ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ព្យុះរដូវរងាដ៏ធំបានគ្របដណ្ដប់ព្រិលលើទ្វីបអាម៉េរិកខាងជើងកាលពីថ្ងៃចន្ទទី១៧មករាខណៈវាបានបោកបក់លើឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាម៉េរិករហូតដល់ប្រទេសកាណាដា ដោយរំខានដល់ការធ្វើដំណើរ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់ម៉ឺនខ្នង។
យោងតាមវេបសាយ PowerOutage.us បានឱ្យដឹងថា ប្រជាជនអាម៉េរិកប្រហែល ១២០.០០០ នាក់គ្មានភ្លើងប្រើនៅរសៀលថ្ងៃចន្ទតែបានចាប់ផ្តើមមានឡើងវិញនៅល្ងាចថ្ងៃចន្ទ។ការដាច់ភ្លើងដ៏ធំនេះបានកើតឡើងនៅរដ្ឋបែរទៅកណ្តាលមហាសមុទ្រអាត្លង់ទិក គឺ វើជីនៀខាងលិច និងរដ្ឋភាគអាគ្នេយ៍ គឺខារ៉ូលីណាខាងជើងនិងខាងត្បូង និងចចចៀ។
យោងតាមវេបសាយតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរជាង ១.៧០០ ចូលឬចេញពីសហរដ្ឋអាម៉េរិកត្រូវបានលុបចោលកាលពីល្ងាចថ្ងៃចន្ទបន្ថែមពីលើជើងហោះហើរចំនួន ៣.០០០ កាលពីថ្ងៃអាទិត្យ។
ផ្នែកដ៏ធំនៃខេត្តកេប៊ិកនិងខេត្តអនថារីអូ (Ontario)របស់កាណាដានៅតែស្ថិតនៅក្រោមការព្រមានអំពីព្យុះរដូវរងាឬព្យុះព្រិល នេះបើយោងតាមវេបសាយរដ្ឋាភិបាលកាណាដា។
លោក អានថូនី ហ្វានែល (Anthony Farnell) ជាប្រធានព្យាករណ៍ឧតុនិយមនៃប៉ុស្តិ៍ទូរទស្សន៍កាណាដា Global News បាននិយាយថា នៅទីក្រុងតូរ៉ុនតូ ព្រិលរហូតដល់កម្រាស់ ៦០ សង់ទីម៉ែត្ររំពឹងកើតឡើង ដែលនេះជា “ព្យុះប្រវត្តិសាស្ត្រសម្រាប់ទីក្រុង”៕
ព្យុះព្រិលនៅកាណាដានិងភាគខាងកើតសហរដ្ឋអាម៉េរិកកំពុងបង្អាក់ការធ្វើដំណើរ