ដោយៈចាន់តូ/ភ្នំពេញ: ផ្ទះឈើលើក្រោមថ្មចំនួនបួនខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេច នៅវេលាម៉ោង​ ១១:២០យប់ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ ស្ថិតនៅចំណុចផ្ទះលេខ៧២​ ភូមិ២១​ ក្រុម២៥៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

យោងតាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ផ្ទះមានឈ្មោះ លៀង​ ទិនធី​ ភេទប្រុស អាយុ​ ៣២ឆ្នាំ​ មុខរបរជាងសំណង់។ មូលហេតុ ដោយសារបុរសនេះ មានជម្លោះក្នុងគ្រួសារ ហើយបានចាក់សាំងដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆាបឆេះ ផ្ទះឈេីលេីថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ខូចខាតចំនួន​បួនខ្នង និងសម្ភារៈអស់ទាំងស្រុង។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបាន ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន​២១គ្រឿង ប្រើប្រាស់ទឹក​អស់​ ២១ឡាន​ ស្មេីនឹង ៨៤ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ OCIC ចំនួន​ ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីនឹង ៦ម៉ែត្រគូប​។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបា​នគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង​១២និង២០នាទីយប់រំលង​អាធ្រាត្រ​ នៅខែឆ្នាំដដែល៕