​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ រដ្ឋមន្ត្រី​សុខាភិបាល​របស់​ថៃ លោក អា​នូ​ទីន ឆាន​វីរៈ​គុល បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា​ថា ប្រទេស​ថៃ​គ្រោង​នឹង​ផលិត​ថ្នាំ​គ្រាប់​ប្រឆាំង​មេរោគ Molnupiravir​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លងកូវី​ដ​១៩ ចំ​ពេល​មាន​ការឆ្លង​កើន​ឡើង​ដែល​ជំរុញ​ដោយ​មេរោគ​អូ​មី​ក្រុង​។​

​ថ្នាំ Molnupiravir សម្រាប់​អ្នកជំងឺ​ពេញវ័យ​ដែលមាន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Merck & Co Inc ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក និង​ក្រុមហ៊ុន Ridgeback Biotherapeutics ។​

​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​បំណង​ចូលរួម​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ ដែល​មាន​គម្រោង​ផលិត​ថ្នាំ​នេះ​ផងដែរ រួម​ទាំង​បង់​ក្លា​ដែស និង​ឥណ្ឌា​។​

​លោក​អា​នូ​ទីន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​សម្រាប់​ថ្នាំ Molnupiravir អង្គការ​ឱសថស្ថានរ​បស់​រដ្ឋាភិបាល​មាន​ផែនការ​សហការ​បង្កើត (​ថ្នាំ​នេះ​) ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជូឡា​ផន​”​។​

​លោក​បាន​បន្តថា “​គណៈកម្មាធិការ​មួយ​នឹង​ស្រាវជ្រាវ​និង​ផលិត​សារធាតុ​ប្រតិកម្ម ដែល​នឹង​ជា​ការគាំទ្រ​បន្ថែម​សម្រាប់​ព្រឹត្តិការណ៍​នាពេល​អនាគត​”​។​

​ដោយឡែក រដ្ឋ​មន្ត្រី​សុខាភិបាល​ឥណ្ឌូនេស៊ី លោក ប៊ូ​ឌី ហ្គូ​ណាឌី សា​ឌី​គីន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ឥណ្ឌូនេស៊ី​ក៏​មាន​គម្រោង​អភិវឌ្ឍ​ថ្នាំ Molnupiravir​ក្នុង​ភាពជា​ដៃគូ​ជាមួយ​​ក្រុមហ៊ុន​ឱសថ PT Amarox Pharma Global ដែល​ចាប់ផ្តើម​នៅ​ខែ​មេសា​ឬ​ឧសភា​ផងដែរ​។​

​ឥណ្ឌូនេស៊ី​បានអនុម័ត​ឱ្យប្រើ​ថ្នាំ Molnupiravir សម្រាប់​ការប្រើប្រាស់​បន្ទាន់​ក្នុង​សប្តាហ៍​នេះ ហើយ​ថ្នាំ​គ្រាប់​នេះ​ចំនួន ៤០០.០០០ បាន​មក​ដល់​ហើយ​៕

ថ្នាំ Molnupiravir ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Merck & Co Inc និង​ក្រុមហ៊ុន Ridgeback Biotherapeutics