​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ សហរដ្ឋ​អាម៉េរិក​មាន​ភស្តុតាង​ចារកម្ម​បង្ហាញថា រុស្ស៊ី​កំពុង​រៀបចំ​ផែនការ​ប្រតិបត្តិការ “​ទង់​ក្លែងក្លាយ​” លើ​កងកម្លាំង​ខ្លួនឯង​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ដើម្បី​បង្កើត​លេស​សម្រាប់​ការឈ្លានពាន​។​

​ក្រុម​មន្ត្រី​ក៏​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា​ផងដែរ​ថា ពួក​គេ​ជឿ​ថា​រុស្ស៊ី​កំពុង​បង្កើត​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​ដើម្បី​បង្ហាញ​អ៊ុយ​ក្រែនជា​អ្នក​ឈ្លានពាន​។​

​ការ​ធ្វើ​បច្ចុប្បន្នភាព ដែល​ព្យាករណ៍​អំពី​លទ្ធភាព​ផ្ទុះ​ជម្លោះ​យោធា​ភ្លាមៗ បាន​កើតឡើង ខណៈ​វេបសាយ​របស់​រដ្ឋាភិបាល​អ៊ុ​យក្រែ​ន​បាន​គាំង​នៅក្នុង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត “​ទ្រង់ទ្រាយ​ធំ​”​និង​​បន្ទាប់​ពី​ការពិភាក្សា​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​មូ​ស្គូ​បាន​ដួលរលំ និង​រុស្ស៊ី​បាន​ធ្វើ​ការត្រួតពិនិត្យ​ការត្រៀមខ្លួន​ប្រយុទ្ធ​របស់​កងទ័ព​របស់​ខ្លួន​។​

​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ និយាយថា រុស្ស៊ី “​អស់​ការអត់ធ្មត់​” ជាមួយ​លោក​ខាងលិច ខណៈ​ទីក្រុង​មូ​ស្គូ​ទាមទារ​ឱ្យមាន​ការធានា​ថា​អង្គការ​ណា​តូ​នឹង​មិន​ពង្រីក​ទៅ​ជិត​ទឹកដី​​របស់ខ្លួន​។​

​ក្រុមមន្ត្រី​បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋ​អាម៉េរិក​មាន​ភស្តុតាង​បង្ហាញថា ភ្នាក់ងារ​សម្ងាត់​ដែល​ទទួល​ការបណ្តុះបណ្តាល​ក្នុង​កិច្ចការ​សង្គ្រាម​ទីក្រុង​និង​ការបំផ្លិចបំផ្លាញ​នឹង​ធ្វើការ​វាយ​​ប្រហារ​ទៅ​លើ​កងកម្លាំង​តំណាង​របស់​រុស្ស៊ី ប្រហែល​ជា​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ការ​លុកលុយ​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ជែន សា​គី បាន​ព្រមាន​អំពី​ការរំលោភ​សិទ្ធិមនុស្ស​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រសិនបើ​ការទូត​បរាជ័យ ហើយ​រដ្ឋាភិបាល​រុស្ស៊ី​បន្ត​ផែនការ​របស់​ខ្លួន​។​

​លោកស្រី​បាន​និយាយថា “​យើង​មាន​ព័ត៌មាន​បង្ហាញថា រុស្ស៊ី​បានដាក់​ភ្នាក់ងារ​សម្ងាត់​តាម​ទីតាំង​រួចជាស្រេច ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទង់​ក្លែងក្លាយ​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​”​។​

“​ពួក​ភ្នាក់ងារ​សម្ងាត់​ទាំងនោះ​ត្រូវបាន​បណ្តុះបណ្តាល​ក្នុង​កិច្ចការ​សង្គ្រាម​ទីក្រុង​និង​ប្រើប្រាស់​គ្រឿងផ្ទុះ ដើម្បី​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ប្រឆាំង​នឹង​កងកម្លាំង​ប្រូក​ស៊ី​ផ្ទាល់​របស់​រុស្ស៊ី​”​។​

​លោក​ស្រី​និយាយថា រុស្ស៊ី​ធ្វើតាម​សៀវភៅ​ឧបាយកល ដែល​ធ្លាប់​ប្រើ​នៅពេល​ដែល​រុស្ស៊ី​កាត់​យក​ឧបទ្វីប​គ្រី​មេហើយ​បាន​បញ្ចូលព័ត៌​មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម​ដើម្បី​បង្ហាញ​ថា​ទីក្រុង​គៀវ​​ជា​អ្នក​ញុះញង់​ឱ្យមាន​អំពើហិង្សា​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក ច​ន កឺ​ប៊ី បាន​និយាយថា ការ​ស៊ើបការណ៍​សម្ងាត់​គឺ “​គួរឱ្យ​ទុកចិត្ត​ខ្លាំងណាស់​”​។​

​វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​ភ្លាមៗ​ថា​ខ្លួន​មិន​បាន​ត្រៀម​រៀបចំ​ការ​បង្កហេតុ​ទេ​។ អ្នកនាំពាក្យ ឌី​មី​ទ្រី ប៉េ​ស្កូវ បាន​និយាយថា របាយការណ៍​នេះ​គឺ​ផ្អែក​លើ​ព័ត៌មាន “​គ្មាន​មូលដ្ឋាន​”​នេះ​បើ​យោងតាម​​ទីភ្នាក់ងារ​សារព័ត៌មាន TASS៕

​រថក្រោះ​រុស្ស៊ី​ចូលរួម​សមយុទ្ធ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មករា​នៅ​តំបន់ភ្នំ​ណូវ៉ូ​រ៉ូសស៊ីក