ប្រែ​សម្រួលៈ​វាសនា​ប្រជាជន​តុង​ហ្កា​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​មករា បាន​ភៀសខ្លួន​ទាំង​ភិតភ័យ​ទៅ​កាន់​ទី​ខ្ពស់ៗ​បន្ទាប់​ពី​ការផ្ទុះ​ភ្នំភ្លើង​ធំ​មួយ បង្ក​អោយ​មាន​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​នៅ​ទូទាំង​តំបន់​​ប៉ាស៊ីហ្វិក​ខាងត្បូង​។​

​ការិយាល័យ​ឧតុនិយម​អូស្ត្រាលី​បាន​សរសេរ​បង្ហោះ​ថា « រលក​ស៊ូ​ណា​មី​កំពស់​១,២​ម៉ែត្រ​ត្រូវបាន​គេ​សង្កេតឃើញ​នៅ​រដ្ឋធានី​នូ​គូ អា​ឡូ​ហ្វា របស់​តុង​ហ្កា​»​។​

​ការផ្ទុះ​ភ្នំភ្លើង ហ៊ុន​ហ្កា តុង​ហ្កា​-​ហ៊ុន​ហ្កា ហា​អា​ប៉ា​យ កាលពី​ថ្ងៃ​សៅរ៍​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មានការ​ព្រមាន​អំពី​ស៊ូ​ណា​មី​ដាច់ដោយឡែក​មួយ​ដោយសារ​ការផ្ទុះ​ភ្នំភ្លើង​នេះ​កាលពី​ថ្ងៃ​សុក្រ​។​

​ផែនទី​បង្ហាញ​ទីតាំង​ភ្នំភ្លើង​ហ៊ុន​ហ្កា តុង​ហ្កា​-​ហ៊ុន​ហ្កា ហា​អា​ប៉ា​យ ដែល​បាន​ផ្ទុះ​កាលពី​ថ្ងៃ​១៤​មករា ដោយ​បញ្ជូន​រលក​សមុទ្រ​ធំៗ​បោក​ឆ្នេរ​នៅ​តុង​ហ្កា​

​ស្តេច​តុង​ហ្កា ទូ​ប៉ូ ទី​៦ ត្រូវ​បាន​ប្រាប់​អោយ​ភៀស​ព្រះកាយ​ចេញពី​វាំង​នៅ​ក្រុង​នូ​គូ អា​ឡូ​ហ្វា​និង​ត្រូវបាន​ក្បួន​រថយន្ត​ប៉ូលិស​ដង្ហែ​ទៅកាន់​វីឡា​មួយ​ឆ្ងាយ​ពី​ឆ្នេរ​។​

​ការផ្ទុះ​ដំបូង​បាន​ប្រព្រឹត្តទៅ​អស់​ពេល​៨​នាទី​និង​បាន​បញ្ជូន​កំសួល​ហ្គាស ផេះ​និង​ផ្សែង​ចូលក្នុង​អាកាស​រាប់គីឡូម៉ែត្រ​នៅពេល​អ្នកស្រុក​ប្រញាប់ប្រញាល់​ទៅ​កាន់​ទី​ខ្ពស់ៗ​។​ការផ្ទុះ​នេះ​សែន​ខ្លាំង ដល់​​ថ្នាក់​ឮ​ដល់​កោះហ្វី​ជី នៅ​ចម្ងាយ​ជាង​៨០០​គីឡូម៉ែត្រ​ពី​គ្នា​។​

​ក្នុងពេល​ជាមួយគ្នា​មន្ត្រី​ហ្វី​ជី​បាន​ប្រាប់​អ្នកស្រុក​អោយ​គ្រប​ទឹក​ដែល​ត្រង​ទុក​នៅ​ក្នុង​ធុង ក្នុងករណី​មានការ​ធ្លាក់ភ្លៀង​លាយ​ជាតិ​អាស៊ីដ​។​

​នៅ​តុង​ហ្កា មន្ត្រី​បាន​ប្រាប់​ប្រជាជន​អោយ​នៅ​ក្នុងផ្ទះ​និង​ពាក់​ម៉ាស់​បើ​ពួកគេ​ត្រូវ​ចេញ​ក្រៅ​ផ្ទះ​និង​គ្រប់ទឹក​សំរាប់​ប្រើប្រាស់​កុំ​អោយ​ត្រូវ​ភ្លៀង​អាស៊ីដ​។​

​មជ្ឈមណ្ឌល​ព្រមាន​ស៊ូ​ណា​មី​ប៉ាស៊ីហ្វិក បាន​ចេញ​ការណែនាំ​អំពី​ស៊ូ​ណា​មី​សំរាប់​ដែនដី​សា​ម៉ា​វ​អាម៉េរិក ។ ការព្រមាន​ស្រដៀង​គ្នា​ក៏​ត្រូវបាន​ចេញ​សំរាប់ នូវែ​លសេ​ឡង់ ហ្វី​ជី វ៉ា​នូ​អា​ទូ និង​អូស្ត្រាលី កន្លែង​ដែល​​អាជ្ញាធរ​បាន​និយាយថា ឆ្នេរ​ដ៏​វែង​រួម​ទាំង​ទីក្រុង​ស៊ីដនី អាច​នឹង​ជួប​ស៊ូ​ណា​មី​៕

​ភ្នំភ្លើង ហ៊ុន​ហ្កា តុង​ហ្កា​-​ហ៊ុន​ហ្កា ហា​អា​ប៉ា​យ តាំង​នៅ​លើ​កោះ​គ្មាន​មនុស្ស​រស់​នៅ​មួយ​ចម្ងាយ​៦៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​នូ​គូ អា​ឡូ​ហ្វា ។​រូបភាព​ផ្កាយរណប​បង្ហាញ​ការផ្ទុះ​ភ្នំភ្លើង​នៅ​បាតសមុទ្រ​នៃ​ប្រទេស​​តុង​ហ្កា​កាលពី​ថ្ងៃ​សៅរ៍​

ស៊ូណាមីតូចៗវាយប្រហារឆ្នេរតុងហ្កា