​ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ តាម​ពាក្យបណ្តឹង​អន្តរាគមន៍​របស់លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង និង យោងតាម​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​ការចាប់ខ្លួន​អតីត​សង្ឃ ពឿ​យ មេត្តា នាពេលនេះ ធ្វើឡើង​ក្រោយពី​មានការ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​មុខ​ភូមិគ្រឹះ​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង ពាក់ព័ន្ធ​ដី​វត្ត​នៅ​ប្រទេស​ជប៉ុន​។

​តាម​ប្រភពព័ត៌មាន​ដែល ទើប​ទទួលបាន នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ នេះ បានអោយដឹងថា អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​បទល្មើស បរិហារកេរ្តិ៍​ជា​សាធារណៈ , ប្រើប្រាស់​ត្រា​ក្លែងក្លាយ , ក្លែងបន្លំ​ឯកសារ​សាធារណៈ , ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ , ញុះញង់​អោយមាន​ការរើសអើង និង បាតុកម្ម តាម​ពាក្យបណ្តឹង​អន្តរាគមន៍​របស់លោក​ស្រី​ឧកញ៉ា សៀង ចាន់​ហេង ។​

​យោងតាម​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២ បង្ហាញថា អតីត​សង្ឃ ពឿ​យ មេត្តា ត្រូវ​ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ អោយបាន​មុន​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ ។​

​សូមបញ្ជាក់ថា សង្ឃដីកា​សម្រេច​មួយ ស្ដីពី ដំណោះស្រាយ​ករណី​អធិករណ៍​នៅ​វត្ត​បារមី​គិរី​ខេមរា​ភ្នំ​បិតា​ធំ ហៅ វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន បានចេញ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នេះ មាន​រហូតដល់​ចំនួន​ប្រាំបួន​ប្រការ ។​

​ក្នុង​សង្ឃដីកា​សម្រេច​នេះ គឺ បាន​ថ្វាយ​ប្រគល់​សិទ្ធិ​គ្រប់គ្រង និង​កាន់កាប់​ដី​វត្ត​លោកយាយ​ជំទាវ​ហេង នៅ​ប្រទេស​ជប៉ុន ដល់​គណៈ​សង្ឃនាយក គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទុកជា​គរុ​ភ័​ណ្ឌ​សង្ឃ និង​សម្បត្តិ​មរតក​ពុទ្ធសាសនា​ថេរវាទ​កម្ពុជា​តទៅ ។​

​ជាមួយគ្នា​នោះ សង្ឃដីកា​សម្រេច ក៏បាន​ឲ្យ​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា និង ក្រុមការងារ​ត្រូវ​បញ្ចប់​អធិករណ៍ ការតវ៉ា និង​ការទាមទារ​ដី​វត្ត​លោកយាយ​ជំទាវ​ហេង ព្រមទាំង​សំណង​ពី​គ្រប់ភាគី​ទាំងអស់​ក្នុង​អធិករណ៍​នេះ ពេលនេះ​តទៅ ។​

​សង្ឃដីកា​សម្រេច​នេះ ក៏បាន​ព្រមាន​ដែរ​ថា «​ក្នុងករណី​មិន​គោរព​តាម​សង្ឃដីកា​សម្រេច នេះ សាមីខ្លួន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​វិន័យ​និង​ច្បាប់​ជា​ធរមាន​»៕​