ដោយ​:​សុផល​/​ភ្នំពេញ​: ទីក្រុង​ទេសចរណ៍​ឆ្នើម​របស់​កម្ពុជា​ចំនួន​បី​រួមមាន ៖ ទីក្រុង​បាត់ដំបង ទីក្រុង​ព្រះសីហនុ និង​ទីក្រុង​សៀមរាប ទទួលបាន​ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​៣ សុពលភាព​ឆ្នាំ ២០២២២០២៤​។​នេះ​បើតាម​ការជូនដំណឹងរ​បស់ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០២២ ទាក់ទង​នឹង​ការប្រឡងប្រណាំង ទីក្រុង​ទេសចរណ៍​ស្អាត អាស៊ាន លើក​ទី​៣ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ ឱ្យដឹងថា ដោយមាន​ការឯកភាព​ជាគោលការណ៍ ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល ទីក្រុង​ទេសចរណ៍​ឆ្នើម​របស់​កម្ពុជា​ចំនួន​បី​រួមមាន ៖ ទីក្រុង​បាត់ដំបង ទីក្រុង​ព្រះសីហនុ និង​ទីក្រុង​សៀមរាប បាន​ចូលរួម​ប្រឡងប្រណាំង ហើយ​ទទួលបាន ជ័យលាភី​ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៣ សុពលភាព​ឆ្នាំ ២០២២-២០២៤ ដែល​គ្រោង​នឹង​ចែក​រង្វាន់ នៅក្នុង​ពិធី​ប្រគល់​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។​

 

​ទន្ទឹមនឹងនេះ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នឹង​ប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​នេះ ជូន​ដល់​ដល់ទី​ក្រុង​ទេសចរណ៍​ចំនួន ២១ នៅក្នុង​បន់​អាស៊ាន​ផងដែរ​។ ជាមួយគ្នានេះ គណៈកម្មាធិការ​ជាតិ​វាយ តម្លៃ​ទីក្រុង​ស្អាត បាន​នឹង​កំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​កម្រិត​តំបន់​អាស៊ាន សំដៅ​ចូលរួម​ដល់​ការជំរុញ​ការកសាង​ទីក្រុង​ស្អាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​។
​ការទទួលបាន​ចំណាត់ថ្នាក់​នេះ​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​តំបន់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ការប្រគល់​រង្វាន់​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង របស់​ទីក្រុង​ទេសចរណ៍​អាស៊ាន ក៏ដូចជា​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅតាម បណ្តា​ទីក្រុង​របស់​អាស៊ាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៦-២០២៥​សំដៅ​ធ្វើឱ្យ​អាស៊ាន​ក្លាយជា​គោលដៅ ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ ផ្តល់​ភាពកក់ក្តៅ ដល់​ភ្ញៀវទេសចរ​។

រូបថតៈលោកតាដំបងគ្រញូង ខេត្តបាត់ដំបង

​ការប្រកួតប្រជែង​នេះ ក៏បាន​ជំរុញ​ដល់​ការរៀបចំ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាម​បណ្តា​ទីក្រុង​នៅក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែ​ប្រសើរឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រ​សិ​ទ្ឋ​ភាព ដល់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព សុវត្ថិភាព និង​បរិ​យាប​ន្ន​។
​គួរ​បញ្ជាក់ថា ស្ដង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវបាន​ដឹកនាំ​រៀបចំឡើង​ដោយ​ក្រសួង ទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ​២០១១ និង​ដោយ​មានការ​គាំ​ទ ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ហើយ​ស្តង់ដារ​នេះ​ត្រូវ​បានអនុម័ត និង​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ​កាលពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០១៥៕​សរន

ឆ្នេរនៃក្រុងព្រះសីហនុ