​ប្រែ​សម្រួលៈ​វាសនា​៖​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​កល​យុទ្ធ​ប្រភេទ​បញ្ជា​នាំ​ផ្លូវ​ចេញពី​ទម្រ​នៅលើ​រថភ្លើង នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​មករា ដែល​វា​ជា​ការ​​បាញ់​សាកល្បង​លើក​ទី​៣​នៅ​ខែ​នេះ ទោះជា​អាម៉េរិក​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​។​

​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​ចាប់​បាន​សញ្ញា​នៃ​ការបាញ់​កាំជ្រួច​ផ្លោង​២​ដើម​កាលពី​រសៀល​ថ្ងៃ​សុក្រ នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ចោទប្រកាន់​សហ​​រដ្ឋ​អាម៉េរិក​ថា​បង្ករឿង​ដោយសារតែ​ការដាក់ទណ្ឌកម្ម​ថ្មី​មកលើ​ខ្លួន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េ​KCNA​បាន​និយាយថា ការបាញ់​សាកល្បង​នេះ​ដើម្បី​«​ត្រួត​មើល​និង​វិនិច្ឆយ​ជំនាញ​នៅក្នុង​វិធី​ចាត់​វិធានការ​របស់​ក​ង​កាំជ្រួច​លើ​រថភ្លើង​»​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​សាកល្បង​បាញ់​កាំជ្រួច​ចេញពី​រថភ្លើង​លើកដំបូង​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០២១​។​

KCNA​បាន​និយាយថា ការបាញ់​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​បាន​«​បង្ហាញ​កល​យុទ្ធ​និង​អត្រា​វាយ​ចំ​គោលដៅ​ខ្ពស់​។​ឥឡូវ​កំពុង​ពិភាក្សា​អំពី​ការដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​កាំជ្រួច​លើ​រថភ្លើង​នៅ​ទូទាំង​ប្រទេស​»​។​

​នាយសេនាធិការ​កងទ័ព​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយថា កាំជ្រួច​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​ហោះ​បាន​ចម្ងាយ​៤៣០​គីឡូម៉ែត្រ​នៅ​កំពស់​៣៦​គីឡូម៉ែត្រ​។​

​វា​ជា​ការបាញ់​សាកល្បង​លើក​ទី​៣​របស់​កូរ៉េ​ខាងជើង​នៅ​ខែ​នេះ បន្ទាប់​ពី​អ្វី​ដែល​រដ្ឋ​ឯកោ​មួយ​នេះ​ហៅថា​ការបាញ់​សាកល្បង​ដោយ​ជោគជ័យ​កាំជ្រួច​លឿន​ជាង​សម្លេង​ចំនួន​២​ដើម​កាលពី​ថ្ងៃ​៥​មករា​និង​១១​មករា​។​ជា​ការឆ្លើយតប អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ចោទ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​មាន​ចេតនា​ធ្វើអោយ​សភាពការណ៍​កាន់​តែ​តាន​​តឹង​ទៅ​និង​ថា​ខ្លួន​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ការពារ​ខ្លួន​៕

វា​ជា​ការបាញ់​សាកល្បង​លើក​ទី​៣​របស់​កូរ៉េ​ខាងជើង​នៅ​ខែ​នេះ បន្ទាប់​ពី​អ្វី​ដែល​រដ្ឋ​ឯកោ​មួយ​នេះ​ហៅថា​ការបាញ់​សាកល្បង​ដោយ​ជោគជ័យ​កាំជ្រួច​លឿន​ជាង​សម្លេង​ចំនួន​២​ដើម​កាលពី​ថ្ងៃ​៥​មករា​និង​១១​មករា​