​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មករា​ថា ចិន​នឹង​មិន​ប្រើប្រាស់​កម្លាំង​របស់​ខ្លួន​ដើម្បី “​សម្លុត​” គំរាម​ប្រទេសជិតខាង​តូចៗ​របស់​​ខ្លួន​ទេ រួម​ទាំង​ហ្វីលីពីន ខណៈ​លោក​លើកឡើង​ពី​សារៈសំខាន់​នៃ​ការដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី​។​

​លោក​វ៉ាង យី ជា​មន្ត្រីការទូត​កំពូល​របស់​រដ្ឋាភិបាល​ចិន បាន​ប្រាប់​វេទិកា​អន​ឡាញ​មួយ ដែល​រៀបចំ​ដោយ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល​និង​ក្រុម​តស៊ូ​មតិ​ក្នុងស្រុក​មួយ យ៉ាង​ដូច្នេះ​ថា​”​ការ​សង្កត់ធ្ងន់​​តែ​លើ​ការទាមទារ​របស់​ភាគី​ម្ខាង​និង​ការ​ដាក់​ចេញ​តែ​ឆន្ទៈ​របស់​ភាគី​ម្ខាង​មិនមែន​ជា​វិធី​ត្រឹមត្រូវ​សម្រាប់​អ្នក​ជិតខាង​ក្នុង​ការយ​ក​អាសារ​គ្នា​ទៅវិញទៅមក​នោះទេ​ហើយ​វា​ផ្ទុយ​នឹង​ទស្សនវិជ្ជា​តម្រង់​​ទិស​អំពី​របៀប​ដែល​មនុស្ស​គួរ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​”​។​

​ការកត់សម្គាល់​របស់​លោក​ធ្វើ​ឡើង​តិច​ជាង​ពីរ​ខែ​បន្ទាប់​ពី​ហ្វីលីពីន​បាន​ថ្កោលទោស​ចិន​ចំពោះ​ការរារាំង​នាវា​ផ្គត់ផ្គង់​យោធា​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ញ៉ាំង​ឱ្យ​មាន​ការព្រមាន​ពី​សហរដ្ឋ​អាម៉េរិក ដែល​ជា​សម្ពន្ធមិត្ត​សន្ធិសញ្ញា យ៉ាង​ដូច្នេះ​ថា​« ការវាយប្រហារ​ណា​មួយ​លើ​នាវា​ហ្វីលីពីន​នឹង​នាំឱ្យ​មាន​ការ​យក​មក​ប្រើ​ឡើងវិញ​នូវ​ការប្តេជ្ញា​ចិត្ត​ការពារ​គ្នា​ទៅវិញទៅមក​របស់​អាម៉េរិក​និង​ហ្វីលីពីន​»​។​

​ចិន​ត្រូវ​បាន​ប្រទេស​លោកខាងលិច​ចោទប្រកាន់ថា​ឈ្លានពាន​និង​បង្កហេតុ​ដោយ​ដាក់​នាវា​ពង្រាយ​ឆ្មាំ​សមុទ្រ​និង​នាវា​នេសាទ​រាប់រយ​គ្រឿង​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​នៃ​ប្រទេសជិតខាង​​របស់ខ្លួន រួម​ទាំង​ហ្វីលីពីន ដែល​នៅ​ឆ្ងាយ​អនេក​ពី​ដីគោក​របស់ខ្លួន​។​

​ទ៉ជា​យ៉ាងណា ចិន​និយាយថា​ទង្វើ​របស់​ខ្លួន​គឺ​ត្រឹមត្រូវ​ព្រោះ​នាវា​គឺ​ស្ថិតនៅក្នុង​ទឹកដី​របស់​ខ្លួន​។ ហ្វីលីពីន​បាន​ជំទាស់​នឹង​អ្វី​ដែល​ខ្លួន​ហៅ​ថា “​ការ​លុកលុយ​” និង “​ការឡោមព័ទ្ធ​”​។​

​លោក​វ៉ាង​បាន​និយាយថា ប្រទេស​ចិន​សង្ឃឹមថា​ហ្វីលីពីន​អាច “​គ្រប់គ្រង​និង​ដោះស្រាយ​បញ្ហា​បាន​ត្រឹមត្រូវ​ក្នុង​ស្មារតី​សុច្ឆន្ទៈ និង​ការអនុវត្ត​ជាក់ស្តែង​”​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន លោក ហ្វ៊ុយ យី​ង (Fu Ying)​បាន​ប្រាប់​វេទិការ​អន​ឡាញ​នោះ​ថា ចិន​សង្ឃឹមថា អ្នកណា​ក៏​ដោយ​ដែល​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​ខែឧសភា​នឹង​អាច “​អនុវត្ត​គោលនយោបាយ​ការបរទេស​ឯករាជ្យរ​បស់​ហ្វីលីពីន​ប្រកប​ដោយ​ប្រាជ្ញាញ្ញាណ សេចក្តីក្លាហាន និង​ការទទួលខុសត្រូវ​”៕

រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី និង​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន ថេ​អូដូ​រ៉ូ ឡុក​ស៊ីន ជួប​គ្នា​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃទី​១៦ មករា ឆ្នាំ​២០២១