​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ អាជ្ញាធរ​អូស្ត្រាលី​បាន​ដាស់តឿន​ប្រជាជន​ឱ្យ​ស្នាក់​នៅក្នុង​ផ្ទះ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា​ខណៈ​រលក​កម្តៅ​ធ្ងន់ធ្ងរ​នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ភាគ​​ពាយព្យ​បាន​រុញ​ឱ្យ​សីតុណ្ហភាព​កើនឡើង​ដល់ ៥០,៧ អង្សា​សេ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​ជួប​អស់​រយៈពេល ៦២ ឆ្នាំ​។​

​អ្នកវិទ្យាសាស្ត្រ​និង​សកម្មជន​អាកាសធាតុ​បាន​ប្រកាស​អាសន្ន​ថា ការឡើង​កំដៅ​ផែនដី​ដោយសារតែ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​ជំរុញ​ដោយ​មនុស្ស ជាពិសេស​ពី​ឥន្ធនៈហ្វូស៊ីល​ជិតឈាន​ដល់​ការ​បាត់​​បង់​ម្ចាស់កា​រហើយ​។​

​ទិន្នន័យ​ពី​រដ្ឋបាល​មហាសមុទ្រ​និង​បរិយាកាស​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​បង្ហាញ​ក្នុង​សប្តាហ៍​នេះ​ថា ឆ្នាំ​ដែល​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​គឺ​ស្ថិតនៅក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​ឆ្នាំ ២០២១ គឺជា​ឆ្នាំ​ក្តៅ​បំផុត​ទី​ប្រាំមួយ​។​

​តំបន់​រុករក​រ៉ែដែក​មួយ​នៅ​ភាគ​ពាយព្យ គឺ​ទីក្រុង​ភី​ល​បា​រ៉ា​របស់​អូស្ត្រាលី ជា​កន្លែង​ដែល​សីតុណ្ហភាព​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​ល្បី​ខាង​អាកាសធាតុ​ក្តៅ​ហើយ​ស្ងួត​ដោយ​សីតុណ្ហភាព​​ជាធម្មតា​គឺ​ខ្ទង់​៣០​ប្លាយ​អង្សា​សេ​នៅពេលនេះ​រៀងរាល់ឆ្នាំ​។​

​អូស្ត្រាលី​គឺជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបូ​និច​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​សម្រាប់​មនុស្ស​ម្នាក់ៗ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​ដកថយ​ចេញពី​ការពឹងផ្អែក​លើ​ធ្យូងថ្ម​និង​ឧស្សាហកម្ម​ឥន្ធនៈហ្វូស៊ីល​​ផ្សេង​ទៀត​នោះ​ទេ ដោយ​និយាយថា ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើឱ្យ​ខាតបង់​ការងារ​។​

​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការកើនឡើង​សីតុណ្ហភាព​អាច​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​ផលិតភាព​ការងារ​នៅ​ខាងក្រៅ ជាហេតុ​បណ្តាល​ឱ្យ​មាន​ការខាតបង់​សេដ្ឋកិច្ច​រាប់​ពាន់​លាន​ដុល្លារ​៕

ក្បួន​អូដ្ឋ​ដឹក​ភ្ញៀវទេសចរ​លេង​លើ​វាល​ខ្សាច់​ក្បែរ​ឆ្នេរ​ខា​ប៊ិល​ក្បែរ​ទីក្រុង​ប្រ៊ូម​របស់​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៧​ឧសភា​២០១៣