​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ហ្វូង​ស្វា​ព្រៃ​កម្រោលចូល​កំពុង​បង្ក​ការអុកឡុក​នៅ​ទីក្រុង​មួយ​ក្នុង​ប្រទេស​ថៃ ខណៈ​ពួកវា​ញៀន​ជាមួយ​ភេសជ្ជៈ​ផ្អែម​ជាជាង​អាហារ​ប្រពៃណី​របស់​វា​គឺ​ផ្លែ​ចេក​។​

​ទីក្រុង​លុប​បុរី​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៤៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ទីក្រុង​បាងកក មាន​ភាពល្បីល្បាញ​ដោយសារ​ហ្វូង​ស្វា​របស់ខ្លួន ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​ដោយ​អ្នកស្រុក​​ថែមទាំង​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រចាំឆ្នាំ​ដើម្បី​គោរពបូជា​ដល់​សត្វ​ស្វា​ទៀតផង​។​

​ប៉ុន្តែ​ចាប់តាំងពី​អ្នកទេសចរ​បាន​ចាប់ផ្តើម​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​បន្ទាប់​ពី​ការ​រឹតបន្តឹង​ទប់ស្កាត់​មេរោគ​កូរ៉ូណា​ត្រូវបាន​បន្ធូរបន្ថយ​កាលពី​ខែ​វិច្ឆិកា សត្វ​ស្វា​របស់​ក្រុង​លុប​បុរី​ដែល​កើន​ចំនួន​ច្រើនឡើង​​គួរឱ្យ​កត់សម្គាល់​ក្នុង​អំឡុង​ជំងឺ​រាតត្បាត​នេះ បាន​រីករាយ​នឹង​អាហារសម្រន់​និង​ភេសជ្ជៈ​ជាតិ​ស្ករ​កាន់តែ​ច្រើនឡើង​។​

​ឥឡូវនេះ ផ្លូវ​នានា​ក្នុង​ទីក្រុង​ត្រូវបាន​បង្កចលាចល​ដោយ​ហ្វូង​ស្វា​ញៀន​ស្ករ​រាប់ពាន់​ក្បាល ដែល​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ដើម្បី​ដណ្តើម​អាហារ​និង​ទឹកដី​។​

​វីដេអូ​ថត​បាន​កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ​ស្វា​រាប់សិប​ក្បាល​កំពុង​ដើរ​តាម​ដងផ្លូវ លោត​លើ​រថយន្ត តោង​លើ​មនុស្ស និង​ថែម​ទាំង​លួច​អាហារ និង​របស់របរ​រប​ស់មនុស្ស​ទៀតផង​។​

​វីដេអូ​ដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​នេះ​បានបង្ហាញ​អ្នកស្រុក​ហុច​ទុយោ​បឺត​និង​ទឹក​ស៊ីរ៉ូ​ដល់​ស្វា ហើយ​ស្វា​បាន​បឺត​ទឹក​ស៊ីរ៉ូ​រហូត​អស់រលីង មុន​ពេល​ដើរ​តាម​យក​ចេក​ពី​បុរស​ម្នាក់​។​

​ការ​មិន​ខ្លាច​មនុស្ស​សោះ​មានន័យថា​ស្វា​បង្ហាញ​អាកប្បកិរិយា​អង់អាច​យ៉ាងខ្លាំង ដោយ​ហ៊ាន​តោង​កញ្ចក់​រថយន្ត​ដែល​កំពុង​បើកបរ និង លោត​តោង​អ្នក​ឈរ​តាមផ្លូវ​។​

​អ្នកស្រុក​និយាយថា​នៅ​ទីក្រុង​នេះ​ថែម​ទាំង​មាន​ហ្វូង​ស្វា​ជា​គូបដិបក្ខ​នឹង​គ្នា​គូសវាស​ផែនទីខ័​ណ្ឌ​ចែកទឹក​ដី​ទៀត​ផង ហើយ​ឱ្យ​តែ​ពួក​វា​ជួបគ្នា​គឺ​ប៉ះទង្គិច​គ្នា​ភ្លាម​៕

​ហ្វូង​ស្វា​កំពុង​អុកឡុក​ពេញ​ទីក្រុង​លុប​បុរី