ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ក្រសួង​សុខាភិបាល​ហ្វីលីពីន​នៅ​ថ្ងៃ​សៅរ៍​នេះ​បានបញ្ជាក់​អះអាង​អំពី​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​បង្កឡើង​ដោយ​វីរុស​អូ​មី​ក្រុង​នៅ​ជុំវិញ​រដ្ឋធានី​ម៉ានីល នៅពេល​ចំនួន​ឆ្លង​​ហក់​ឡើង​ខ្ពស់​បំផុត​ដល់​ថ្ងៃទី​៣​ជាប់ៗ​គ្នា​។​

​អនុ​រដ្ឋមន្ត្រី សុខាភិបាល ម៉ា​រី​យ៉ា រ៉ូ​សារី​យ៉ូ វែរ​ហ្គេ​អ៊ី​រេ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា « យើង​កំពុង​ជួប​ការឆ្លង​ក្នុង​សហគមន៍​បង្កឡើង​ដោយ​វីរុស​អូ​មី​ក្រុង​នៅក្នុង​តំបន់​រដ្ឋធានី​»​។​

​តំបន់​នេះ ជា​ប្រជុំ​នៃ​ទីក្រុង​ទីប្រជុំជន​ចំនួន​១៦​សរុប​មាន​មនុស្ស​ជាង​១៣​លាន​នាក់​។​

​នៅ​ថ្ងៃ​សៅរ៍ ក្រសួង​បាន​ប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣៩.០០៤​នាក់​បន្ទាប់​ពី​ឆ្លង​៣៧.២០៧​នាក់​កាលពី​ថ្ងៃ​សុក្រ​។​

​សូមបញ្ជាក់​ថា ហ្វីលីពីន​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ជាង​៣,១៦​លាន​នាក់​និង​ជិត​៥៣.០០០​នាក់​ស្លាប់ នាំអោយ​ប្រទេស​នេះ​ក្លាយជា​កន្លែង​ឆ្លងកូវី​ដ​១៩​ច្រើន​ជា​គេ​នៅ​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​ឥណ្ឌូនេស៊ី​។​

​ទោះជា​ការឆ្លង​កំពុង​កើនឡើង ក៏​ហ្វីលីពីន​កំពុង​កែប្រែ​គោលនយោបាយ​ធ្វើតេស្តិ៍​រក​កូវី​ដ ចត្តា​ឡី​ស័កនិង​ការតាមដាន​រក​ប្រភព​ឆ្លង នៅ​ពេល​ខ្លួន​បន្ត​ងាក​មក​រក​«​ការរស់នៅ​ជាមួយកូ​វីដ​១៩»​។​

​វេជ្ជបណ្ឌិត អេដសេ​ល សាល់​វ៉ា​ណា អ្នកជំនាញ​ជំងឺឆ្លង​និង​ជា​ទីប្រឹក្សា​ក្រសួង​សុខាភិបាល បាន​និយាយថា​«​ការធ្វើតេ​ស្តិ៍ទូ​ទៅ​»​លែង​ជា​បទដ្ឋាន​នៅពេល​រដ្ឋាភិបាល​ប្រកាន់យក​ការត្រួតពិនិត្យ​តាមដាន​រក​​ជំងឺ​នេះ​ដោយ​ចោះៗ​។​អ្នក​ដែល​ប៉ះពាល់​អ្នក​កើត​កូវី​ដក៏លែង​តំរូវអោយ​ធ្វើ​តេស្តិ៍​បើ​គេ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​និង​គ្រាន់តែ​រោគសញ្ញា​ស្រាល ឬ​មិន​បង្ហាញ​សញ្ញា​ថា​ឆ្លង​សោះ​។​ទោះជា​យ៉ាងណា ពួកគេ​​នឹង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក ឬ​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​រយៈពេល​ខ្លី​ជាង​មុន​។​

​ការធ្វើ​ចត្តា​ឡីស័​ក​សំរាប់​អ្នកចាក់​វ៉ាក់សាំ​ង​ពេញលេញ​ហើយ​ត្រូវបាន​កាត់បន្ថយ​ពី​១០​ថ្ងៃ​មក​៧​ថ្ងៃ សំរាប់​អ្នកចេញ​រោគសញ្ញា​ស្រាល ឬ​មធ្យម​។​

​ការ​ផ្តោត​លើ​ការ​ធ្វើតេស្តិ៍​ឥឡូវ​សំដៅលើ​មនុស្សចាស់ បុគ្គលិក​សុខាភិបាល​និង​អ្នក​ដែល​ងាយ​ប្រឈម​ឆ្លងកូវី​ដ​១៩​។​

​ហ្វីលីពីន កំពុង​ប្រយុទ្ធ​ទល់​នឹង​ការ​ឆ្លងកូវី​ដ​១៩​ដ៏​ធំ​បំផុត ដោយ​ចំនួន​ឆ្លង​កើនឡើង​ពីក្រោម​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​២៥​ធ្នូ មក​ជាង​៣០.០០០​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។​ក្នុងពេល​ជាមួយគ្នា ពួក​អ្នក​​ជំនាញការ​សុខាភិបាល​ហ្វីលីពីន​បាន​និយាយ​ថា​ចំនួន​ឆ្លងកូវី​ដ​១៩​ទំនងជា​នឹង​ស្រកស្រុត​មក​វិញ​ទេ​ត្រឹម​ចុង​ខែ​នេះ និង​អាច​អូសបន្លាយ​ដល់​សប្តាហ៍​ទី​២​ខែ​ខែកុម្ភៈ​៕

​ការ​ផ្តោត​លើ​ការ​ធ្វើតេស្តិ៍​ឥឡូវ​សំដៅលើ​មនុស្សចាស់ បុគ្គលិក​សុខាភិបាល​និង​អ្នក​ដែល​ងាយ​ប្រឈម​ឆ្លងកូវី​ដ​១៩