ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ប្រធានអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស(Antonio Guterres ) បានប្រាប់វេទិកាអនឡាញនៅទីក្រុងដាវូស(Davos)កាលពីថ្ងៃចន្ទទី ១៧ ខែមករាថា ពិភពលោកត្រូវតែចាក់វ៉ាក់សាំងមនុស្សគ្រប់គ្នាប្រឆាំងនឹងកូវីដ១៩ ដើម្បីធានាបាននូវច្រកចេញពីជំងឺរាតត្បាត។
ការជួបជុំទល់មុខគ្នានៃតួអង្គមហាអំណាចផ្នែកនយោបាយនិងសាជីវកម្មនៅទីក្រុងតំបន់ភ្នំអាល់របស់ស្វីសគឺធ្វើតាមអនឡាញពីរឆ្នាំជាប់គ្នាហើយ ដោយសារជំងឺរាតត្បាតមិនបង្ហាញសញ្ញាធូរស្រាលសោះ។
អគ្គលេខាធិការអ.ស.បនិយាយថា “រយៈពេលពីរឆ្នាំចុងក្រោយនេះបានបង្ហាញឱ្យឃើញនូវការពិតដ៏សាមញ្ញប៉ុន្តែឃោរឃៅ។ ប្រសិនបើយើងចាកចោលនរណាម្នាក់នោះគឺយើងពិតជាទុកពួកគេឱ្យនៅឯកោហើយ។ប្រសិនបើយើងខកខានចាក់ថ្នាំបង្ការដល់មនុស្សគ្រប់រូប នោះយើងនឹងធ្វើឱ្យមេរោគបំប្លែងខ្លួនថ្មីៗឡើងចាង រីករាលដាលឆ្លងព្រំដែនហើយនាំឱ្យជីវិតប្រចាំថ្ងៃនិងសេដ្ឋកិច្ចត្រូវបញ្ឈប់”។
លោកគូថេរ៉េសបាននិយាយថា សហគមន៍អន្តរជាតិចាំបាច់ត្រូវ “តតាំងជាមួយនឹងជំងឺរាតត្បាតដោយសមធម៌និងយុត្តិធម៌”។
លោកបានកត់សម្គាល់ថា អង្គការសុខភាពពិភពលោកបានបង្ហាញយុទ្ធសាស្ត្រកាលពីរដូវស្លឹកឈើជ្រុះចុងក្រោយដើម្បីចាក់វ៉ាក់សាំង ៤០ ភាគរយនៃចំនួនប្រជាជនលើពិភពលោកនៅចុងឆ្នាំ ២០២១ និង ៧០ ភាគរយនៅពាក់កណ្តាលឆ្នាំនេះ។
លោកគូថេរ៉េសបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថា “យើងមិនបានកៀកគោលដៅទាំងនេះទេ”។
លោកបានបន្ថែមថា “អត្រានៃការទទួលថ្នាំបង្ការនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់គឺខ្ពស់ជាងប្រទេសនៅអាហ្វ្រិករហូតដល់ ៧ ដងយ៉ាងអាម៉ាស់។ យើងត្រូវការសមធម៌វ៉ាក់សាំងឥឡូវនេះ”។
លោកបាននិយាយថា ក្រុមហ៊ុនឱសថទាំងអស់គួរតែ “សាមគ្គីជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ដោយចែករំលែកអាជ្ញាប័ណ្ណ ចំណេះធ្វើនិងបច្ចេកវិជ្ជាដូច្នេះទើបយើងទាំងអស់គ្នាអាចស្វែងរកផ្លូវចេញពីជំងឺរាតត្បាតនេះបាន”៕
ប្រធានអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស