​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ កងកម្លាំង​យោធា​អ៊ីស្រាអែល (IAF)​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​មករា​ថា អង្គភាព​ទ័ពអាកាស​របស់​ពួកគេ​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​សមយុទ្ធ​យោធា Desert Falcon នៅលើ​សមុទ្រ​ណេ​ហ្គេវ​ជាមួយ​ទីបញ្ជាការ​កណ្តាល​អាម៉េរិ​ក CENTCOM ដែល​មាន​មូលដ្ឋាន​នៅ​មជ្ឈិមបូព៌ា នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​ផ្លូវការ​ពី​យោធា​របស់​ប្រទេស​នេះ​។​

​អ្នកបើក​យន្តហោះ​អ៊ីស្រាអែល​មក​ពី​កងអនុសេនាធំ​ទី ១១៩ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង F-16 និង​យន្តហោះ​ឈ្លប​យកការណ៍ Gulfstream G550​បាន​ធ្វើ​សមយុទ្ធ​ជាមួយ​កង​​អនុ​សេនា​ធំ​ប្រយុទ្ធ​ទី ១២២ ទី ១១៥ និង​ទី ៥៥ របស់​សហរដ្ឋ​អាម៉េរិក ដែល​ធ្វើ​ប្រតិបត្តិការ​យន្តហោះ F-16 ។​

​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ដែនអាកាស​លើ​វាល​ខ្សាច់​ណេ​ហ្គេវ​ក្បែរ​មូលដ្ឋាន​ទ័ពអាកា​ស​អូវ​ដា​របស់ IAF ដែល​មាន​ទីតាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ីស្រាអែល​។​

​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បាន​និយាយថា “​ក្រុម​ទាហានជើងអាកាស​អ៊ីស្រាអែល​បាន​ហោះហើរ “​ប្រកៀក​ស្មា​គ្នា​” ជាមួយ​ក្រុម​ទ័ពអាកាស​អាម៉េរិក​ហើយ​បាន​ធ្វើ​ដូចជា​កំពុង​ឆ្លើយតប​រួមគ្នា​ចំពោះ​​ការគំរាមកំហែង​ពី​លើ​អា​កាស​និង​វាយប្រហារ​លើ​គោលដៅ តាមរយៈ​ការអប់រំ កិច្ចសហប្រតិបត្តិការ និង​ការរីកចម្រើន​ទៅវិញទៅមក​”​។​

​សមយុទ្ធ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​មាន​របាយការណ៍​នានា​អះអាងថា អ៊ីស្រាអែល​បានរៀបចំ “​បញ្ជី​ប៉ងប្រាថ្នា​”​សម្ងាត់​មួយ​សម្រាប់​អាវុធ​ដែល​ខ្លួន​ចង់ឱ្យ​សហរដ្ឋ​អាម៉េរិក​រក្សាទុក​នៅ​ក្នុង​សម្ពន្ធ​ខ្លាំង​​ស្តុក​បម្រុង​សម្រាប់​សង្គ្រាម ដែល​មាន​មូលដ្ឋាន​នៅ​អ៊ី​ស្រា​អ៊ែល (WRSA-I)​ដែល​រក្សាទុក​អាវុធ​របស់​អាម៉េរិក​សម្រាប់​ប្រើប្រាស់​ក្នុងករ​ណី​ផ្ទុះ​សង្គ្រាម​។​

​កាលពី​ឆ្នាំមុន នៅពេល​ដែល​អ៊ីស្រាអែល​បន្ត​បង្កើន​ការព្រួយបារម្ភ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ អ៊ីស្រាអែល​បាន​ដាក់ចេញ​នូវ​សេណា​រី​យ៉ូល​ទ្ធភាព​វាយប្រហារ​ប្រឆាំង​នឹង​គោលដៅ​របស់​អ៊ីរ៉ង់ ដែល​ក្នុងនោះ​ក្រសួង​ការពារជាតិ​បាន​ទទួល​ថវិកា​បន្ថែម​ចំនួន​ប្រហែល ២,៩ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រើ​ក្នុង​រឿងនេះ​៕

​សមយុទ្ធ​យោធា Desert Falcon​នៅលើ​សមុទ្រ​ណេ​ហ្គេវ​ជាមួយ​ទីបញ្ជាការ​កណ្តាល​អាម៉េរិ​ក​បាន​បញ្ចប់​ដោយ​ជោគជ័យ