ដោយៈ health.com.kh 

ទោះបីជាឧស្សាហ៍ទទួលទានញឹកញាប់ប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ស៊ុតអាចប្រើដោះស្រាយបញ្ហាសម្រស់បាន។

១. រូបមន្តសម្រាប់កម្ចាត់កោសិកាស្បែកងាប់ៗជួយឱ្យស្បែកទន់រលោង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយយ៉ាអួរ ១ស្លាបព្រាបាយពេញ រួចបន្ថែមស្ករស ឬស្ករអំពៅចូលបន្តិច។ កូរឱ្យសព្វ សឹមលាបលើស្បែកមុខ និងក។ ម៉ាស្សាសម្រាប់រយៈពេល ១០នាទី ដោយប្រើចលនាបែបរង្វង់ថ្នមៗ។ រងចាំសម្រាប់រយៈពេល ១០នាទីបន្ថែមទៀត សឹមលាងសម្អាតចេញ។

២. រូបមន្តសម្រាប់លើកត្របកភ្នែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជាដំបូងត្រូវលាងសម្អាតមុខ និងត្របកភ្នែកឱ្យស្អាតជាមុនសិន សឹមជូតឱ្យស្ងួត។ គោះស៊ុត ១គ្រាប់យកតែផ្នែកពណ៌ស មកកូរវឹកឱ្យសព្វ បន្ទាប់មកសឹមប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់ក្នុងស៊ុត លើផ្នត់នៃភ្នែក។ រងចាំរហូតដល់ស្ងួត សឹមប្រើប្រាស់កន្សែង ឬក្រណាត់ស្អាតសើមក្ដៅឧណ្ហៗ ជូតសម្អាតចេញ។ អ្នកអាចអនុវត្តសារឡើងវិញបានច្រើនដង។

៣. រូបមន្តជួយឱ្យស្បែកភ្លឺថ្លាជាងមុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រា និងបន្ថែមទឹកឃ្មុំចូលបន្តិច។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ និងក។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។

៤. រូបមន្តសម្រាប់កម្ចាត់អង្គែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយផ្នែកពណ៌លឿងនៃស៊ុតពី ១ ទៅ ២គ្រាប់ ជាមួយបឺរទុំម្ខាងឱ្យសព្វចូលគ្នា ឬអាចបន្ថែមបរិមាណស្របតាមទំហំសក់។ លាបល្បាយលើសក់ និងរងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ កក់សម្អាតសក់ចេញជាមួយសាប៊ូតាមក្រោយផង។

៥. បន្តឹងស្បែកមុខ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុត ១គ្រាប់ជាមួយម្សៅស្រូវសាលីឆៅ ២ស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកសឹមលាបល្បាយលើស្បែកមុខ និងក រួចរងចាំសម្រាប់រយៈពេលប្រហែល ២០នាទី មុនលាងសម្អាតចេញ៕