ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ប្រមាណ​ជា​ជិត​២​ខែ​មកហើយ​ដែល​សមាគម​ប្រដាល់​គុន​ខ្មែរ​បង្កើត​សង្វៀន​ប្រដាល់​សម្រាប់​អ្នក​ប្រ​ដាល់​វ័យក្មេង ដើម្បី​បន្តវេន​សម្រាប់​ជំនួស​រលក​មុន ។​

​លោក ថៃ អ៊ូ ដែល​ជាស​ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ឲ្យ​ដឹងថា ដោយសារ​មានការ​គាំទ្រ​ពី​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ គឺ​លោក​អ៊ុ រាត្រី​នោះ​សមាគម​ប្រដាល់​ខេត្តបន្ទាយ​មានជ័យ​បាន​បង្កើតឡើង​នូវ​ព្រឹត្តិការណ៍​ប្រដាល់​វ័យក្មេង​នេះ​​ឡើង ព្រោះ​ការប្រកួត​វ័យក្មេង​នេះ​​​កន្លងមក​នៅ​មិនទាន់មាន​រាជធានី ឬ ខេត្ត​ណា​ធ្វើ​នៅឡើយ​ទេ ។​

លោក​បន្តថា​លោក​បានរៀបចំ​ការប្រកួត​នេះ​បាន​ចំនួន​ប្រាំពីរ​សប្ដាហ៍​មកហើយ​ដោយ​មួយ​សប្ដាហ៍​មានការ​ប្រកួត​ចំនួន​១០​គូ​ហើយ​មាន​អ្នក​ប្រដាល់​វ័យក្មេង​ប្រមាណ​ជាង​២០០​នាក់​ដែលជា​អ្នក​ប្រដាល់​មានការ​ហ្វឹក​ហាត់​​ត្រឹមត្រូវ​តាម​បណ្ដា​ក្លិប​សមាគម​នានា​របស់​ខេត្ត​បន្ទាយមានជ័យ និង ខេត្តបាត់ដំបង​។​ពួកគេ​​​​មាន​អាយុ​ចន្លោះ​ពី​៧​ទៅ​៩​ឆ្នាំ​ហើយ​លោក​កំណត់​យក​ត្រឹម​ប្រភេទ​ទម្ងន់​ចន្លោះ​ពី​២០ ទៅ​៥០​គីឡូក្រាម តែ​ឆ្លងតាម​ការប្រកួត​ប្រាំពីរ​សប្ដាហ៍​កន្លងមក​អ្នក​ប្រដាល់​ភាគច្រើន​មាន​ទម្ងន់​ក្នុង​រង្វង់​ជាង​៣០​គីឡូក្រាម ។​

លោក​និយាយថា​អ្នក​ដែល​អាច​ចូលរួម​ប្រកួត​បាន​ត្រូវតែមាន​ក្លិប​សមាគម​ត្រឹមត្រូវ​ហើយ​ក្លិប​នោះ​ជា​សមាជិក​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជាមួយគ្នា​នោះ​ពួកគេ​ត្រូវតែមាន​ក្បាច់​វ៉ៃ​និង​ចេះ​ថ្វាយបង្គំ​គ្រូ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៀតផង​។ ការប្រកួត​មានតែ​បី​ទឹក​ប៉ុណ្ណោះ គឺ​មួយ​​ទឹក​មាន​២​នាទី និង​សម្រាក​ក្នុង​ចន្លោះ​នៃ​ការ​ឲ្យ​ទឹក​នោះ​មួយ​នាទី ។​

ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ​រូបនេះ​មិន​បង្ហាញ​ពី​ការ​ខ្វាយខ្វល់​ចំពោះ​បណ្ដា​ក្លិប​ឬ​សមាគម​នានា​មក​ដណ្ដើម​យក​អ្នក​ប្រដាល់​របស់លោក​បន្ទាប់ពី​លោក​រកឃើញ​ជើងឯក​នោះឡើយ ។​លោក​និយាយ​ដោយ​ភាព​ជឿជាក់ថា​នរណា​យក​ក៏​យកទៅ​ព្រោះ​យកទៅ​ណា​
​ក៏​ជា​ខ្មែរ​ដែរ​ហើយ​លោក​មាន​ជំនឿ​ចិត្ត​ថា​ពួកគេ​ផឹកទឹក​ច្បាស់​ជា​នឹក​ដល់​ប្រភព​ជាមិនខាន​ឡើយ ។​
សម្រាប់​ព្រឹត្តិការណ៍​នេះ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រដាល់​ចាស់វស្សា​ចូលរួម​ប្រកួត​នោះទេ​ព្រោះនេះ​ជាស​ង្វៀន​សម្រាប់​អ្នក​ប្រដា​ល់វ័យ​
​ក្មេង​គឺ​លោក​យកតែ​អ្នក​ប្រដាល់​ថ្មីៗ​មក​ឲ្យ​ប្រកួត​ប៉ុណ្ណោះ ។​ការប្រកួត​នេះ​ក្រៅពី​ការចូលរួម​ទ្រទ្រង់​ពី​លោក​អភិបាលខេត្ត​នោះ​លោក​ថៃ អ៊ូ​ក៏​
​បាន​ចំណាយ​នូវ​ធនធាន​ផ្ទាល់​របស់លោក​មួយចំនួន​ទៀត​ដើម្បី​រួមចំណែក​ទ្រទ្រង់​កម្មវិធី​នេះ ៕​