ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៤​ខែមករា​នេះ លោក មុត ចន្ថា ដែលជា​មនុស្ស​ស្និទ្ធ​នឹង​លោក កឹម សុខា បាន​សរសេរ​ចំអក​ឱ្យ​ទណ្ឌិត​សម រង្ស៊ី យ៉ាង​ចាស់ដៃ​។​

​លោក​សរសេរថា គួរឱ្យ​ហួសចិត្ត និង​អស់សំណើច​បំផុត​ដែល​លោក សម រ​ង្ស៉ី ចេញមុខ​ជាថ្មី​ដោយ​តាំងខ្លួន​ឯង​ជា «​គង់​ហ៊ាន​» ខណៈដែល​សារធាតុ​និង​ចរិត​ធម្មជាតិ​របស់ខ្លួន​ជា​មនុស្ស​កំសាកញី ជាមាន់​ត្រចៀកស ជា​ទន្សាយ​ព្រៃ ជា​សត្វ​ឈ្លូស ដែល​ចេះ​ត្រឹម​ផ្អើល​រត់គេច​ពី​ការទទួលខុសត្រូវ ទោះបី​គ្រាន់តែ​គេ​គោះ​ប៉ោត​។​
​លោក សម រ​ង្ស៉ី ចេញមុខ​ប្រកាស​ចង់​ចូលខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស ឯកឧត្តម កឹម សុខា​។ ប្រសិនជា​ប្រជាពលរដ្ឋ​ខ្មែរ​មិនបាន​ដឹង​ពី​សារធាតុ​និង​ចរិត​កំសាក​ពី​ធម្មជាតិ​របស់គាត់​ទេ ម្លេះ​គេ​អាច​យល់ច្រឡំ​ថា​គាត់​ជាម​នុស្ស​ក្លាហាន តែ​តាមពិត​គាត់​គ្រាន់តែ​ជា​មនុស្ស​ក្លាន​ហាន​អណ្តើក​ក្នុង​ស្នូក ដែល​មិនដែល​ហ៊ាន​ប្រថុយ ឬ​ផ្សងគ្រោះថ្នាក់ ម្តងណា​ឡើយ​។​

​លោក​បន្តថា តាមពិត លោក សម រ​ង្ស៉ី ត្រូវបាន​តុលាការ​កាត់ទោស​ជាច្រើន​បទឧក្រិដ្ឋ​ដែល​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ជាង ៤០​ឆ្នាំ ក្នុង​រយៈពេល ៤​ឆ្នាំ​មកនេះ ប៉ុន្តែ​គាត់​មិន​ដែលមាន​ភាពក្លាហាន​សុំចូល​ខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ដោយផ្ទាល់​ម្តងណា​ឡើយ​។ ចំណែក​ការកាត់ទោស​កាលពី​អតីតកាល ក៏​គាត់​មិនមាន​ភាពក្លាហាន​បង្ហាញ​វត្ត​នៅក្នុង​តុលាការ​ដូចគ្នា​។ ផ្ទុយទៅវិញ គាត់​គិតតែ​ពី​រត់គេចខ្លួន​ទៅសម្ងំ​យកសុខ​យក​ស្រួល ក្រោមលេស​ចោទថា​តុលាការ​ទេ​ឡេ​។
​ម្យ៉ាងវិញទៀត សំណុំរឿង​ព្រហ្មទណ្ឌ​ត្រូវបាន​បំបែក​ចេញពី​សំណុំរឿង​ក្តី​របស់ ឯកឧត្តម កឹម សុខា សម្រាប់​លោក សម រ​ង្ស៉ី និង​គូកន​របស់គាត់ ដែល​តុលាការ​ក៏បាន​កោះហៅ​គាត់​និង​គូកន​ឱ្យចូល​ខ្លួន​មកកាន់​តុលាការ ដើម្បី​ទទួល​ការកាត់ទោស ប៉ុន្តែ​ពួកគាត់​មិនដែល​ហ៊ាន​បង្ហាញមុខ​ម្តងណា​ឡើយ បែរជា​ធ្វើ​ពុត​ចង់​ចូលខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស​នៅពេលនេះ​។ កុំ​ធ្វើជា​អ្នកក្លាហាន​ដូច​អណ្តើក​ក្នុង​ស្នូក​! បោកៗ​ៗ​ៗ​!​។​

​លោក ចន្ថា បន្ថែមថា លោក សម រ​ង្ស៉ី កំពុង​ព្យាយាម​ដោយ​ចេតនា​ទុច្ចរិត ដើម្បី​ទាញ​ភ្ជាប់ ឯកឧត្តម កឹម សុខា ជាមួយ​អំពើ​ល្មើសច្បាប់​ថ្មីៗ​ជាច្រើន​របស់គាត់ ខណៈដែល ឯកឧត្តម កឹម សុខា មិនដែល​ចូលរួម ឬ​មិនដែល​គាំទ្រ និង​ថែមទាំង​ថ្កោលទោស​យ៉ាង​ដាច់ខាត​ទៀត​នោះ​។ លោក សម រ​ង្ស៉ី បាន​បង្កើត​ពាក្យស្លោក​ដោយ​អត្តនោម័តិ គឺ «​សម រ​ង្ស៉ី – កឹម សុខា ជា​មនុស្ស​តែមួយ​» ដើម្បី​បន្លំ​និង​បំភ័ន្ត​មតិសាធារណ​ជាតិ និង​អន្តរជាតិ ក្នុង​គោលបំណង​បម្រើឱ្យ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​។ ឯកឧត្តម កឹម សុខា បាន​សុំឱ្យ​ក្រុម​មេធាវី​របស់គាត់​ប្រកាស​បដិសេធ​ជាច្រើនលើក​ចំពោះ​ពាក្យស្លោក​នេះ និង​បានទាមទារ​ឱ្យ​លោក សម រ​ង្ស៉ី បញ្ឈប់​យកឈ្មោះ ឯកឧត្តម កឹម សុខា ទៅប្រើ​ប្រាស់​តទៅទៀត ប៉ុន្តែ​លោក សម រ​ង្ស៉ី នៅតែ​មានះ​ក្នុង​ចេតនា​ទុច្ចរិត​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ឯកឧត្តម កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​ដោយផ្ទាល់ ប្រាប់​ទៅ​លោក សម រ​ង្ស៉ី និង​គូ​នក​ន ឱ្យ​បញ្ឈប់​យកឈ្មោះ​និង​រូបថត​របស់គាត់​ទៅប្រើ​ប្រាស់ ដើម្បី​បម្រើឱ្យ​មហិច្ឆតា​នយោបាយ និង​អំពើ​ខុសច្បាប់​របស់​ពួកគេ តទៅទៀត​។
​ជាគោលការណ៍​នីត្យានុកូលភាព ទង្វើ​ខុសច្បាប់​របស់​អ្នកណា​ទោះ​ស្ថិតក្នុង​ដំណាក់កាល​ចោទប្រកាន់ អ្នកនោះ​ត្រូវ​ប្រឈម ដោយ​មិនអាច​ប្តូរ​មនុស្ស​ផ្សេង​ឱ្យមក​ទទួល​ជំនួស​បាន​នោះទេ​។ ដូច្នេះ​អ្វីដែល​លោក សម រ​ង្ស៉ី ប្រកាស​ចូលខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស គឺជា​អំពើ​ល្ងង់ខ្លៅ​ខាង​ចំណេះដឹង​ច្បាប់ ឬ​គាត់​ធ្វើ​ពុត​ចង់បង្ហាញ​ភក្តីភាព​ក្លែងក្លាយ​ចំពោះ ឯកឧត្តម កឹម សុខា ដើម្បី​បិទបាំង​ភាព​កំសាក​របស់គាត់ ដែល​រត់ចោល​ជាតិ និង​អ្នកគាំទ្រ​ទៅ​រស់​សម្ងំ​យកសុខ​យក​ស្រួល​នៅក្រៅ​ប្រទេស ហើយ​និង​ដើម្បី​បោក​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុណ្ណោះ​។​

​លោក មុត ចន្ថា បានបញ្ចប់​សំណេ​រេ​ដោយ​បញ្ជាក់ថា ប្រសិនជា​លោក សម រ​ង្ស៉ី ក្លាហាន​ប្រាកដ​មែន គួរ​ដើរចូល​ពន្ធនាគារ ដើម្បី​បំពេញ​ទោស​ជាង ៤០​ឆ្នាំ​ដែល​តុលាការ​បាន​កាត់​រួចហើយនោះ និង​ប្រឈម​នឹង​ការកាត់ទោស​ចំពោះ​សំណុំរឿង​ឧក្រិដ្ឋ​ផ្សេងទៀត ដោយ​មិនចាំបាច់​ធ្វើ​ពុត​ជា​ក្លាហាន​ក្លែងក្លាយ​ចូលខ្លួន​ឱ្យ​តុលាការ​កាត់ទោស​ជំនួស ឯកឧត្តម កឹម សុខា ឡើយ​៕​