ដោយ​:​សុខុម​/​រតនគិរីៈ​រថយន្ត​បាន​បុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ដែលជា​អ្នកជិះ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​នៅត្រង់ចំណុច​មុខ​សាលាឃុំ​ត្រពាំង​ក្រហម លើផ្លូវ​ជាតិ​លេខ​៧៨A ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​រវាង​រថយន្ត​FORTUNER ស្លាក​លេខ​ភ្នំពេញ​2Bl-2146 ពណ៌​ស បុក​ជាមួយ​ម៉ូតូ​វ៉េវ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។ ជនរងគ្រោះ​ឈ្មោះ​សារិន ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​ចំណែក​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។​

​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​បានឱ្យដឹងថា រថយន្ត​បង្ក​បើកបរ​ពី​ទិសខាងកើត​ទៅ​លិច​។​ចំណែក​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ស្រប​ទិស​គ្នា បាន​បត់​ម៉ូតូ​ចូល​ផ្ទះ​បងប្អូន ត្រូវបាន​រថយន្ត​បង្ក​បុក​ផ្នែក​ចំហៀង​ខាងស្ដាំ​ពេញទំហឹង បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​តែម្តង​។
ក្រោយពី​ចុះ​វាស់វែង​នៅនឹងកន្លែង​កើតហេតុរ​ថយ​ន្ត និង​ម៉ូតូ​ផ្នែក​សណ្តាប់ធ្នាប់​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ក្រហម ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕​