ដោយ​:​សុផល​/​បាត់ដំបង​: បាណន់​ជា​ស្រុក​មួយ​ដ៏​ល្បី​នៅ​ខេត្តបាត់ដំបង​ដោយ សារ​មាន​រមណីយដ្ឋាន​ភ្នំ​បាណន់ និង​ប្រាសាទ​បាណន់​ដែលជា​រមណី​ដ្ឋា​ន​ទេសចរណ៍វប្បធម៌​ធម្មជាតិ និង​កន្លែង​ជិះ​ឡូរី​កម្សាន្ត លំហែ​ដែល​ទាក់ទាញ​ទេសចរ​ជាច្រើន​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រុក​បាណន់ ទោះ​នៅ​ទីជនបទ​ក៏ដោយ​តែ​បានទទួល​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារ​ប្រជាពលរដ្ឋ​ជាច្រើន​បានចាប់ផ្តើម​ប្រើប្រាស់​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ប្រព័ន្ធ​ឌីជីថល ជាក់ស្តែង​ប្រជាជន​រស់នៅក្នុង​ឃុំ ក​ន្ទឺ​២ ដែលជា​ទីជនបទ​មួយ ស្ថិតក្នុង​ស្រុក​បាណន់ ខេត្តបាត់ដំបង ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក QR Code ដែល​បាន​បង្ក​ភាព​ស្រួល​ដល់​អាជីវកម្ម និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

មិន​នឹកស្មាន​ដល់​ទាល់តែសោះ​ថា នៅ​ជនបទ​ជាយ​ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការ​ទូទាត់​តាម​ឌីជីថលច្រើន​(រូបថតសុផល)

​លោក អ៊ា​ប វិសាល នាយក​អេស៊ីលីដា សា​ខាក​ន្ទឺ​២ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​បាណន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថាៈ​ឥឡូវនេះ​ការប្រើប្រាស់​ឌីជីថល នៅ​ស្រុក​បាណន់​នេះ មានការ​កើនឡើង​។​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ច្រើន​ទាក់ទង​ការទូទាត់​តាម​ឌីជីថល ដូចជា​ការដក​ប្រាក់ ដាក់​ប្រាក់ តាមរយៈ​គ្យូ​អ​កូដ (QR Code)​។​

​លោក​បាន​លើកឡើងថាៈ ពីមុន​ប្រជាពលរដ្ឋ​មានការ​លំបាក​មិនសូវ​យល់​ពី​សារៈសំខាន់​នៃ​ឌីជីថល តែ​ដោយមាន​ការខិតខំ​ជួយ​ពន្យល់ និង​ការជួយ​ចង្អុលបង្ហាញ​ពី​ភ្នាក់ងារ​អេស៊ីលីដា ប្រជាពលរដ្ឋ ដែល​ពួកគាត់​មួយចំនួន​មាន​វ័យ​ចំណាស់ បាន​ងាក​មក​មកប្រើប្រាស់​ការ​ទូទាត់​ឌីជីថល​កាន់តែច្រើន​ទោះជា​ស្ថិតនៅក្នុង​តំបន់​ជនបទ​ក៏ដោយ​។​

​លោកនាយក​សាខា បាន​បន្តថាៈ​ការកើនឡើង​នៃ​ការប្រើប្រាស់​ការទូទាត់​តាម​គ្យូ​អ​កូដ​នេះ ជួយ​កាត់បន្ថយ​ការកកស្ទះ​នៅ​បញ្ជរ​ការិយាល័យ ដែល​ពីមុន​ការធ្វើ​ប្រតិបត្តិ​ការស្ទះ​រហូតដល់​ពេល​បិទ​ការិយាល័យ​។​តែ​បច្ចុប្បន្ននេះ អាច​ស្ទះ​តែ​១​ម៉ោង​ឬ​សឹងតែ​មិនមាន​ស្ទះ​ផង​។​

​ទាក់ទង​នឹង​សេវាកម្ម លោក អ៊ា​ប វិសាល បានឱ្យដឹងថាៈ​គិត​មកដល់​ចុងឆ្នាំ​២០២១ អេស៊ីលីដា​សាខា​ឃុំ​ក​ន្ទឺ​២ មាន​អតិថិជន​ឥណទាន​ចំនួន​១៩៨៦​នាក់ ហើយ​អតិថិជន​ភ្ជាប់​QR Code មាន​ជាង​២០០០​នាក់ អតិថិជន​ដៃគូ​១២៨​នាក់​។​

មិន​នឹកស្មាន​ដល់​ទាល់តែសោះ​ថា នៅ​ជនបទ​ជាយ​ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការ​ទូទាត់​តាម​ឌីជីថលច្រើន​(រូបថតសុផល)

​លោក ឆេង រតនា អាយុ​២៩​ឆ្នាំ ជា​អ្នកលក់ដូរ​គ្រឿង​ភេសជ្ជៈ​និង​គ្រឿង​ទូរស័ព្ទ នៅ​ស្រុក​បាណន់ ឃុំ​ក​ន្ទឺ​២ ខេត្តបាត់ដំបង បានឱ្យដឹងថាៈ ការប្រើ​ការទូទាត់​ឌីជីថល គឺ​ងាយស្រួល លឿន​រហ័ស ចំណេញ​ពេល​និង​មាន​សុវត្ថិភាព ដោយ​យើង​មិនបាច់​កាន់​លុយ មិន​បារម្ភ​ពី ការឆ្លង​មេរោគ ការចាយ​លុយ​ខ្វះ​ឬ​លើស​នោះទេ​។​

​ចំណែក​លោកស្រី គឹម លឿន អាជីវ​ករលក់​ចាប់ហួយ នៅ​ឃុំ​ក​ន្ទឺ​២ ស្រុក​បាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា​: ដោយសារ​មានការ​កើនឡើង​នូវ​ការប្រើប្រាស់​ឌីជីថល និង​ការទូទាត់​គ្យូ​អ​កូដ​របស់​អេស៊ីលីដា លោកស្រី​បានដាក់​គ្យូ​អ​កូដ​ដើម្បី​ទូទាត់​លុយ ព្រោះ​វា​ងាយស្រួល លឿន និង​សុវត្ថិភាព​។​

​លោកស្រី​បាន​បន្តថា​:​ចាប់តាំងពី​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់ QR Code ការគិតគូរ​ប្រាក់កាស​របស់​អ្នកស្រុក​គឺ​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​ការ​អាជីវកម្ម​របស់លោក​ស្រី ដោយសារតែ​ការទូទាត់​តាម​ប្រព័ន្ធ​លឿន ដោយ​គ្រាន់តែ​ស្កែ​ន​រួច អ្នកទិញ​គាត់​គ្រាន់​ទូទាត់​ប្រាក់​តាម​ចំនួន​ទំនិញ​ដែល​គាត់​យក​។​

​លោកស្រី​បាន​ថ្លែង​ដូច្នេះ​ថា ៖«​ចាប់តាំងពី​មាន​ប្រព័ន្ធ QR Code នេះ វា​អាចជួយ​សម្រួល​ដល់​អាជីវកម្ម​របស់ខ្ញុំ​បាន​ចំណែក​ថែមទៀត ហើយ​វា​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ទូទាត់​ប្រាក់ ជាជាង​ការទូត​ទាត់​ជា​សាច់ប្រាក់​»​។ លោកស្រី​បាន​បន្តថា ភាគច្រើន ប្រជាជន​នៅក្នុង​តំបន់​បាណន់ ទូទាត់​ប្រាក់​តាម​ប្រ័​ន្ធ QR Code នេះ​ត្រូវបានធ្វើ​ឡើងជា​ប្រាក់រៀល ច្រើនជាង​ប្រាក់​ដុល្លារ​។​

មិន​នឹកស្មាន​ដល់​ទាល់តែសោះ​ថា នៅ​ជនបទ​ជាយ​ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការ​ទូទាត់​តាម​ឌីជីថលច្រើន​(រូបថតសុផល)

​ការទូទាត់​ប្រាក់​តាម​ប្រ័​ន្ធ QR Code នេះ​គឺធ្វើឡើង​ស្រប​ជាមួយគ្នា​គោល​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ប្រាក់រៀល ដោយសារ​ការទូទាត់​ប្រាក់​តាម​ប្រ័​ន្ធ QR Code នេះ​អាច​ទូទាត់​បានជា​ប្រាក់រៀល​។​

​លោក​ អ៊ីន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការិយាល័យ​អេស៊ីលីដា​សាខា​ស្រុក​សំពៅ​មាស​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២២ បានធ្វើការ​កត់សម្គាល់​ថា ចាប់ពី​ឆ្នាំ​២០២០ ចំនួន​អ្នកស្នើសុំ​ឥណទាន​តាម​បញ្ជរ ឬ​ទីភ្នាក់ងារ​ទូទាំងប្រទេស​របស់ អេស៊ីលីដា មិនសូវមាន​នោះទេ​។ ការធ្លាក់ចុះ​នេះ គឺ​បន្ទាប់ពី​អតិថិជន​ភាគច្រើន​បាន​ងាក​មកប្រើប្រាស់​សេវា​ស្នើសុំ​ឥណទាន​តាម​ឌីជីថល ព្រោះ​វា​មាន​ភាពងាយស្រួល មិន​ស្មុគស្មាញ និង​ចំណាយ​ពេលវេលា​តិច​។

​លោក​បណ្ឌិត អ៊ិន ចាន់នី​បាន​ថ្លែងថា​« គិត​ចាប់ពី​ឆ្នាំ​២០២០ មកទល់​បច្ចុប្បន្ន ចំនួន​អ្នកស្នើសុំ​ឥណទាន​តាម​អេឡិចត្រូនិក​របស់ អេស៊ីលីដា មាន​កំណើន​៤០​ម៉ឺន​នាក់ ដែលជា​ចំនួន​មួយ​ដ៏​ខ្ពស់​។ ការកើនឡើង​ចំនួន​អ្នកស្នើសុំ​ឥណទាន​តាម​ឌីជីថល​នេះ​កើតឡើង​ក្រោយ​អេ​ស៊ី​ដា​បាន​ខិតខំ​អភិវឌ្ឍន៍​ផលិតផល និង​សេវាកម្ម​ឌីជីថល​ជា​បន្តបន្ទាប់​ក្នុងការ​បម្រើ​អតិថិជន ឲ្យ​ស្របតាម​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​»​។​

​បើ​យោងតាម​លោក ចាន់នី​បាន​បន្ថែមថា ចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ​អេ​ស៊ី​ដា​បច្ចុប្បន្ន​មាន​រហូតដល់​៩៤ភាគរយ ខណៈ​អ្នកប្រើប្រាស់​សេវា​ទីភ្នាក់ងារ និង​បញ្ជរ​មានតែ​៦ភាគរយ តែប៉ុណ្ណោះ​។ ទោះបី​យ៉ាងនេះ​ក្តី​លោក​បណ្ឌិតអះអាងថា អេស៊ីលីដា​នឹង​បន្ត​ពង្រីក​ការិយាល័យ​នៅតាម​រាជធានី​ខេត្ត​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​នៅ​ឆ្នាំ​២០២២ នេះ ដើម្បី​ឆ្លើយតប​នឹង​កំណើន​របស់​អ្នកប្រើប្រាស់​នាពេល​បច្ចុប្បន្ន​។ លោក​បណ្ឌិត បន្ថែមថា ក្នុងចំណោម​ប្រាក់​បញ្ញើ​សន្សំ​សរុប​របស់​អេស៊ីលីដា​ជាង​៥​ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក មានការ​រួមចំណែក​៧០ភាគរយពី​អតិថិជន​នៅ​រាជធានី​ភ្នំពេញ រីឯ​ទំហំ​ឥណទាន​ដែលមាន​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ដូចគ្នា​៧០ភាគរយ ត្រូវបាន​ក្តោប​ក្តាប់​ដោយ​អតិថិជន​តាម​បណ្តា​ខេត្ត​៕សរន

មិន​នឹកស្មាន​ដល់​ទាល់តែសោះ​ថា នៅ​ជនបទ​ជាយ​ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការ​ទូទាត់​តាម​ឌីជីថលច្រើន​(រូបថតសុផល)

មិន​នឹកស្មាន​ដល់​ទាល់តែសោះ​ថា នៅ​ជនបទ​ជាយ​ខេត្តបាត់ដំបង មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការ​ទូទាត់​តាម​ឌីជីថលច្រើន​(រូបថតសុផល)