​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុម​អ្នកនិពន្ធ​នៃ​ការសាកល្បង​វ៉ាក់សាំង​នៅ​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មករា​ថា ការចាក់​វ៉ាក់សាំង​ទី ៤ របស់ Pfizer និង Moderna ប្រឆាំង​នឹង​កូវី​ដ​១៩ គឺ​មាន​ប្រសិទ្ធភាព “​ដោយ​ផ្នែក​” ប៉ុណ្ណោះ​ប្រឆាំងនឹង​មេរោគ​អូ​មី​ក្រុង​។​

​អ្នកសិក្សា​មួយក្រុម​មក​ពី​មន្ទីរពេទ្យ​ឈ្មោះ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សេ​បា (Sheba)​នៅ​ជិត​ទីក្រុង​តែ​ល​អា​វីវ (Tel Aviv)​បាន​ចាប់ផ្តើម​ធ្វើ​ការសាកល្បង​កាលពី​ខែ​ធ្នូ​លើ​ការចាក់​វ៉ាក់សាំង​បង្ការ​​ជំងឺ​កូវី​ដ​១៩​ដូសទី​៤ ដោយ​ចាក់​វ៉ាក់សាំង​ហ្វាយ​ហ្សឺ​( Pfizer)​ដល់​បុគ្គលិក​មន្ទីរពេទ្យ​ចំនួន ១៥៤ នាក់ និង​ចាក់​វ៉ាក់សាំង​ម៉ូឌែ​រណា​( Moderna)​ដល់​អ្នកស្ម័គ្រចិត្ត​ចំនួន ១២០ នាក់​ផ្សេង​ទៀត​។​

​មន្ទីរពេទ្យ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លទ្ធផល​បឋម​នៃ​ការសាកល្បង “​បានបង្ហាញ​ថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​ផលិត​អង្គ​បដិ​ប្រាណ​ច្រើន​ក្រាស់ក្រែល​ប៉ុន្តែ​មាន​ប្រសិទ្ធភាព​​ដោយ​ផ្នែក​ប៉ុណ្ណោះ​ក្នុង​ការការពារ​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ខ្លួន​អូ​មី​ក្រុង​”​។​

​សាស្ត្រាចារ្យ ហ្គី​លី រី​ហ្គេវ​-​យ៉ូ​ឆាយ (Gili Regev-Yochay) ដែល​ដឹកនាំ​ការសិក្សា​នេះ បាន​និយាយថា ខណៈ​មាន​ការកើនឡើង​អង្គ​បដិ​ប្រាណ​យ៉ាង​ច្រើន​បន្ទាប់​ពី​ការចាក់​ដូ​សទី​៤​វា​បាន​ផ្តល់​​ការការពារ​ដោយ​ផ្នែក​ប៉ុណ្ណោះ​ប្រឆាំង​នឹង​មេរោគ​អូ​មី​ក្រុង​សម្រាប់​អ្នក​ដែល​ឆ្លង​មេរោគ​នេះ​។​

​លោក​រី​ហ្គេវ​-​យ៉ូ​ឆាយ​បាន​កត់សម្គាល់​ថា វ៉ាក់សាំង​ដូសទី​៤ “​មាន​ប្រសិទ្ធភាព​ខ្លាំង​ប្រឆាំង​នឹង​មេរោគ​បំប្លែង​មុនៗ​”​។​

​អ៊ីស្រាអែល​ស្ថិតក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​ដែល​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ទ្រង់ទ្រាយ​ធំ​សម្រាប់​ប្រជាជន​ខ្លួន​។​បន្ទាប់មក អ៊ីស្រាអែល​បានចាប់ផ្តើម​ចាក់ដូស​ជំរុញ​កាល​ពី​រដូវក្តៅ​ឆ្នាំមុន ហើយ​ចាប់​​តាំងពី​ពេលនោះ​មក​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ដូសទី​៤​សម្រាប់​មនុស្ស​ចាស់​និង​ប្រជាជន​ដែល​ងាយ​រងគ្រោះ​។​

​យោង​តាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង​សុខាភិបាល ជនជាតិ​អ៊ីស្រាអែល​ជាង ៥៣៧.០០០ នាក់​បាន​ទទួល​វ៉ាក់សាំង​លើក​ទី ៤​។​

​ជាង ៨០ ភាគរយ​នៃ​មនុស្ស​ពេញវ័យ​នៅ​អ៊ីស្រាអែល​បាន​ចាក់​វ៉ាក់សាំង​២​ដូស ហើយ​ជាង​ពាក់កណ្តាល​បាន​ចាក់ដូស​ជំរុញ​៕

គ្រូពេទ្យ​កំពុង​ត្រៀម​វ៉ាក់សាំង Pfizer សម្រាប់​ចាក់​ដូសទី​៤​ដល់​ប្រជាជន​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សេ​បា