​ប្រែ​សម្រួលៈ​វាសនា​/​បូ​ស្តុន​៖ សិស្ស​​រាប់រយ​នាក់​នៅ​ក្រុង​បូស្តុន​និង​ស៊ី​កាហ្គោ​បាន​ដើរចេញ​ពី​ថ្នាក់រៀន​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា ក្នុង​ការប្រឆាំង​នឹង​ការរៀន​ផ្ទាល់​ក្នុង​ថ្នាក់​ហើយ​ទាមទារ​ដូរ​ទៅ​​រៀន​តាម​អន​ឡា​ញ​(​រៀន​ពី​ចម្ងាយ​ដោយ​ប្រើ​ឧបករណ៍​អេឡិចត្រូនិច​និង​សេវា​អ៊ីនធឺណិ​ត​)​នៅពេល​ចំនួន​ឆ្លងកូវី​ដ​១៩​កើន​ឡើង​ខ្លាំង បង្កឡើង​ដោយ​វីរុស​បំ​ប្លែងខ្លួន​អូ​មី​ក្រុង ដែល​កំពុង​រារាំង​ការ​វិល​ទៅ​​រៀន​ផ្ទាល់​នៅតាម​ថ្នាក់​នៅ​ទូ​ទាំង​អាម៉េរិក​។​

​នៅ​ស៊ី​កាហ្គោ ការ​ដើរចេញ​ពី​ថ្នាក់រៀន​នេះ​កើតឡើង​២​ថ្ងៃក្រោយ​មាន​សេចក្តីជូនដំណឹង​អោយ​បន្ត​រៀន​តាម​ថ្នាក់​សំរាប់​សិស្ស​និស្សិត​៣៤០.០០០​នាក់​។​សិស្ស​ប្រមាណ​៦០០​នាក់​មក​ពី​សាលា​នៅ​ក្រុង​បូ​ស្តុន​​ក៏​បាន​ចូលរួម​នៅ​ទីនោះ​។​

​សិស្ស​ដើរចេញ​ពី​ថ្នាក់​ដើម្បី​ទាមទារ​សុវត្ថិភាព​ពី​ហានិភ័យ​ឆ្លងកូវី​ដ​១៩ នៅ​វិទ្យាល័យ​ក្នុង​ក្រុង​ស៊ី​កាហ្គោ កាលពី​ថ្ងៃ​សុក្រ​

​កាលពី​ថ្ងៃ​សុក្រ​នេះដែរ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​(CDC)​បាន​ប្រាប់​ប្រជាជន​អាម៉េរិក​ទាំងអស់​អោយ​ពាក់​ម៉ាស់​ការពារ​ទល់​នឹង​កូវី​ដ​១៩​។​

CDC​បាន​និយាយថា ជនជាតិ​អាម៉េរិកគួរ​ពាក់​ម៉ាស់​ការពារ​ខ្លាំង​បំផុត​តាម​លទ្ធភាព​អាចធ្វើ​បាន និង​ពាក់​វា​ជាប្រចាំ​។​

​សូមបញ្ជាក់​ថា អាម៉េរិក​នាំមុខគេ​ក្នុង​លោក​ខាង​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩ គឺ​ក្បែរ​៨៥០.០០០​នាក់ នៅ​ពេល​ខ្លួន​កំពុង​ប្រឈម​ដោះស្រាយ​ជាមួយនឹង​វីរុស​ចម្លង​លឿន​អូ​មី​ក្រុង​។​

​ប្រធានាធិបតី​ចូ បៃ​ដិន កលា​ពីថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា រដ្ឋាភិបាល​សហព័ន្ធ​មាន​ផែនការ​ផលិត​«​ម៉ាស់​គុណភាព​ខ្ពស់​បំផុត​»​សំរាប់​ចែក​អោយ​ពលរដ្ឋ​អាម៉េរិក​ដោយ​ឥតគិតថ្លៃ​។​រដ្ឋាភិបាល​ក៏​នឹង​​ចែក​ឧបករណ៍​តេស្តិ៍​រហ័សរ​កកូ​វីដ​១៩​ចំនួន​៥០០​លាន​ដល់​គ្រួសារ​អាម៉េរិក​នៅ​ខែ​នេះ​ផង​ដែរ​រួម​ទាំង​បញ្ជូន​ពេទ្យ​ទាហាន​ទៅ​ជួយ​ការងារ​ពេទ្យ​ស៊ីវិល​នៅ​តាម​មន្ទីរពេទ្យ​នានា​។​

​ជា​មធ្យម អាម៉េរិក​មាន​អ្នកស្លាប់​ដោយកូវី​ដ​១៩​ចំនួន​១.៨០០​នាក់​និង​ឆ្លង​៧៨០.០០០​នាក់​ក្នុង​មួយថ្ងៃ ជា​ចំនួន​ឆ្លង​និង​ស្លាប់​ខ្ពស់បំផុត​ក្នុង​លោក ។​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ចូល​ដេកពេទ្យ​ក៏​កើន​ខ្ពស់​បំ​​ផុត​ផង​ដែរ​៕