ដោយ​: សុផល / កំពង់ចាមៈ តាមរយៈ “​គម្រោង​ពង្រឹងសមត្ថភាព​ឆ្លើយតប ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​” ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា នេះ បានប្រគល់​ម៉ាស៊ីន PCR សម្រាប់ធ្វើ​តេស្ត​មេរោគ​កូ​វីដ​-១៩ និង​ឧបករណ៍​បច្ចេកវិទ្យា​ឆ្លាត​វៃ លើ​រូបភាព​វេជ្ជសាស្ត្រ ដល់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​ការប្រគល់​ម៉ាស៊ីន PCR សម្រាប់ធ្វើ​តេស្ត​មេរោគ​កូ​វីដ​-១៩ និង​ឧបករណ៍ បច្ចេកវិទ្យា​ឆ្លាត​វៃ លើ​រូបភាព​វេជ្ជសាស្ត្រ របស់​ចៃ​កា ដល់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម នេះ ដោយ​យល់​ពី​ភាពចាំបាច់​បន្ទាន់ ទៅលើ​ការប្រើប្រាស់​នូវ ឧបករណ៍​វេជ្ជសាស្ត្រ និង​បរិក្ខារ​ក្នុង​មន្ទីរពិសោធន៍ សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​កម្រិត​ថ្នាក់​ខេត្ត​។ លើសពីនេះ​ទៀត ឧបករណ៍​បច្ចេកវិទ្យា​ឆ្លាត​វៃ លើ​រូបភាព​វេជ្ជសាស្ត្រ ចំនួន​មួយ ឈុត​ផ្សេងទៀត នឹងត្រូវ​ប្រគល់​ជូនទៅ​មន្ទីរពេទ្យ ខេត្តបាត់ដំបង ផងដែរ នៅ​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២២​។​

​ឧបករណ៍​បច្ចេកវិទ្យា​ឆ្លាត​វៃ លើ​រូបភាព​វេជ្ជសាស្ត្រ​នេះ គឺ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ ដ៏​ឆ្លាត​វៃ ជួយ​ដល់​គ្រូពេទ្យ​ងាយស្រួល ក្នុង​ការមើល​រូបភាព ពី​ម៉ាស៊ីន​ថត​កាំរស្មី​អិ​ច និង​ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​កំហុស​ដោយ​អ​ចេតនា ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ ឬ​ការត្រួតពិនិត្យ​ណាមួយ ដែល​អាច​នឹង​កើតឡើង​។ លើសពីនេះ​ទៀត ឧបករណ៍​នេះ អាចជួយ​ដល់​ក្រុម​វេជ្ជបណ្ឌិត ធ្វើ​រោគវិនិច្ឆ័យ លើ​ជំងឺ​រលាក​សួត និង​ដុំ​ពក​ក្នុង​សួត បាន​ផងដែរ ដែលជា​ទូទៅ ត្រូវបាន​គេ​សង្កេតឃើញថា វា​កើត​ឡើងលើ​អ្នកជំងឺ ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។​

​សូមជម្រាបថា ដើម្បី​ចូលរួមចំណែក ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ទីភ្នាក់ងារ JICA បាន​ប្តេជ្ញាចិត្ត យ៉ាង​ពេញ ទំហឹង ក្នុងការ​បន្តធ្វើ​កា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខា ភិ​បាល​ខេត្ត ក្នុងការ​ផ្តល់នូវ​ឧបករណ៍ និង​ជំនួយ​បច្ចេកទេស​ចាំបាច់ នៅក្នុង​ស្ថាន ភាពលំបាក នៃ​ការរីក​រាលដាល នៃ​ជំងឺ​នេះ និង​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ពង្រឹង​ប្រព័ន្ធ សុខាភិបាល​របស់​យើង និង​ដើម្បី​កាត់បន្ថយ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​សង្ឃឹមថា ការគាំទ្រ​ទាំងនេះ នឹង​អាចជួយ​ដល់​បុគ្គលិក​សុខាភិបាល ដែល​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ៕/V​