​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ព្រះអង្គម្ចាស់​ហារី ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាម៉េរិក កំពុង​ប្តឹង​ទៅ​តុលាការ​អង់គ្លេស​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ទ្រង់​មាន​ការការពារ​​ពី​ប៉ូលិស​ដែល​ទ្រង់​ជា​អ្នក​ចេញ​លុយហោប៉ៅ​ខ្លួនឯង ដោយ​ទ្រង់​សំអាងថា ការសម្រេចចិត្ត​នេះ​គឺ​មានន័យថា ទ្រង់​មិន​អាច​ត្រឡប់​មក​ស្រុក​វិញ​បាន​ទេ​។​

​ព្រះអង្គម្ចាស់​ហារី​និង​មហេសី​មេហ្គា​ន​បាន​បាត់បង់​ការការ​ពា​រដែ​ល​ចេញ​លុយ​ដោយ​អ្នក​បង់ពន្ធ​អង់គ្លេស នៅពេល​ដែល​ពួក​ទ្រង់​ចាកចេញ​ពី​តួនាទី​មុខងារ​រាជវង្ស​ជួរមុខ​ក្នុង​ឆ្នាំ ២០២០​ហើយ​ផ្លាស់​ទៅ​​រស់​នៅ​សហរដ្ឋ​អាម៉េរិក​។​

​ឥឡូវ​កំពុង​រស់នៅ​ក្នុង​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា ពួក​ទ្រង់មាន​ក្រុម​សន្តិសុខ​ឯកជន​ផ្ទាល់ខ្លួន​។​

​ឯកសារ​ច្បាប់​បានបង្ហាញ​ថា ព្រះអង្គម្ចាស់​ហារី​កំពុង​តវ៉ា​ថា ក្រុម​សន្តិសុខ​អាម៉េរិក​នឹង​មិន​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​ការពារ​គ្រួសារ​ទ្រង់​នៅ​ចក្រភព​អង់គ្លេស​ទេ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន PA របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី​១៦ មករា​ថា ព្រះអង្គម្ចាស់​ហារី​កំពុង​ស្វែងរក​ការ​ពិនិត្យ​ឡើងវិញ​ដោយ​តុលាការ​នៅ​ទីក្រុង​ឡុង​ដ៍​បន្ទាប់ពី​ក្រសួង​មហា​​ផ្ទៃ​បាន​បដិសេធ​សំណើ​របស់​ទ្រង់​ក្នុងការ​បង់ប្រាក់​សម្រាប់​ការការពារ​ពី​ប៉ូលិស​។​

​អ្នកតំណាង​ផ្នែក​ច្បាប់​របស់​ទ្រង់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់ PA ថា​”​ចក្រភព​អង់គ្លេស​នឹង​តែងតែ​ជា​ផ្ទះ​របស់​ព្រះអង្គម្ចាស់​ហារី​និង​ជា​ប្រទេស​ដែល​ទ្រង់​ចង់ឱ្យ​មហេសី​និង​បុត្រ​​របស់​ទ្រង់​មាន​សុវត្ថិភាព​។ ដោយ​ខ្វះ​ការការពារ​ពី​ប៉ូលិស ហានិភ័យ​គឺមាន​ខ្ពស់​ណាស់​សម្រាប់​គ្រួសារ​ទ្រង់​”៕

ព្រះអង្គម្ចាស់​ហារី​កំពុង​តវ៉ា​ថា ក្រុម​សន្តិសុខ​អាម៉េរិក​នឹង​មិន​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​ការពារ​គ្រួសារ​ទ្រង់​នៅ​ចក្រភព​អង់គ្លេស​ទេ