ​ប ដែល​បាន​ផ្ទេរ​ឱ្យឈ្មោះ គឹម មួយ ឬ​ឈ្មោះ ង៉ែត គា​ម ជា​អ្នកទទួល​អាស្រ័យ​ផល ពិតប្រាកដ លើ​ព្រៃ​ចាក​នោះ​។

ដោយឡែក មន្ត្រីជលផល ត្រូវ​ចុះទៅ​កាន់​គោលដៅ​វិវាទ និង​ពិនិត្យមើល បើ​មាន​ករណី​កាប់បំផ្លាញ ព្រៃ​លិច​ទឹក​មែន ត្រូវ​ចងក្រង ហើយ​កំណត់​មុខសញ្ញា អ្នកប្រព្រឹត្ត​ដើម្បី​មាន​ចំណាត់ការ​តាម​។ ករណី​រឹងរូស​បញ្ជូនទៅ​តុលាការ​តែម្តង​៕/V​