ដោយ​: សុផល​/​ភ្នំពេញ​: លោក ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ផូ​ល ក្លេ​មិន​ស៍ (Paul Clements) ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​កម្ពុជា IBC ដោយមាន​ការចូលរួម​ពី ក្រុមការងារ​ផ្នែក​បច្ចេកវិទ្យា​របស់​ក្រសួង​។​

​ជំនួប​ពិភាក្សា​នា​ថ្ងៃទី​១៤ មករា នា​ទីស្តីការក្រសួង​សាធារណការ​នេះ​ក្នុង​គោលបំណង ដើម្បី​រិះរក​វិធី​ធ្វើ​ទំនើបកម្ម ទៅលើ​ទំនាក់ទំនង និង​ផ្តល់​លទ្ធភាព​ជូន​ប្រជាពលរដ្ឋ អាច​រាយការណ៍ ផ្តល់ព័ត៌មាន អំពី​បញ្ហា​ចរាចរណ៍ ការស្ថាបនា​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការផ្តល់​សេវាសាធារណៈ តាមរយៈ​ការបញ្ជូន​រូបភាព វីដេអូ ទីតាំង ពេលវេលា និង​ខ្លឹមសារ​ព័ត៌មាន​ពាក់ព័ន្ធ​។

​គំនិត​ផ្តួចផ្តើម​នេះ នឹង​បង្កលក្ខណៈ​ឈានទៅរក ការធានា​ដល់​ទំនាក់ទំនង​លឿន​រហ័ស និង​ផលិត​របាយការណ៍​ការ​ងារ ដោយ​ស្វ័យប្រវត្តិ ជាមួយនឹង បច្ចេកវិទ្យា Telegram Bot ក្នុង​ក​ម្មិ​ធី​ទំនាក់ទំនង Telegram ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា និង​ក្នុង​សកលលោក​។​

​អង្គ​ប្រជុំបាន​ពិភាក្សា​ស្វែងយល់​អំពី លំហូរ និង​តម្រូវការ​ការងារ ជា​យន្តការ​ផ្នែក​យន្តការ​បច្ចេកវិទ្យា​។ អង្គប្រជុំ​បាន​ឯកភាព ក្នុងការ​សិក្សា​កម្រិត​ប​ច្ចេកទេស​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​មាន​មូលដ្ឋាន គោរព​ស្នើសុំ​គោល​ការណ៍ ពី​លោក​ទេសរដ្ឋមន្ត្រី បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ IBC រៀបចំ​ប្រព័ន្ធ​ដែល​ភ្ជាប់​បច្ចេកវិទ្យា Telegram Bot នេះ​ឱ្យ​ដំណើការ​ផ្តល់​ជា​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ល​រដ្ឋ និង​សម្រួល​ការងារ​មន្ត្រី​ពាក់ព័ន្ធ​។​

​បច្ចុប្បន្ននេះ កម្មវិធី​ទំនាក់ទំនង Telegram មាន​អ្នកប្រើប្រាស់​ប្រមាណ ៥៥០​លាន​នាក់ (​របាយការណ៍ Data Reportal គិត​ត្រឹម​ខែតុលា ២០២១)​។ កម្មវិធី​ទំនាក់ ទំនង​Telegram ក៏​ជា​កម្មវិធី​មួយ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​កម្ពុជា ទាំង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android ផងដែរ នេះ​បើ​យោងតាម​របាយការណ៍ របស់ Similar Web គិត​ត្រឹម​ថ្ងៃទី​១២ មករា ២០២២​។

​សូម​ជម្រាបជូន​ថា​៖ Telegram Bot គឺជា​គណនី ឆ្លាត​វៃ និង​ស្វ័យប្រវត្តិ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា AI (Artificial Intelligent) ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង ឆ្លើយឆ្លង​លឿន​រហ័ស ជាមួយ​អ្នកប្រើប្រាស់ ព្រមទាំង​ប្រមូល វិភាគ និង​ចងក្រង​ព័ត៌មាន នៅក្នុង​កម្មវិធី​ទំនាក់ទំនង Telegram៕​