​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ នៅ​ចុង​សប្តាហ៍​នេះ​មាន​ការប្រកួត​បាល់ទាត់​ជាច្រើន​គូ​នៅក្នុង​លី​ក​កំពូល​ទាំង​ប្រាំ​នៅ​ទ្វីបអឺរ៉ុប​។​ដោយឡែក​នៅ​លី​ក​កំពូល​អង់គ្លេស​មានការ​ប្រកួត​គូ​​ធំ​ប្រចាំ​សប្តាហ៍​រវាង​ក្រុម​កំពូល​តារាង Man City និង ក្រុម​លេខ​២ Chelsea ជា​ជំនួប​មួយ​ដែល​ក្រុម​ភ្ញៀវ​ត្រូវ​ឈ្នះ​ដាច់ខាត​ដើម្បី​បន្ថយ​គម្លាត​ពិន្ទុ​ដ៏​ឆ្ងាយ​រវាង​ក្រុម​ទាំង​ពីរ​។

​សម្រាប់​ចុង​សប្តាហ៍​នេះ​យើង​នឹង​លើកយក​២​គូ​នៅ​អង់គ្លេស​មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– Manchester City vs Chelsea

​ការប្រកួត​នេះ​អាច​ជា​ការសម្រេច​លើ​អនាគត​ក្រុម​លើ​កពាន EPL នៅ​រដូវ​កាល​នេះ​។ ក្រុម​ការពារ​ជើងឯក Manchester City នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ជើងឯក​អឺរ៉ុប Chelsea នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ ហេតុ​ដូច្នេះ​បើ Man City ឈ្នះ នោះ​ច្បាស់​ជា​លើក​ពាន ១០០ ភាគរយ​ហើយ ព្រោះ​គ្មាន​ក្រុម​ណា​ផ្សេង​ក្រៅពី​តោ​ខៀវ​អាច​បង្ក្រាប​ពួកគេ​បាន​នោះឡើយ​។​

​ដូច​រំពឹងទុក​តាំងពី​ដើម​រដូវ​កាល ក្រុម​ទាំង​ពីរ​នេះ​សព្វ​ថ្ងៃ​ឈរ​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំងពីរ ហើយ​មាន​ពិន្ទុ​ដាច់​ឆ្ងាយ​ពី​ក្រុម​ផ្សេង​ទៀត​នៅក្នុង​លី​ក​។ មាន​តែ​ក្រុម Liverpool ទេ​ដែល​មាន​ពិន្ទុ​ប្រកៀក​ប្រកិត​នឹង​ក្រុម​ទាំង​ពីរ​។​

​លើសពីនេះទៅទៀត នេះ​ក៏​អាច​ក្លាយ​ជា​ការប្រកួត​សងសឹក​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League រដូវ​កាល​មុន​ផងដែរ ដែល​កូនក្រុម​របស់​លោក​ថូ​ម៉ាស ថូ​ខល់​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ១-០ ដើម្បី​បំផ្លាញ​ក្តី​សុបិន​លើ​កពាន​អឺរ៉ុប​ជា​លើកដំបូង​សម្រាប់​មេឃ​ខៀវ City​។​

​ចាប់តាំងពី​ពេលនោះ​មក​កូនក្រុម​របស់​លោក ប៉េប ហ្គាឌី​អូ​ឡា បាន​ឆ្លើយតប​វិញ​ជាមួយ​នឹង​ជ័យជម្នះ ១-០ នៅ​ពាក់កណ្តាល​ទី​ដំបូង​នៃ​រដូវ​កាល EPL ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុង​កាន់កាប់​តំណែង​លេខ​១​ក្នុង​តារាង​លី​ក​ផងដែរ​។​

​ដូចនេះ គេ​អាច​និយាយបាន​ថា​មានការ​ប្រជែង​គ្នា​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ទាំងពីរ ហើយ​ច្បាស់​ណាស់​ក្រុម​ទាំង​ពីរ​នឹង​លេង​អស់ៗ​ពី​សមត្ថភាព​នៅ​ទឹកដី Etihad នៅ​ចុង​សប្តាហ៍​នេះ​។​

​វិនិច្ឆ័យ​លើ​គុណភាព​នៃ​ក្រុម​ទាំង​ពីរ​និង​ឆន្ទៈ​មុតមាំ​មិន​ឱនក្បាល​ចុះចាញ់​គូប្រជែង​រៀងៗ​ខ្លួន យើង​រំពឹង​ការប្រកួត​នេះ​នឹង​មាន​ភាព​តានតឹង​និង​ពិបាក​មាន​គ្រាប់​បាល់​ស៊ុត​ចូលគ្នា​ណាស់​។​

​ប្រវត្តិ​ជួបគ្នា​

– ជួបគ្នា ៤ លើកចុងក្រោយ មាន​គ្រាប់​បាល់​តែ​១​គ្រាប់ៗ​ស៊ុត​ចូលគ្នា​ប៉ុណ្ណោះ​។
– ជួបគ្នា ១០ លើកចុងក្រោយ ឈ្នះ​ម្នាក់ ៥ មិន​ដែល​ស្មើ​។​
– តោ​ខៀវ​មក​ទឹកដី Man City ១៣ លើកចុងក្រោយ ស៊ុត​លើសពី​១​គ្រាប់​បាន​តែ ២ ដង​គត់​។​
– ជួប​គ្នា​ចុងក្រោយ​នៅ​ទឹកដី Man City គឺ Chelsea ឈ្នះ ២-១​។

​ការ​ទស្សន៍ទាយ​

​កូនក្រុម​របស់​លោក​ហ្គាឌី​អូ​ឡា​បាន​កត់ត្រា​ជ័យជម្នះ ១-២ នៅ​ទឹកដី Arsenal កាលពី​សប្តាហ៍​មុន​។ ពួកគេ​ក៏​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​ផងដែរ​ដោយ​ឈ្នះ​៧​លើ​ក​ជាប់ៗ​គ្នា ហើយ​ពួកគេ​បាន​រក្សា Clean Sheet ចំនួន​៤​ដង​ក្នុង​ចំណោម​ការប្រកួត​ទាំងនោះ​។​

​សរុបមក ពួកគេ​បាន​ឈ្នះ ១៣ លើក​ក្នុងចំណោម ១៥ ប្រកួត​ក្នុងផ្ទះ​។​

​ចំណែក កូនក្រុម​របស់​លោកធូ​ខល់​បាន​ត្រឹម​ស្មើ​ក្រុម​ហង្ស​ក្រហម Liverpool ២-២ ក្នុង​ការប្រកួត​កាលពី​សប្តាហ៍​មុន​។ តោ​ខៀវ​មិន​ដែល​ចាញ់​ទេ​នៅ​១០​ប្រកួត​ចុងក្រោយ ហើយ​សរុប​២៣​លើកចុងក្រោយ ពួកគេ​ចាញ់​តែ​ម្តង​គត់​។ ជាងនេះទៅទៀត ពួកគេ​ក៏​បាន​រក្សា Clean Sheet ៨ ដង​នៅ​ក្រៅ​ទឹក​ដី​ចំនួន ១៥ ប្រកួត​របស់​ពួកគេ​កន្លង​មក​ផង​ដែរ​។​

​ដោយ​សង្កេត​លើ​ចំណុច​ទាំង​នេះ យើង​រំពឹង​លទ្ធផល​ស្មើគ្នា ០-០​។​

– Aston Villa vs Manchester United

​បិសាច​ក្រហម​កំពុង​ជួប​ការលំបាក​ក្នុង​ការស្វែងរក​ទម្រង់​លេង​ឱ្យបាន​ល្អ​នៅក្រោម​ការដឹកនាំ​របស់​លោក រ៉ា​ហ្វ រេ​ង​និក ហើយ​ទម្រង់​លេង​របស់​ពួកគេ​ទៀត​សោត​គឺ​ភាគច្រើន​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ​។ ទោះយ៉ាងណា ថ្មីៗ​នេះ​ពួកគេ​បាន​ទទួល​លទ្ធផល​ល្អ​ខ្លះៗ ហើយ​ពួកគេ​នឹង​ចង់​បន្ត​ការ​ប្រមាញ់​តំណែង​កំពូល​ទាំង​បួន​។​

​ពួកគេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​គូប្រជែង​ដែល​ទើប​ប៉ះ​គ្នា​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ ដែល​ឥឡូវ​ក្រុម​ទាំង​ពីរ​មើល​ទៅ​កាន់តែ​ក្លាយជា​គូ​សត្រូវ​នឹង​គ្នា​ខ្លាំង​ឡើងៗ​លើ​ទីលាន​បាល់ទាត់​។​

Aston Villa បាន​យក​ឈ្នះ Man Utd នៅ​ពាក់កណ្តាល​ទី​ដំបូង​នៃ​រដូវ​កាល​នេះ​នៅ​ទឹកដី Old Trafford ហើយ​បន្ទាប់មក​ក្រុម​បិសាច​ក្រហម Man U បាន​រង​ការរិះគន់​យ៉ាងខ្លាំង​។ ហើយ​កូនក្រុម​របស់​លោ​ករេង​និក​បាន​សងសឹក​វិញ​បាន​សម្រេច​ជាមួយ​នឹង​ជ័យជម្នះ​ដ៏​ស្វិតស្វាញ ១-០ លើ Villa ក្នុង FA Cup កាលពី​ពាក់កណ្តាល​សប្តាហ៍​។​

​ទោះយ៉ាងណា វា​នៅតែ​មិន​គ្រប់គ្រាន់​សម្រាប់ United ទេ​។ ពួកគេ​ត្រូវ​ឈ្នះ​ការជួបគ្នា​នា​ពេល​ខាង​មុខ​នៅ​ទឹកដី Villa Park នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់ Aston ទៀត​ទើប​គ្រប់គ្រាន់​។​

​ប្រវត្តិ​ជួបគ្នា​

– ជួប​គ្នា​ចុងក្រោយ​បំផុត Man U ឈ្នះ ១-០​។​
– Man U ឈ្នះ ៤ ចាញ់ ១ ក្នុងជំនួប ៥ លើកចុងក្រោយ​ទល់នឹង Aston​។​
– បិសាច​ក្រហម​ឈ្នះ​នៅ​ទឹកដី Aston រហូត​តាំងពី​ឆ្នាំ​២០១១ ដោយ​ស្មើ​តែ​ម្តង​គត់ និង​មិន​ដែល​ចាញ់​សោះ​។​
– Aston ទទួល Man U ក្នុង EPL ចុងក្រោយ​បំផុត​គឺ​ចាញ់ ១-៣​។​

​យោង​លើ​ប្រវត្តិ​ចាស់​និង​ថ្មីៗ​នេះ យើង​រំពឹង Man U ឈ្នះ ១-០ សាជាថ្មី​៕

Man City នឹង​ដាច់ ១៣ ពិន្ទុ​ប្រសិនបើ​ឈ្នះ Chelsea