ប្រែសម្រួលៈវាសនា/វែលលីងតុន៖ រដ្ឋធានីនូគូ អាឡូហ្វា រងការខូចខាតធំដុំដោយការផ្ទុះភ្នំភ្លើងខ្លាំងមួយ ដែលបានបង្ករលកស៊ូណាមី តែមិនមានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសមនុស្សបង្កឡើងពីការផ្ទុះនេះទេ។
ចាស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បាននិយាយកាលពីថ្ងៃអាទិត្យទី១៦មករានេះថា «ស៊ូណាមី បង្កផលប៉ះពាល់ខ្លាំងលើឆ្នេរនៅប៉ែកខាងជើងទីក្រុងនូគូ អាឡូហ្វា ដោយទូកនិងដុំថ្មធំៗត្រូវបានទឹកវ៉ៃឡើងគោក»។
លោកស្រីក៏បានសន្យាផ្តល់ការគាំទ្រសំរាប់តុងហ្កា និងបានសុំផ្តល់ជំនួយដំបូងចំនួន៥សែនដុល្លារដល់ប្រទេសដែនកោះប៉ាស៊ីហ្វិកនេះ។
សូមបញ្ជាក់ថា បណ្តាប្រទេសក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានព្យាយាមទាក់ទងជាមួយតុងហ្កានៅថ្ងៃអាទិត្យក្រោយស៊ូណាមីកាត់ផ្តាច់ការទាក់ទងតាមទូស័ព្ទនិងអ៊ីនធឺណិតនៅប្រទេសក្នុងមហាសមុទ្រមួយនេះ។
ភ្នំភ្លើងក្រោមសមុទ្រនៅឯនាយឆ្នេរតុងហ្កាបានផ្ទុះកាលពីថ្ងៃសៅរ៍ បង្កអោយមានការព្រមានអំពីរលកស៊ូណាមីនិងការបញ្ជាជម្លៀសមនុស្សនៅតាមឆ្នេរតុងហ្កា ព្រមទាំងបណ្តាកោះប៉ាស៊ីហ្វិកខាងត្បូងជាច្រើន កន្លែងដែលរូបភាពក្នុងបណ្តាញសង្គមបង្ហាញរលកវាយចូលផ្ទះនៅតាមឆ្នេរ។
នៅជប៉ុន មនុស្សរាប់ម៉ឺននាក់ត្រូវបានណែនាំអោយភៀសខ្លួនកាលពីថ្ងៃអាទិត្យ នៅពេលរលកសមុទ្រកំពស់ជាង១ម៉ែត្រ វាយតំបន់ឆ្នេរ។មនុស្សប្រមាណ២៣០.០០០នាក់ត្រូវបានប្រាប់អោយភៀសខ្លួននៅទូទាំង៨ខេត្តដោយសារតែហានិភ័យពីស៊ូណាមី។
រូបភាពផ្កាយរណបបង្ហាញការផ្ទុះភ្នំភ្លើងក្រោមទឹកសមុទ្រនៅឯនាយឆ្នេរតុងហ្កាកាលពីថ្ងៃ១៥មករា
ភ្នំ ហ៊ុនហ្កា-តុងហ្កា-ហ៊ុនហ្កា-ហា អាប៉ាយ បានផ្ទុះជារឿយៗនៅប៉ុន្មានទសវត្សរ៍មកនេះ តែការផ្ទុះកាលពីថ្ងៃសៅរ៍ខ្លាំងរហូតឮដល់កោះហ្វីជីនិងប្រទេសនូវែលសេឡង់។រូបភាពផ្កាយរណបចាប់បានការផ្ទុះកាលពីថ្ងៃសៅរ៍ ដោយវាបានបញ្ជូនផ្សែងកំពស់១៩គីឡូម៉ែត្រលើទឹកសមុទ្រ។
ផ្ទៃមេឃលើតុងហ្កាបានប្រែជាខ្មៅដោយសារផេះភ្នំភ្លើង។
ការផ្ទុះនេះនាំអោយមានការព្រមានអំពីស៊ូណាមីនៅទូទាំងតំបន់ប៉ាស៊ីហ្វិក ដោយសហរដ្ឋអាម៉េរិកនិងជប៉ុនអំពាវនាវអោយប្រជាជននៅតាមឆ្នេរប៉ាស៊ីហ្វិករបស់គេនៅអោយឆ្ងាយពីឆ្នេរ។អូស្ត្រាលីនិងនូវែលសេឡង់ក៏បានចេញការព្រមានស្រដៀងគ្នា សំរាប់អ្នករស់នៅតាមឆ្នេរ៕
ឆ្នេរនៅឈីលីត្រូវជម្លៀសមនុស្សចេញអស់ដោយសារខ្លាចមានស៊ីណាមីវាយប្រហារ