​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រភព​ដឹង​រឿង​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា តុលាការ​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​បណ្តេញចេញ​​ពី​តំណែង​លោកស្រី អ៊ុង សាន​ស៊ូ​ជី ជាមួយនឹង​បទចោទប្រកាន់​ពុករលួយ​ថ្មី​ចំនួន ៥ ពាក់ព័ន្ធ​នឹង​ការជួល​និង​ទិញ​ឧទ្ធម្ភាគចក្រ​។​

​យោង​តាម​អង្គការ​ឃ្លាំមើល​ក្នុង​តំបន់​បានឱ្យដឹងថា ម្ចាស់​ជ័យលាភី​ណូបែល​សន្តិភាព​អាយុ ៧៦ ឆ្នាំ​រូប​នេះ​ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ​ឆ្នាំ​មុន​ដែល​បង្ក​ឱ្យមាន​ការតវ៉ា​ទ្រង់ទ្រាយ​​ធំ​និង​ការបង្ក្រាប​យ៉ាង​បង្ហូរឈាម​លើ​អ្នកប្រឆាំង ដែល​ក្នុងនោះ​ជន​ស៊ីវិល​ជាង ១.៤០០ នាក់​ត្រូវបាន​សម្លាប់​។​

​លោកស្រី​ស៊ូ​ជី​កំពុង​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​និង​អំពើពុករលួយ រួមទាំង​ការបំពាន​ច្បាប់​សម្ងាត់រ​ដ្ឋ ហើយ​ប្រសិនបើ​ត្រូវបាន​កាត់ទោស​ករណី​ទាំងអស់នេះ លោកស្រី​អាច​ប្រឈម​ជាប់​​គុក​ជាង ១០០ ឆ្នាំ​។​

​ប្រភព​បាន​និយាយថា ការចោទប្រកាន់​ត្រូវបាន​ធ្វើឡើង​ប្រឆាំងនឹង​លោក​ស្រី​ស៊ូ​ជី​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១៤​មករា និង​ពាក់ព័ន្ធ​នឹង​ការជួល ការថែទាំ និង​ការទិញ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​។​

​ពួកគេ​បាន​និយាយថា អតីត​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក អ៊ូ វីន មីន ក៏​រង​ការចោទប្រកាន់​ដូចគ្នា​នេះ​ផង​ដែរ​។​

​កាលពី​ខែ​ធ្នូ កាសែត​រដ្ឋ Global New Light of Myanmar បាន​និយាយថា អ្នក​ទាំង​ពីរ​នឹង​ត្រូវ​កាត់ទោស​ពីបទ​មិន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​និង​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ប្រាក់​ចំពោះ​ការជួល និង​ការទិញ​ឧទ្ធម្ភាគចក្រ​សម្រាប់​អតីតរដ្ឋមន្ត្រី​រដ្ឋាភិបាល លោក វីន មី​យ៉ាត អាយ៉េ​។​

​កាសែត​នេះ​បាន​និយាយថា លោក វីន មី​យ៉ាត អាយ៉េ​បានជួល​ឧទ្ធម្ភាគចក្រ​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១ ហើយ​ប្រើ​វា​ត្រឹមតែ ៨៤,៩៥ ម៉ោង​ប៉ុណ្ណោះ​ក្នុងចំណោម​ម៉ោង​ជួល ៧២០ ម៉ោង​។​

​ពេលនេះ​គាត់​កំពុង​លាក់ខ្លួន​រួម​ជាមួយ​អតីត​សមាជិក​សភា​ផ្សេងទៀត​៕

លោកស្រី​ត្រូវបាន​ចោទ ៥ ករណី​ទៀត​ទាក់ទង​នឹង​ការជួល​និង​ទិញ​ឧទ្ធម្ភាគចក្រ​