ដោយៈ​សម្បត្តិ​/​ព្រះសីហនុៈ ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​បរិស្ថាន​កម្ពុជា (CEMIS) ” គឺ​ពិតជា​យន្តការ​មួយ​ដ៏​សំខាន់ ក្នុងការ​ប្រមូល​ចងក្រង និង​បង្កើតឱ្យមាន​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ទំនើប មាន​ប្រសិទ្ធភាព និង​តម្លាភាព​លើ​ការបែងចែក និង​វិភាគ​អោយបាន​ទាន់ពេលវេលា​លើ​វិស័យ​បរិស្ថាន​។ នេះ​ជាការ​លើកឡើង​របស់លោក សៅ សុភាព រដ្ឋលេខា ធិ​ការ​ក្រសួងបរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​អនុវត្តន៍​គម្រោង​និរន្តរភាព​តំបន់​ទេសភាព​និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ស្ដីពី​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​បរិស្ថាន​កម្ពុជា (CEMIS)/ ប្រព័ន្ធ​ព័ត៌មាន​និង​ការគាំទ្រ​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត (ISDS) ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​សហការ នា​ព្រឹក​ថ្ងៃ​សុក្រ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។​

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន

​លោក​រដ្ឋលេខាធិការ បាន​បន្ថែមថា ការគ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​វិស័យ​បរិស្ថាន មាន​សារៈសំខាន់​ណាស់​ក្នុងការ​គ្រប់គ្រង​ឯកសារ របាយការណ៍​ផ្សេងៗ និង​សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​ដល់​សាធារណៈជន និង​សកលលោក​ពី​សកម្មភាព និង​ភាព​រីកចម្រើន​ក្នុង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះ​ក្រសួងបរិស្ថាន បាននិងកំពុង​អនុវត្តន៍​ផែនការ​សកម្មភាព​នានា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប ដោយ​ចីរភាព​នៃ​កម្មវិធី​អភិវឌ្ឍ សហប្រជាជាតិ ហើយ​ការគ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​លើ​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ គឺជា​អាទិភាព​ចំបង​មួយ​។​

​លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​បង្ហាញថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា (CSLEP) គាំទ្រ​ដោយ​រាជរដ្ឋាភិបាល និង​ធនាគារពិភពលោក កំពុង​អនុវត្តន៍​ដើម្បី​កែលម្អ​ការគ្រប់គ្រង​តំបន់​ការពារ និង​លើកកម្ពស់​កាលានុវត្តភាព​ទេសចរណ៍ធម្មជាតិ ក្នុងនោះ​តាម រយៈ​គម្រោង CSLEP កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) បាន​ជួយ​គាំទ្រ​បច្ចេកទេស​ដល់​នាយកដ្ឋាន​សេវាកម្ម​ព័ត៌មាន​ភូមិសាស្ត្រ នៃ​ក្រសួងបរិស្ថាន ដើម្បី​កសាង​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​បរិស្ថាន​កម្ពុជា​(CEMIS)/​ប្រព័ន្ធ​ព័ត៌មាន និង​ការគាំទ្រ​ដល់​ការសម្រេចចិត្ត​។​

រូបថតៈលោក ជួប ប៉ារីស៍

​នៅពេលនេះ ក្រសួងបរិស្ថាន​បានរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ស្តីពី​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​បរិស្ថាន​(CEMIS) និង​ផ្តល់ឱកាស​ដល់​អ្នកចូលរួម ធ្វើ​បទ​បង្ហាញ ពិភាក្សាគ្នា និង​ការចែករំលែក​បទពិសោធ​ន៍​លើ​ការប្រើប្រាស់​ទិន្នន័យ​បច្ចុប្បន្ន​នៃ​របាយការណ៍​អំពី​តំបន់ការពារធម្មជាតិ ក៏ដូចជា​បច្ចេកទេស​ទំ​នើ​ប ដើម្បី​បង្កើត​ទិន្នន័យ​ព័ត៌មាន​ភូមិសាស្ត្រ និង​គាំទ្រ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ត្រឹមត្រូវ​លើ​ការគ្រប់គ្រង​បរិស្ថាន​។​

​ជាមួយគ្នា​នោះ លោកស្រី Alissa Chaker តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា បាន​លើ​ឡើង​ថា ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​បរិស្ថាន​(CEMIS) នេះ គឺជា​រឿង​ដ៏​ចាំបាច់​ដែល​អាច​កំណត់​បាន​នូវ​ធនធានធម្មជាតិ តំបន់ការពារធម្មជាតិ ការប្រែប្រួល​អាកាសធាតុ និង​ប្រព័ន្ធ​ជីវៈចម្រុះ​។ ប្រព័ន្ធ​ព័ត៌មាន​នេះ ក៏​អាច​ធានាបាន​នូវ​ភាពប្រាកដប្រជា​សម្រាប់​ការរៀបចំ​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ​។ លោកស្រី Alissa Chaker បាន​បន្ថែមថា ទិន្នន័យ​ដែលមាន​នៅក្នុង​ប្រព័ន្ធ CEMIS ជា​មូលដ្ឋាន​សំខាន់​គាំទ្រ​ដល់​អ្នកដឹកនាំ​មានការ​សម្រេចចិត្ត និង​ធ្វើ​ផែនការ​ឲ្យ​មាន​ភាព​សុ​ក្រិត​និង​ច្បាស់លាស់​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ការរៀបចំ​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​បរិស្ថាន​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ដំណើរការ​នៃ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ និង​ប្លង់​ប្រើប្រាស់​ដីធ្លី​ឆ្នាំ​២០៣០​។ ជាងនេះទៅទៀត វា​នឹង​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព និង ឆ្លាត​វៃ​៕ សរន​