ប្រែសម្រួលៈវាសនា/មែលប៊ន៖ជើងឯកតេន្នីសសញ្ជាតិស៊ែប លោក ណូវ៉ាក់ ឌីចូកូវិក ប្រឈមការនិរទេសខ្លួនជាថ្មីបន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃសុក្រនេះដកទិដ្ឋាការបស់លោកជាលើកទី២ ក្នុងរបត់ថ្មីមួយនៃដំណើររឿងស្តីពីថាតើកីឡាករតេន្នីសលំដាប់ពិភពលោករូបនេះនឹងត្រូវអនុញ្ញាតអោយចូលអូស្ត្រាលីដើម្បីប្រកួតដណ្តើមពានរង្វាន់Australian Openដែរឬទេ ទោះជាលោកមិនបានចាក់វ៉ាក់សាំងកូវីដ១៩។
រដ្ឋមន្ត្រីអន្តោប្រវេសន៍លោកអាឡិច ហកគី បាននិយាយកាលពីថ្ងៃ១៤មករាថា លោកបានប្រើជំរើសរបស់លោកដើម្បីលុបចោលទិដ្ឋាការបស់បុរសស៊ែបវ័យ៣៤ឆ្នាំរូបនេះដោយឈរលើហេតុផលផលប្រយោធន៍សាធារណៈ គឺនៅពេលតែ៣ថ្ងៃមុនការប្រកួតAustralian Openនឹងចាប់ផ្តើម ។
គេរំពឹងថាមេធាវីរបស់ ឌីចូកូវិក នឹងប្តឹងឧទ្ធរណ៍ទៅតុលាការសហព័ន្ធ កន្លែងដែលពួកគេបានទទួលជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីទិដ្ឋាការបស់លោកត្រូវលុបចោលលើកដំបូងក្រោយទៅដល់អាកាសយានដ្ឋានក្រុងមែលប៊ន។
ការនិរទេសចេញពីអូស្ត្រាលី នឹងនាំដល់បំរាមចូលប្រទេសនេះ៣ឆ្នាំ ដែលវានឹងធ្វើអោយឌីចូកូវិក មានអាយុ៣៧ឆ្នាំបើសិនជាគាត់វិលមកប្រកួតAustralian Openលើក្រោយ។
លោកហកគី បាននិយាយថា ការលុបចោលទិដ្ឋាការនេះឈរលើ«ហេតុផលសុខភាពនិងសណ្តាប់ធ្នាប់ល្អ ឈរលើមូលដ្ឋានដែលគិតដល់ផលប្រយោជន៍សាធារណៈ»។
សេចក្តីថ្លែងការណ៍របស់លោកបានបន្ថែមថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន «ប្តេជ្ញាចិត្តយ៉ាងរឹងមាំដើម្បីការពារព្រំដែនអូស្ត្រាលី ជាពិសេសពាក់ព័ន្ធនឹងកូវីដ១៩»។
ចំណែកលោកម៉ូរីសុន ស្វាគមន៍ការបណ្តេញ ណូវ៉ាក់ ឌីចូកូវិកចេញពីអូស្ត្រាលី ដោយថា អូស្ត្រាលី សំរេចបានការកំហិតអោយចំនួនស្លាប់ដោយកូវីដនៅទាបបំផុត សេដ្ឋកិច្ចរឹងមាំនិងអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅក្នុងលោក។
សូមបញ្ជាក់ថា ឌីចូកូវិក ចំណាយពេល៤យប់នៅបន្ទប់សណ្ឋាគារឃុំខ្លួនរបស់ផ្នែកអន្តោប្រវេសន៍ មុនចៅក្រមលុបចោលការសំរេចចិត្តនេះកាលពីថ្ងៃចន្ទ ដោយអនុញ្ញាតអោយលោកធ្វើដំណើរដោយសេរីនៅអូស្ត្រាលីនិងហាត់សមនៅសួនមួយក្នុងទីក្រុងមែលប៊ន៕
ចាប់តាំងពីចេញពីកន្លែងឃុំឃាំងអន្តោប្រវេសន៍មក ឌីចូកូវិក ហាត់រាល់ថ្ងៃនិងថតរូបដាក់ក្នុងបណ្តាញសង្គម តែឥឡូវប្រឈមការបណ្តេញចេញ