ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន បានទទួល​ជួប​ជាមួយ​ជាមួយ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​លេខាធិការដ្ឋាន​អាស៊ាន មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៥ ដល់ទី​១៩ ខែមករា ឆ្នាំ​២០២២​។

​ក្រសួង​អប់រំ​បានឱ្យដឹងថា​នៅក្នុង​ជំនួប​ពិភាក្សា​នេះ ភាគី​ទាំង​ពីរបាន​ពិភាក្សា​ទៅលើ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ផ្នែក​សហគមន៍​សង្គម​-​វប្បធម៌ ដែល​រួមមាន​អាទិភាព និង​ឯកសារ​លទ្ធផល​ក្រោម​សហគមន៍​សង្គម​-​វប្បធម៌ ដែល​ត្រូវ​យកទៅ​អនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅក្នុង​ឆ្នាំ​២០២២​។

​ក្នុង​កិច្ចពិភាក្សា​នេះ​ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​នានា​រវាង​លេខាធិការដ្ឋាន​អាស៊ាន និង​វិស័យ​ទាំងអស់​នៅក្រោម​សហគមន៍​សង្គម​-​វប្បធម៌ ដើម្បី​ធានាថា ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា សម្រាប់​ឆ្នាំ​២០២២ នឹង​សម្រេចបាន​ជោគជ័យ និង​លទ្ធផល​ល្អប្រសើរ​៕