ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយ ក្មួយៗ ជាបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ចំនួន ៧០៨ នាក់ នៅទូទាំងស្រុកពញាឮ ខេត្តកណ្តាល ដោយបានទាំង ផ្តល់រង្វាន់ លើកទឹកចិត្តដល់ ក្មួយៗទាំង ៧០៨ នាក់។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្តាល បានសំដែង នូវការ អបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួល បានជោគជ័យ ជូនដល់គ្រួសារ និងសង្គមជាតិ។
នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបាន ប្រឡងជាប់ ត្រូវបន្តខិតខំធ្វើការសិក្សារៀនសូត្រ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាន ជោគជ័យ នៅឆ្នាំក្រោយ ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នង ឫស្សី សម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ។ ក្នុងបរិបទ នៃការរីករាលជំងឺកូវីដ-១៩ ជាសកល សូមក្មួយៗ ថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល ។
រំលឹកឱ្យដឹងថា នៅក្នុងសម័យប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១ កន្លងទៅនេះ លោករដ្ឋមន្ត្រី និងក្រុមការងារ បានជួយឧបត្ថម្ភកន្លែង ស្នាក់នៅ និងការហូបចុក ដល់បេក្ខជនទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សរុបចំនួន ៧០៨ នាក់។
នៅចុងបញ្ចប់ នៃពិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានផ្តល់រង្វាន់ដល់ បេក្ខជន ទាំង ៧០៨ នាក់ សម្រាប់និទ្ទេស A ចំនួន ម្នាក់ ទទួលបានម៉ូតូ ហុងដា Zoomer X មួយគ្រឿង, និទ្ទេស B ចំនួន ២៦ នាក់ ម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០ ដុល្លារ, និទ្ទេស C ចំនួន ៩៤ នាក់ ម្នាក់ៗ ទទួលបានថវិកា ចំនួន ៧០ ដុល្លារ, និទ្ទេស D ចំនួន ១៩៧ នាក់ ម្នាក់ៗ ទទួលបានថវិកា ចំនួន ៥០ ដុល្លារ , និទ្ទេស E ចំនួន ២៤៣ នាក់ ម្នាក់ៗ ទទួលបានថវិកា ចំនួន ៣០ ដុល្លារ និងបេក្ខជនប្រឡង មិនជាប់ ចំនួន ១៤៧ នាក់ ម្នាក់ៗ ទទួលបានថវិកា ចំនួន ១៥ ដុល្លារ៕/V-PC