ដោយ​:​សុផល​/​ភ្នំពេញ​: មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា បាន​បើក​ជា​ផ្លូវការ និង​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ​នៅ​រោងភាពយន្ត​មេ​ជើ​ស៊ី​នេ​ផ្លិ​ច នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ រាជធានី​ភ្នំពេញ​។​

​ភាពយន្ត​រឿង “Puelle of Chimney Town” ដែលជា​ភាពយន្ត​គំនូរជីវចល​ដ៏​ពេញនិយម​ក្នុងប្រទេស​ជប៉ុន បាន​ត្រូវ​ជ្រើសរើស​យកមក​បញ្ចាំង​នៅ​ថ្ងៃ​បើកសម្ពោធ​នេះ​។​

​ពិធី​បើក​មហោស្រព​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​ចូលរួម​ពី​សំណាក់​លោកស្រី​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក ISOGAYA Hiroyuki នាយក​មជ្ឈមណ្ឌល​អាស៊ី​មូលនិធិ​ជប៉ុន ការិយាល័យ​នៅ​ភ្នំពេញ​, លោក​បណ្ឌិត ឃឹម លាង នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន (CJCC) ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត ។​

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងថា មហោស្រព​ភាពយន្ត​ជប៉ុន បន្ថែម​ពី​ការទទួលបាន​ភាព​រីក​រាយ​ទស្សនា​ភាពយន្ត លោក​សង្ឃឹមថា ប្រជាជន​កម្ពុជា​នឹង​បាន​ស្វែងយល់​សង្គម និង​វប្បធម៌​ជប៉ុន​ដ៏​សម្បូរបែប តាមរយៈ​ភាពយន្ត​ជាច្រើន​ប្រភេទ​ផ្សេងៗ ហើយ​ចាប់អារម្មណ៍​លើ​ប្រទេស​ជប៉ុន​។ ព្រមទាំង​សូម​អញ្ជើញលោក លោកស្រី ក្មួយៗ ដែល​មិនសូវមាន​ទំនាក់ទំនង ឬ​ស្គាល់​ជប៉ុន​មក​ទស្សនា​ភាពយន្ត​ជប៉ុន​ទាំងនេះ​កុំបី​ខាន​។​

​លោក​ឯកអគ្គរាជទូត​បានបញ្ជាក់​ថា​នេះ​ជា​លើក​ទី​១​ដែល​លោក​បាន​ទស្សនា រឿង “Puelle of Chimney Town” ។ ភាពយន្ត​នេះ​ពេញនិយម​ក្នុងប្រទេស​ជប៉ុន ដោយ​វា​ជា​រឿង​គំនូរជីវចល​យកចេញ​ពី​សៀវភៅ​រូបភាព​ដែលមាន​រូប ស្រស់ស្អាត​ខ្លាំងណាស់ ហើយ​សាច់រឿង​បែប​មនោសញ្ចេតនា​ផងដែរ​។ លោក​សង្ឃឹមថា ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​ចូលរួម​ក្នុងថ្ងៃនេះ​នឹង​រីករាយ​ជាមួយ​ភាពយន្ត​នេះ​។​

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បន្តថា ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ បំប្លែង​ខ្លួន​ថ្មី យើង​បន្ត​ចាំបាច់​ត្រូវមាន​ភាព​ប៉ិនប្រសប់​និង​ចាត់វិធានការ​ការពារ​ការឆ្លង​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដូច​ឆ្នាំមុនៗ​។

​ទោះបី​ស្ថិតនៅក្នុង​បរិយាកាស​តាមបែប​គន្លង​ថ្មី​ក៏ដោយ ក្នុងនាម​ស្ថានទូត​ជប៉ុន លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ចង់​ធ្វើ​កិច្ចការ​យ៉ាងសកម្ម​ដោយ​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ប្រទេស​ជប៉ុន​កាន់តែ​ច្រើនឡើង​។​

​ក្នុងនាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា សូម​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​មូលនិធិ​ជប៉ុន ការិយាល័យ​អាស៊ី​ភ្នំពេញ ដែល​បាន​ផ្តួចផ្តើម​គំនិត​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​បន្ត​រាតត្បាត​នៅលើ​សកលលោក​ទាំងមូល រួមទាំង​កម្ពុជា​ផង មហោស្រព​ភាពយន្ត​ជប៉ុន​នា​ឆ្នាំនេះ ប្រព្រឹត្ត​ទៅតាម​គន្លង​ប្រក្រតីភាព​ថ្មី ដោយ​ត្រូវអនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​វិធានការ​គោលការណ៍​ស្តង់ដា​ប្រតិបត្តិ (SOP) ដែល​រៀបចំឡើង​ដោយ​ក្រសួង​វប្បធម៌​​និង​វិចិត្រសិល្បៈ និង​ក្រសួងសុខាភិបាល ព្រមទាំង​វិធានការ​នានា​ដែលមាន​ជា​ធរមាន​។​

​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កម្ពុជា បានឱ្យដឹងថា ជប៉ុន គឺជា​ប្រទេសមួយ​ដែល​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងការ​ដំណើរការ​ស្វែងរក​សន្តិ​ភាព ការស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ទំនាក់ទំនង​ទ្វេភាគី​មានការ​រីកចម្រើន​ជា​លំដាប់ ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច អភិវឌ្ឍន៍ និង​វិស័យ​វប្បធម៌​។ ជាក់ស្តែង ចាប់ពី​ឆ្នាំ​២០១៥​មក មហោស្រព​ភាពយន្ត​ជប៉ុន បានរៀបចំ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា ដែល​បាន​នាំមក​នូវ​ភាពយន្ត​ជាច្រើន​ប្រកបដោយ​គុណ​តម្លៃ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទស្សនា និង​សិក្សា​ស្វែងយល់​ពី​វប្បធម៌​ប្រពៃណី ទំនៀម​ទំលាប់ ការរស់នៅ​របស់​ប្រជាជន​ជប៉ុន​។

​ជាមួយគ្នានេះដែរ លោកស្រី បាន​បន្តថា ក្រៅពី​ការចាក់​បញ្ចាំងភាពយន្ត ប្រទេស​ជប៉ុន​ក៏បាន​រួមចំណែក​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​ភាពយន្ត​ជូន​ដល់​ផលិតករ និង​អ្នកបច្ចេកទេស​ភាពយន្ត​កម្ពុជា​តួយ៉ាង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រោម​កិច្ច​សហ​រវាង​មូលនិធិ​ជប៉ុន ការិយាល័យ​អាស៊ី​ភ្នំពេញ និង​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គការ​ឈូករ័ត្ន​បាន​បើក​វគ្គប​ណ្តុះ​ជំនាញ​សរសេ​អត្ថបទ​ភាពយន្ត​ជំនាញ​ថត​ជំនាញ​កាត់ត​ដំឡើង​រូប​ព្រមទាំង​ជំនាញ​យក​សំឡេង​ជូន​ដល់​សិក្ខាកាម​ជា​យុវជន​កម្ពុជា ផងដែរ​។

​សកម្មភាព​ទាំងអស់នេះ មិន​ត្រឹមតែ​ជាការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​វិស័យ​ភាពយន្ត​រវាង​ប្រទេស​ទាំង​២​នោះទេ តែ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សហប្រតិបត្តិការ​គ្នា​លើ​វិស័យ​វប្បធម៌​រវាង​ប្រទេស​យើង​ទាំងពីរ និង​មនោសញ្ចេតនា ស្រឡាញ់​រាប់អាន និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​យើង​ផងដែរ​៕​