ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​៖​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្ន​ពីព្រោះ​ធ្វើ​អ្វីៗ​ពុំ​សូវ​សម្រេច និង មានការ​រាំងស្ទះ​ច្រើន​។​ក្នុងថ្ងៃនេះ​បើទោះបី​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​កុំ​គប្បី​មានការ​ធ្វេសប្រហែស​ឱ្យសោះ​ពិសេស​កិច្ចការងារ​ថ្មីៗ​ពីព្រោះ​ងាយ​ជះ​ផល​អាក្រក់​យូរអង្វែង​ទៅ​គ្រា​ខាងមុខ​។​អ្នក​អាជីវករ​មានការ​ទិញ​ចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ផល​កម្រៃ​ឆ្លើយតប​ក៏​គួរ​ជាទី​ពេញចិត្ត​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ឃើញថា​មិនអាច​ដំណើរការ​បានល្អ​ឬ​ទទួលជោគជ័យ​ដូច​គាប់​បំណង​នោះឡើយ​។​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ​អភ័យទោស​ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខ​ដើម និង មានការ​រីកលូតលាស់​ជាង​នេះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ ហើយ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន និង បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​លោកអ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ ឬ សម្រេចចិត្ត​ចង់​ប្រកប​កិច្ចការ​អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ដំណើរ​ជីវិត​ភ្លឺ​ថ្លា ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលផល​សម្រេច​តាម​បំណងប្រាថ្នា​សឹង​ទាំងអស់​។​ព្រោះតែ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​គឺ​តែង​អាច​សម្រេច​ដូច​ក្តី​ប៉ងប្រាថ្នា​សឹង​ទាំងអស់​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ ផ្តល់​ផល​ល្អ​សម្រាប់​ការលេង​ហ៊ុន ធ្វើ​កិច្ចសន្យា ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផល​ល្អ​ត្រឡប់មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ទទួល​រង​ការនឿយហត់​និង​ទទួលរង​សម្ពាធ​ច្រើន ប៉ុន្តែ​យ៉ាងណា​ឆ្លង​ចូលមក​ដល់​ថ្ងៃនេះ​លោកអ្នក​បាន​រួច​ផុតពី​ឧបទ្រព​ចោមរោម ហើយ​ភាព​ចម្រើន​លូតលាស់​បាន​ចូលមក​វិញ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​ដូច្នេះ​ដែរ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហើយ​បើ​មាន​ពឹងពាក់​នរណា​ឬ​ចង់​ចរចា​រឿង​អ្វីមួយ​តែង​ទទួល​ជា​ផ្លែផ្កា​គ្រាន់​គាប់ចិត្ត​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។​ការប្រកប​របរ រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​ឃើញថា​ងាយ​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​បន្តិច ហេតុនេះ​បើ​អាច​សង្កត់ចិត្ត​ទប់​អារម្មណ៍​ជាមួយ​បញ្ហា​ជុំវិញខ្លួន​កាន់តែ​ប្រសើរ​។​ការប្រកប​ការងារ​ឃើញថា​មិន​ងាយ​ចប់​ហើយ​ធ្វើ​អ្វី​ក៏​យឺតយូរ​និង​ពិសេស​មាន​បញ្ហា​ច្រើន​នាំ​ពិបាក​ឆ្លងកាត់​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ត្រូវ​ចងចាំ​ថា​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ថ្ងៃនេះ​តោង​តែ​ឧស្សាហ៍​ខ្មី​ឃា្ម​ត​បន្តិច​ទើប​ផ្លែផ្កា​ល្អៗ​អាច​ហុច​ទាន់ពេលវេលា​ឬ​មិនត្រូវ​គេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​អាចមាន​ក្រុមមនុស្ស​បង្ករឿង និង​មើលបំណាំ ច្រើន​ធ្វើឱ្យ​មិន​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចេះ​សម្លឹង​មុខរបរ​ថ្មីៗ​ក្រែង​ជួប​ដូច​បំណង ហើយ​ធូរ​ដល់​ថ្ងៃក្រោយ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​ចូរ​ប្រយ័ត្ន​ចាញ់​ប្រៀប​គេ​ឬ​ត្រូវគេ​បន្លំ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ដោយ​បញ្ជូន​មិនទាន់ ឯ​ចៅហ្វាយនាយ​ក៏បង្ក​បញ្ហា​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ភាពស្ងប់ស្ងាត់​អ​ថិ​ជន​បន្តិច​តែ​យ៉ាងណា​ការប្រកប​របរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការ​ជឿនលឿន​ទៅមុខ​ទេ​មានតែ​ការ​ថយក្រោយ​ច្រើនជាង​៕​ ​

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​រលូន​ល្អ​ទៅមុខ ហើយ​ពិសេស​មាន​ការជួយជ្រោមជ្រែង​ពី​សាច់ញាតិ​ឬ​មិត្តភក្តិ​ថែមទៀត​។​នៅថ្ងៃនេះ​បើ​មាន​ប្រកបការងារ​លោកអ្នក​ធ្វើ​អ្វី​តែង​បង្ហាញ​លទ្ធផល​ឱ្យឃើញ​គ្រាន់​ជាទី​កក់ក្តៅ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ប្រាក់កម្រៃ​អាច​ហូរ​ចូល​ខ្លះ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ស្ត្រី​បើ​លោកអ្នក​ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិន​ដឹងឮ​រឿង​រាវ​ខ្លះ​ប្រយ័ត្ន​បណ្តែតបណ្តោយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់លោក​អ្នកងា​យ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។​ម្រា​ប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។​
​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​នា​ថ្ងៃនេះ​បោះជំហាន​ទៅមុខ​គ្រាន់​លឿន​គួរសម ហើយ​សេចក្តីប្រាថ្នា​មួយចំនួន​ដែល​ប៉ង​យូរ​មកហើយ ក៏​តែង​លេច​ចេញមក​ឱ្យឃើញ​គ្រាន់​ផ្តល់​ក្តីសង្ឃឹម​ឡើងវិញ​។​ចំពោះ​អ្នក​ប្រកបការងារ​បើ​មាន​ចំណុច​ខ្វះខាត​ត្រង់ណា​មិនត្រូវ​ព្រងើយកន្តើយ​រក​អ្នកដទៃ​ជួយ​បង្រៀន​ឬ​បង្ហាត់​បង្ហាញផ្លូវ​ជាការ​ប្រពៃ​បំផុត​។​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការដាក់ទុន​ក្នុង​រឿង​អ្វីមួយ​ឬ​បើ​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​មានការ​ចម្រើន​លូតលាស់​គួរកត់សម្គាល់​ដែរ​។
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​និង​ជា​ពេលវេលា​ល្អ​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕