ប្រែសម្រួលៈវាសនា/ប៉េកាំង៖ រដ្ឋធានីចិនកាលពីថ្ងៃសៅរ៍ បានរាយការណ៍ករណីឆ្លងវីរុសអូមីក្រុងក្នុងមូលដ្ឋានជាលើកដំបូង ដោយវាកាន់តែដាក់សម្ពាធលើអាជ្ញាធរក្នុងការទប់ស្កាត់ការផ្ទុះជំងឺរាតត្បាតនេះនៅពេលមិនដល់៣សប្តាហ៍ផងមុនខ្លួនចាប់ផ្តើមកីឡាអូឡាំពិចរដូវរងារ។
ពួកមន្ត្រីបានបញ្ជាក់អះអាងអំពីការរកឃើញវីរុសចម្លងលឿននេះនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសៅរ៍ទី១៥មករា។ពួកគេបាននិយាយថា អ្នកដែលបានពាក់ព័ន្ធជាមួយអ្នកជំងឺត្រូវបានធ្វើតេស្តិ៍រកវីរុសនិងអ្នកនៅទីតាំងដែលអ្នកជំងឺបានទៅត្រូវរាយការណ៍ជូនអាជ្ញាធរ។
ក្នុងពេលជាមួយគ្នា អាជ្ញាធរបានបិទខ្ទប់អាគារស្នាក់នៅនិងកន្លែងធ្វើការរបស់អ្នកឆ្លងអូមីក្រុង និងបានប្រមូលសំណាកមកពីមនុស្ស២.៤៣០នាក់ដើម្បីធ្វើតេស្តិ៍រកវីរុស។
ករណីរកឃើញអូមីក្រុងក៏ត្រូវបានបញ្ជាក់នៅពេលមុននេះកាលពីថ្ងៃសៅរ៍នៅក្រុងសៀងហៃនិងហ្ស៊ូហៃក្នុងខេត្តក្វាងទុង នៅពេលគណៈកម្មាធិការសុខាភិបាលជាតិបានព្រមានអំពីលទ្ធភាពផ្ទុះអូមីក្រុងនៅទីកន្លែងទាំងនេះ។
ចិនបានរាយការណ៍រួចហើយអំពីការរកឃើញករណីឆ្លងអូមីក្រុងក្នុងស្រុកនៅទីក្រុងទៀនជីន ក្នុងខេត្តហឺណានភាគកណ្តាល និងក្នុងខេត្តលីអាវនិញភាគឦសាន។ទោះជាយ៉ាងណាចំនួនអ្នកឆ្លងអូមីក្រុងសរុបនៅមិនទាន់ច្បាស់។
មន្ត្រីសុខាភិបាលចិនម្នាក់នៅគណៈកម្មាធិការសុខាភិបាលជាតិបាននិយាយថា វិធានការទប់ស្កាត់វីរុសរបស់ជាតិមានប្រសិទ្ធភាពក្នុងទប់ស្កាត់អូមីក្រុង ។
ព្រឹត្តិការណ៍អូឡាំពិចរដូវរងារនឹងចាប់ផ្តើមនៅថ្ងៃ០៤កុម្ភៈនៅទីក្រុងប៉េកាំង ដោយបណ្តាទីក្រុងនៅពាសពេញប្រទេសចិនកំពុងប្រុងប្រយ័ត្នខ្លាំងពីការផ្ទុះជំងឺឆ្លងនេះ ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ គណៈកម្មាធិការសុខាភិបាលជាតិបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ថ្មីចំនួន១៦៥នាក់ បន្ទាប់ពីឆ្លង១៤៣នាក់កាលពីមួយថ្ងៃមុន។
គិតត្រឹមថ្ងៃ១៤មករា ចិនមានអ្នកកើតកូវីដសរុបក្នុងរយៈពេលជាង២ឆ្នាំមកនេះចំនួន១០៤.៧៤៥នាក់ និងចំនួនអ្នកស្លាប់ដោយជំងឺនេះនៅ៤.៦៣៦នាក់ដដែល៕
ប្រជាជនរង់ចាំធ្វើតេស្តិ៍រកវីរុសនៅក្រុងប៉េកាំង