​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា នេះ បានប្រកាសថា លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៥ ដល់ទី​១៩ ខែមករា ឆ្នាំ​២០២២ តប​តាម​ការអញ្ជើញ​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួងការបរទេស​បាន​បន្តថា ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក លឹម ចុក ហ៊ុយ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​។ លោក​អគ្គលេខាធិការ ក៏​រំពឹងថា​នឹងមាន​ជំនួប​ដាច់ដោយឡែក​ពីគ្នា​ជាមួយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​

​លោក​អគ្គលេខាធិការ​អា​ស៊ាន ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​ក្រុងព្រះសីហនុ ផងដែរ​។​

​ទស្សនកិច្ច​របស់លោក​អគ្គលេខាធិការ​អាស៊ាន មក​ព្រះរាជាណាចក្រ​ក​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន នឹង​ស្វែងរក​មធ្យោបាយ​នានា​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​រវាង​លេខាធិការដ្ឋាន​អាស៊ាន និង​ក្រសួង​ពាក់ព័ន្ធ​នានា​របស់​កម្ពុជា ដែល​ស្ថិតនៅក្រោម​សសរស្តម្ភ​ទាំងបី​របស់​សហគមន៍​អាស៊ាន រួមមាន សហគមន៍​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ ដើម្បី​ធានា​សម្រេចបាន​នូវ​សមិទ្ធផល​ល្អប្រសើរ​សម្រាប់​គ្រួសារ​អាស៊ាន​ដែល​កាន់តែ​រឹងមាំ និង​ស្អិតរ​មួ​ត​ខ្លាំង​ឡើង​៕​