ដោយៈ ដេប៉ូ / ភ្នំពេញៈ លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថាៈ យុវជន​ជា​សសរទ្រូង ជា​អ្នក​បន្តវេន​ដ៏​មាន​ថាមពល រួមគ្នា លើ​ការអភិវឌ្ឍ​ប្រទេសជាតិ នា​ថ្ងៃ​ខាងមុខ​។​

​ការលើកឡើង​បែបនេះ ធ្វើឡើង បន្ទាប់ពី លោក រដ្ឋមន្ត្រីក្រសួង​ការងារ នា​ព្រឹក​ថ្ងៃ​១៨ ខែមករា ឆ្នាំ​២០២២ បានអនុញ្ញាត​ឲ្យ​បេក្ខភាព ជ័យលាភី​អាហា រូបករណ៍ របស់​រដ្ឋាភិបាល​អូស្ត្រាលី ឆ្នាំ​២០២១-២០២២ ចំនួន ១៨​នាក់ (​ស្រី​ចំនួន ៨​នាក់​) មាន​សមាស​ភាពជា​មន្ត្រី​រាជការ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​និង​មន្ត្រី​អង្គការ ក្រៅ​រដ្ឋា​ភិ បាល ចូលជួប​សម្តែង​ការគួរសម​រួចមក​។​

​លោក រដ្ឋមន្ត្រី បានលើកឡើង ដោយ បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​បេក្ខភាព អាហារូបករណ៍ ដែល​ទទួលបាន​ការសិក្សា នៅ​ប្រទេស​អូស្ត្រាលី ដែល​អាច​ចាត់ទុកបាន​ថា ជា​ឱកាស​ដល់​មានតម្លៃ​មួយ​សម្រាប់​កូន​ខ្មែរ​របស់ យើង ដែល​ទទួលបាន​ឱកាស បាន​ទៅ​សិក្សា​នៅ​ប្រទេស​ដែលមាន​ភាព​រីក ចម្រើន លើ​ផ្នែក​បណ្តុះបណ្តាល ធនធានមនុស្ស​មួយ​នេះ​។​

​លោក​បាន​មានប្រសាសន៍ៈ « នេះ​ជា​បរិបទ​ថ្មី​ប្រចាំជីវិត​របស់​ក្មួយៗ គ្រួសារ​ក្មួយៗ ផ្ទាល់ ពិតជា​រីករាយ និង​សប្បាយចិត្ត​ណាស់​ចំពោះ​ក្មួយៗ​។ រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ពិត​ជាមាន​មោទកភាព ដែល​បាន​បង្កើត​ឱកាស​នេះ​ជូន​ដល់​ក្មួយៗ ជា​យុវជន​។ ពូ ជឿជាក់ថា ការសិក្សា​របស់​ក្មួយ​នឹង​ទទួលបាន​ជោគជ័យ ក្លាយជា​មនុស្ស​ថ្មី ដែលមាន​សមត្ថភាព​ខ្ពស់ជាង​ពេលនេះ​។ នេះ​ជាការ​តបស្នង ដែល​ល្អ​បំផុត​សម្រាប់ ខ្លួនឯង​ផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និង​អ្នក​ជាទី ស្រលាញ់ ចំពោះ​សាមី​ស្ថាប័ន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រទេស​ដែល​ផ្តល់ អាហារូបករណ៍​»​។​

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែមថាៈ រាជរដ្ឋាភិបាល កំពុង​អនុវត្ត​គោលនយោបាយ​យុវជន ដោយ​យុវជន​ជា​សសរទ្រូង ជា​អ្នក​បន្តវេន របស់​ជាតិ ផ្តល់ជូន​នូវ​ឱកាស​មាស គឺ​សន្តិភាព​, ទទួលបាន​ការអប់រំ ការបណ្ដុះ បណ្ដាល​ជំនាញ​, ទទួលបាន​ការងារ មុខរបរ​, ចូលរួម​ក្នុង​សកម្មភាព​សង្គម​, ទទួល បានការ​តែងតាំង​តាម​សមត្ថភាព និង​ស្នាដៃ​ជាមួយ​រូបមន្ត​រក្សា​ចាស់​បន្ថែម​ថ្មី ។ ចលនា​យុវជន ដែល​ដឹកនាំ​ដោយ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន និង​ជា បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដើម្បី​អនាគត​ភ្លឺ ស្វាង​មួយ​របស់​យុវជន​។ សូម​ចាំ​ថា ឱកាសល្អ​មិនមាន​គ្រប់ពេលវេលា​នោះទេ កត្តា​សុខសន្តិភាព​ជា​គន្លឹះ គ្មាន​សន្តិភាព គ្មាន​ការអភិវឌ្ឍ​។ នេះ​ជា​អ្វីដែល​យុវជន ជា​អ្នក​បន្តវេន ត្រូវ​រៀនសូត្រ​។​

​លោក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ ដល់​បេក្ខភាព​អាហារូបករណ៍ ដែល​បាន​សិក្សា នៅ​ប្រទេស អូស្ត្រាលី ត្រូវខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ​ក្រេប​យក ចំណេះវិជ្ជា ពី​ប្រទេស ដែលមាន​ការរីកចម្រើន លើ​ការបណ្តុះបណ្តាល ធនធាន​មុ​ស្ស​មួយ​នេះ ដើម្បី​អនាគត ដ៏​ភ្លឺស្វាង​របស់ខ្លួន​។ ថែរក្សា​សុខភាព ជាពិសេស​ក្នុង​បរិបទ​នៃ​កូ​វីដ​-១៩​នេះ គឺ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ភ្ជាប់​នូវ​វិធាន​អនាម័យ​។ ត្រូវ​ចូលរួម​សកម្មភាព​សង្គម​នានា ជួយ​ផ្សព្វផ្សាយ​សភាពការណ៍​ព័ត៌មាន​ត្រឹម ត្រូវ​ពី​កម្ពុជា ជាពិសេស​គឺ ត្រូវ​រក្សាបាន​នូវ សាមគ្គីភាព ទំនាក់ទំនង​គ្នា ឲ្យ​កាន់តែ​ល្អ ចេះ​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក ក្នុងពេល​មាន​អាសន្ន ចេះ​សម្រប​ខ្លួន​រស់នៅក្នុង​សហគមន៍ ដែលមាន​វប្បធម៌ និង​ជាតិ សាសន៍​ខុសៗ គ្នា និង​ជូនពរ​ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការសិក្សា​របស់ខ្លួន​។​

​គួរ​បញ្ជាក់ថា អាហារូបករណ៍ Australia Awards គឺជា​អាហារូបករណ៍ អន្តរជាតិ ដ៏​មាន​កិត្យានុភាព​មួយ ដែល​ត្រូវបាន​ឧបត្ថម្ភ ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​គោលបំណង​រួមចំណែក ដល់​តម្រូវការ​អភិវឌ្ឍ​ន៍ រយៈពេល​វែង​របស់ ប្រទេស​ជា ដៃគូ ដោយ​ស្របតាម​កិច្ចព្រមព្រៀង​សកល ទ្វេភាគី និង​តំបន់​។​

Australia Awards មាន​គោលបំណង​គាំទ្រ ដល់​កំណើនសេដ្ឋកិច្ច របស់ ប្រទេស​កម្ពុជា ព្រមទាំង​ចូលរួមចំណែក ក្នុងការ​ពង្រឹង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​។ លើសពីនេះទៅទៀត ក៏បានផ្តល់​ឱកាស​សិក្សា ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិជ្ជាជីវៈ ដល់​ប្រជាជន​កម្ពុជា ដែលមាន​ទេពកោសល្យ និង​ជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ ដែលមាន​បំណង នាំយក​នូវ​ឥទ្ធិពល​វិជ្ជមាន មកកាន់​ប្រទេស​របស់​ពួកគេ ក៏ដូចជា​មានបំណង កសាង​អាជីព​ការងារ ដែល​រួមចំណែក​ដល់ តម្រូវការ​អភិវឌ្ឍន៍​របស់​កម្ពុជា នាពេល​អនាគត​៕/V​-PC