​ប្រែ​សម្រួលៈ​បំណង​/​ហ្សា​ការតា​(​បាងកក​ប៉ុស្តិ៍​)៖ សភា​ឥណ្ឌូនេស៊ី​បានអនុម័ត​ពង្រាង​ច្បាប់​មួយ​ដើម្បី​រើ​រដ្ឋធានី​ពី​ទីក្រុង​ហ្សា​ការតាទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​មួយ​នៃ​ខេត្ត​កាលី​ម៉ាន់​តាន់​(Kalimantan)​នៅលើ​​កោះ​ប័រណេ​អូ​(Borneo) នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ផែនការ​កាលពី​ថ្ងៃ​អង្គារ​។​

​ច្បាប់​បង្កើត​រដ្ឋធានី​ថ្មី​នេះ នឹង​ផ្តល់​ក្រប​ខណ្ឌ​ច្បាប់​មួយ​សំរាប់​មហា​គំរោង​តំលៃ​៣២​ពាន់​លាន​ដុល្លារ​របស់​ប្រធានាធិបតី ចូកូ វី​ដូ​ដូ​(Joko Widodo)​។​វា​ចែង​របៀប​ដែល​ការអភិវឌ្ឍ​រដ្ឋធានី​នេះ​នឹង​ត្រូវ​​ផ្តល់​មូលនិធិ​និង​គ្រប់គ្រង​របៀប​ណា​។​

​រដ្ឋមន្ត្រី​ផែនការ លោក ស៊ូ​ហា​សូ ម៉ូណូ​អា​ហ្វា​(Suharso Monoarfa)​បាន​ប្រាប់​សភា​ថា​«​រដ្ឋធានី​ថ្មី​មាន​មុខងារ​កណ្តាល​មួយ​និង​ជា​និម្មិត​រូប​នៃ​អត្តសញ្ញាណ​ជាតិ ព្រមទាំង​ជា​មជ្ឈមណ្ឌល​ទាក់ទាញ​​សេដ្ឋកិច្ច​ថ្មី​មួយ​។​វា​ឈ្មោះថា នូ​សា​ន់តា​រ៉ា​(Nusantara)»​។​

​ផែនការ​រើ​រដ្ឋាភិបាល​ចេញពី​ក្រុង​ហ្សា​ការតា​ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ​១០​លាន​នាក់​ត្រូវបាន​លើកឡើង​ដោយ​ប្រធានាធិបតី​មុនៗ​ជាច្រើន​តែ​មិន​មាន​ប្រធានាធិបតី​ណា​បាន​ធ្វើអោយ​វា​លេចចេញ​​ជា​រូបរាង​ពិត​ដូច​ពេលនេះ​ទេ​។​

​តាមពិត​លោក​ចូកូ វី​ដូ​ដូ បានប្រកាស​ផែនការ​នេះ​នៅ​ឆ្នាំ​២០១៩ តែ​សភា​បាន​ពន្យារ​ពេល​បោះឆ្នោត​សំរេច​ដោយសារ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​ហ្សា​ការតា ដែល​ល្បី​ខាង​កកស្ទះ ការ​ជន់​លិច​និង​ធាតុអាកាស​កខ្វក់ ត្រូវ​គេ​ប៉ាន់ស្មាន​ថា​នឹង​ត្រូវ​ជន់​លិច​ដោយ​ជំនោរ​សមុទ្រ​នៅ​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​ដោយ​សារ​វា​តាំងនៅ​តំបន់​ទំនាប​និង​ការប្រែប្រួល​​អាកាសធាតុ​ពិភពលោក​នាំ​អោយ​ទឹកសមុទ្រ​ឡើង​កាន់តែ​ខ្ពស់​។​

​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ស្រមៃ​ឃើញ​រដ្ឋធានី​ថ្មី​មួយ ជា​«​កំពូល​មជ្ឈមណ្ឌល​»​បញ្ចេញ​កាបោន​ទាប​ដែល​នឹង​ទ្រង់ទ្រង់​វិស័យ​សុខភា​ព ឳ​សថ​និង​បច្ចេកវិទ្យា ព្រមទាំង​ជា​កន្លែង​​ជំរុញ​កំណើន​ដោយ​ចីរភាព​ទៅ​ហួស​កោះ​ចា​វ៉ា​(Java)៕

​ចរាចរណ៍​នៅ​កណ្តាល​ក្រុង​ហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី