ដោយៈរ៉ាម៉ន/ភ្នំពេញៈ លោកកើត ឆែ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ អ្នកតវ៉ាមកពីសង្កាត់បឹងកក់ទី១ និងបឹងកក់ទី២ ខណ្ឌទួលគោកប្រជាពលរដ្ឋជាច្រើននាក់ពាក់ព័ន្ធនិងរឿងដីធ្លី ផ្ទះសម្បែង របស់ពួកគាត់។
ក្នុងជំនួបកាលពីព្រឹកថ្ងៃទី១៨ខែមករានេះ លោកអភិបាលរងទាំងពីររូប បានពន្យល់ ពីគោលការណ៍និងចំណុចមួយចំនួនដោយសូមឱ្យរក្សា ស្ថានភាពដើមដដែលព្រោះអាជ្ញាធរមិនមានគោលការណ៍ឬសេចក្តីណែនាំណាមួយពីការឱ្យបងប្អូនចាកចេញពីទីតាំងដែលកំពុងរស់នៅនេះទេ។ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះអាជ្ញាធររាជធានីភ្នំពេញក៏ដូចខណ្ឌនិងសង្កាត់សុទ្ធតែជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះពុំទាន់មានគោលការណ៍ណាមួយដើម្បីអភិវឌ្ឍន៍នៅចំណុច ដែលបងប្អូនកំពុងរស់នៅនេះទេ។
លោកទាំងពីរបានពន្យល់ថា លោកឃួង ស្រេង តែងប្រកាន់យកគោលការណ៍ សិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋជាប់ជានិច្ច ហើយការដោះស្រាយនេះក៏ទទួលបានជោគជ័យជាច្រើនទីតាំងរួចមកហើយដែរ។
ក្រោយពីការបកស្រាយពន្យល់ ពីលោកកើត ឆែ និងលោកមាន ចាន់យ៉ាដា រួចមកប្រជាពលរដ្ឋដែលមកតវ៉ាដល់សាលារាជធានីភ្នំពេញ បានយល់ដឹងនិងសន្យាអនុវត្តតាមគោលការណ៍ណែនាំ ៕សរន-PC