ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប ជា​វិស័យ​ទ្រទ្រង់​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​នៅតែ​ជា​វិស័យ​នាំចេញ​សំខាន់​ជាងគេ​របស់​កម្ពុជា ដោយ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ មាន​អត្រា​ប្រហែល​១០​ភាគរយ​។ ក្នុង​ឆ្នាំ ២០២១ ទឹកប្រាក់​នាំចេញ​សរុប​នៃ​វិស័យនេះ​មាន​ប្រមាណ​ជិត ១០ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ ៦៣ ភាគរយ នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​។ នេះ​ជាការ​ថ្លែង​ពី​សំណាក់ លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​បញ្ជាក់​ក្នុង​សន្និបាត​លើក​ទី​១៥ របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​បាន រៀបចំឡើង​នៅ​សមាគម ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹងថា វិស័យ​កាត់ដេរ និង​ផលិតផល​ផ្សេងទៀត ទោះបីជា​មានការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៅក្នុង​ឆ្នាំ​២០២០ ប៉ុន្តែ​ងើបឡើង​វិញ​បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​២០២១ ដោយ​ការនាំចេញ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​ការនាំចេញ​សម្លៀកបំពាក់​មាន​ទឹកប្រាក់ ៦.៥៣៨​លាន​ដុល្លារ កើនឡើង​៦​ភាគរយ ធៀប​នឹង​ឆ្នាំ​កន្លងទៅ ការនាំចេញ​ផលិត​ស្បែកជើង​មាន​ទឹកប្រាក់ ១.១១៣​លាន​ដុល្លារ កើនឡើង​២០​ភាគរយ ការនាំចេញ​ផលិតផល​ធ្វើដំណើរ​មាន​ទឹកប្រាក់ ១.១៧៩​លាន​ដុល្លារ កើនឡើង​៤៩​ភាគរយ​។
​ ​
​លោក អ៊ិត សំហេង បាន​គូស​បញ្ជាក់ដែរថា​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​១៩៩៦ ដោយ​ដំណើរការ ២៥​ឆ្នាំ​កន្លងមកហើយ និង​បាន​ដើរតួនាទី​ជា​តំណាង​សម្លេង​រួម​តែមួយ​របស់​វិនិយោគិន​ក្នុង​វិស័យ​កាត់ដេរ ការពារ និង​លើកកម្ពស់​សិទ្ធិ និង​ប្រយោជន៍​ស្របច្បាប់​របស់​វិនិយោគិន​ទាំងអស់​ក្នុង​វិស័យនេះ និង​បាន​បង្កើត​នូវ​វេទិកា​សម្រាប់​ការប្រឹក្សា​យោបល់ និង​កិច្ចសន្ទនា​សង្គម​នានា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​ជាច្រើន​ដែលមាន​ផលប៉ះពាល់​ជា​សក្តានុពល​ដល់​បរិយាកាស​វិនិយោគ​ទូទៅ សំដៅ​បង្កើត​នូវ​ស្ថានភាព​មួយ​ដែល​អំណោយផល​ដល់​កំណើន​នៃ​ការនាំចេញ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ការ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចការងារ​កន្លងមក​ដែល GMAC បានធ្វើ​ការសហកា​រយ៉ា​ង​សិ្អ​តរ​មួ​ត​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួមគ្នា​អនុវត្ត​ប្រកបដោយ​ជោគជ័យ យុទ្ធសាស្ត្រ​ចតុកោណ គោលនយោបាយ​នានា ដូចជា​គោលនយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ គោលនយោបាយ​ជាតិ​ស្តីពី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​។ ទន្ទឹមនឹងនេះ ការចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នូវ​កាតព្វកិច្ច​នានា​ដែល​បានចែង​ក្នុង​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម សម្រាប់​ជន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បញ្ញា​ត្តិ​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា រួមទាំង​បទដ្ឋាន​គតិយុត្តិ​នានា ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​រំលឹកថា វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប មាន​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​តិចតួច នៅពេល​កម្ពុជា​បានចាប់ផ្តើម​បើក​សេដ្ឋកិច្ច​របស់ខ្លួន និង​ទទួល​វិនិយោគ​ចាប់ពី​ឆ្នាំ​១៩៩៣ និង​បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​មក ជាពិសេស​ចាប់ពី​ឆ្នាំ​ដែល​កម្ពុជា​ទទួលបាន​ស​ន្តិ​ភាព​ពេញលេញ​ដោយសារ​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហើយ​បន្ទាប់មក​គឺ​នៅក្រោយ​ឆ្នាំ​១៩៩៩ ពេលដែល​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​បទដ្ឋាន​ការងារ​អន្តរជាតិ​។ គិត​ត្រឹម​ចុងឆ្នាំ​២០២១ នេះ​រោងចក្រ សហគ្រាស​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ក្នុង​វិស័យនេះ​បាន​កើន​ដល់​ប្រមាណ​ជាង ១.២០០ រោងចក្រ ដែល​ផ្តល់​ការងារ​ក្នុង​ប្រព័ន្ធ ដល់​កម្មករនិយោជិត​ប្រមាណ​ជិត​១​លាន​នាក់​។

​លោក​ថា ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០២១ ទឹកប្រាក់​នាំចេញ​សរុប​នៃ​វិស័យនេះ​មាន​ប្រមាណ​ជិត ១០ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ ៦៣ ភាគរយ នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​។ ដោយឡែក​ជីវភាព​កម្មករនិយោជិត ក៏បាន​ប្រសើរ​ឡើងជា​លំដាប់​ដោយ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល តាមរយៈ​ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់​។ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់ក​ម្មក​រ​និយោជិត​បាន​ចំនួន ១៨​លើក ដោយ​កើន​ពី ៤០​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​១៩៩៧ ដល់ ១៩៤​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២២​។ សម្រាប់​ឆ្នាំ​២០២២​នេះ ដោយ​បូក​រួមទាំង​ប្រាក់រង្វាន់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ កម្មករនិយោជិត​ម្នាក់ៗ អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចាប់ពី ២១១​ដុល្លារ​អាមេរិក ទៅ ២២២​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។ ក្រៅពី​កម្មករនិយោជិត​ប្រមាណ​ជិត ១​លាន​នាក់​ដែល​ទទួលផល​ផ្ទាល់ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​លាន​នាក់​ដែល​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យនេះ​។​

​គួរបញ្ជាក់​ជូន​ដែរ​ថា សន្និបាត​ក៏មាន​រៀបចំ​ពិធី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សម្រាប់​អាណត្តិ​ថ្មី​ឆ្នាំ​២០២២-២០២៣ ផងដែរ​។ ក្នុងនោះ អង្គសន្និបាត ធ្វើការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជូន​ដល់​លោក​ឧកញ៉ា គង់ សាង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ជំនួស​លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ដែល​ទើប​ផុត​អាណត្តិ ហើយ​ដែល​ត្រូវបាន​គណៈកម្មការ​ប្រតិបត្តិ​ផ្តល់​ងារ​ជា​ប្រធានកិត្តិយស​៕