ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ ជាមួយ​អាជ្ញាធរ សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ នៅ​ខេត្តបន្ទាយមានជ័យ លោក ប្រាំង ជលសា អគ្គនាយករង អគ្គិសនី​កម្ពុជា ស្នើសុំ​អភិបាលខេត្ត ក្នុងភូមិ​សាស្ត្រ (​បន្ទាយមានជ័យ បាត់ដំបង​) មេត្តាជួយ​សម្រួល និង​ចាត់ចែង តាម​សំណើ នូវ​អ្វី​ដែលជា​ការត្រៀម​ដោះស្រាយ ផលប៉ះពាល់ គម្រោង​ខ្សែ​បញ្ជូន អគ្គិសនី តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល អនុ​ស្ថានីយ​អគ្គិសនី បាត់ដំបង ទៅ​ព្រំប្រទល់​ដែន កម្ពុជា​-​ថៃ ។​

​លោក ប្រាំង ជលសា បាន​មានប្រសាសន៍ថាៈ គម្រោង​នេះ មាន​សារៈសំខាន់ ណាស់ ដើម្បី​បង្កើន​លទ្ធភាព នាំ​ថាមពល ដែលមាន​តម្លៃ​សមរម្យ មក​ផ្គត់ផ្គង់​បន្ថែម បំពេញតម្រូវការ ទូទាំង ប្រទេស​។ ដូចនេះ ដើម្បី​ចាប់ផ្ដើម​ការងារ​កសាង ដំណើរការ ព្រមទាំង​បញ្ចប់ ដោយ​ជោគជ័យ តាម​កម្មវិធី​កំណត់ អគ្គិសនី​កម្ពុជា ស្នើសុំ​អភិបាល ខេត្ត ក្នុងភូមិ​សាស្ត្រ (​បន្ទាយមានជ័យ បាត់ដំបង​) មេត្តាជួយ​សម្រួល និង​ចាត់ចែង តាម​សំណើ ដូចខាងក្រោម :

១. បង្កើត​គណៈកម្មការ​ដោះស្រាយ ផលប៉ះពាល់ សំណង់ ផ្ទះ​សំដែង ដីធ្លី និង​ដើមឈើ​ហូប​ផ្លែ ជាដើម ។ ក្រុមការងារ​គ្រប់គ្រង​បរិស្ថាន​សង្គម និង​គណៈកម្មការ បណ្ដឹង​សារទុក្ខ ខេត្តបន្ទាយមានជ័យ ឲ្យ​បាន​មុន​កិច្ចប្រជុំ ចាប់ផ្ដើម ។​

២. រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ លើ​ផលប៉ះពាល់ ដោយសារ គម្រោង​ខ្សែ​បញ្ជូន អគ្គិសនី​តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល ពី​អនុ​ស្ថានីយ​អគ្គិសនី បាត់ដំបង ទៅ​ព្រំដែន​កម្ពុជា​-​ថៃ មុន​ចុះ​ដោះស្រាយ ផលប៉ះពាល់ និង​ទូទាត់​សំណង ជូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់ ដែល​បាន​គ្រោងទុក​។​

៣. ស្នើសុំ​គាំទ្រ​លើ​គម្រោង ខ្សែ​បញ្ជូន​អគ្គិសនី តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល ពី​អនុ​ស្ថានីយ​អគ្គិសនី បាត់ដំបង ទៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ​។​

​លោក​បានបញ្ជាក់​ឲ្យ​ដឹងថាៈ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់ឱ្យ​អគ្គិសនី​កម្ពុជា សាងសង់​គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល ពី​អនុ​ស្ថានីយ អគ្គិសនី បាត់ដំបង ទៅ​ព្រំប្រទល់ កម្ពុជា​-​ថៃ​។​

​សូមបញ្ជាក់ថា គម្រោង​ខ្សែ​បញ្ជូន​អគ្គិសនី​នេះ មាន​ប្រវែង សរុប​ប្រមាណ ១០៧ គីឡូម៉ែត្រ ស្មើនឹង ២៥៧ បង្គោល ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ ក្រុង​បាត់ដំបង ស្រុក​សង្កែ ស្រុក​បាណន់ ស្រុក​ថ្មគោល ស្រុក​ប​វេ​ល ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែល​នឹង​ចាប់ផ្ដើម​ដំណើរការ សាងសង់ នៅពេល​ឆាប់ៗ ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​តប​ទៅ​ប្រតិភូ អគ្គិសនី​កម្ពុជា ថាៈ លោក នឹង​យក​រឿងនេះ ទៅ​ជំរាបជូន​សុំ​មតិ​ណែនាំ​ពី​លោក អភិបាលខេត្ត ដើម្បី​ឲ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះ​ដោះស្រាយ​ផលប៉ះពាល់ អគ្គិសនី កម្ពុជា ក្នុងនោះ ឲ្យ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី មាន​ភូមិ ឃុំ សង្កាត់ ស្រុក ចុះ​ស្រង់​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់ ដីធ្លី ផ្ទះ​សម្ដែង សំណង់​ផ្សេងៗ និង ដើមឈើ ដែល​ខ្សែ​បញ្ជូន​អគ្គិសនី តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល ឆ្លងកាត់​តាម ភូមិសាស្ត្រ ដូច​បាន​ជម្រាប ជូន​ខាងលើ ដើម្បី​ជា​មូលដ្ឋាន ក្នុងការ​កំណត់​លើ ផលប៉ះពាល់​ជាមុន ដោយ​ក្រុមការងារ​អគ្គិសនី​កម្ពុជា គ្រោង​ចាប់​ផ្ដើមធ្វើ នៅ​ដើម​សប្តាហ៍​ទី​១ ខែមករា ឆ្នាំ ២០២២ នេះ​តទៅ ៕/V​