ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី លោក​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់ បាន​កោតសរសើរ​ចំពោះ សុច្ឆន្ទៈ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​និង​បានបញ្ជាក់​ជា ថ្មី​នូវ​ការគាំទ្រ និង​ការត្រៀមខ្លួន​របស់​សិង្ហ​បុរី​ក្នុងការ​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) ដែល​ផ្សារភ្ជាប់​ទៅនឹង​ការថែរក្សា និង​លើកកម្ពស់​ទំនុកចិត្ត និង​ភាព​ពាក់ព័ន្ធ​របស់​អាស៊ាន​។

​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​
​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​១៣ ខែមករា និង ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​។

​ប្រភព​បាន​បញ្ជាក់ថា ក្នុងជំនួប​នេះ​លោក​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី ក៏បាន​ស្វាគមន៍​ចំពោះ ការសម្តែង​ឆន្ទៈ​ក្នុង​កិច្ច សហប្រតិបត្តិការ​រវាង​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា ផងដែរ​។ ទោះបីជា​យ៉ាងនេះ​ក្តី​លោក វី​វៀន បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការវិវត្ត​ចុងក្រោយបង្អស់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​មិន​អំណោយផល​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​ឱ្យបាន​នូវ​វឌ្ឍនភាព​បន្ថែមទៀត​លើ ៥PC និង​សម្រាប់​អ្នកតំណាង​នយោបាយ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​។​

​នៅក្នុង​កិច្ចសន្ទនា​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ការ​វិវិត្ត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

​លោក ប្រាក់ សុខុន បាន​ជម្រាបជូន លោក​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់ អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ៧-៨ ខែមករា ឆ្នាំ​២០២២ ដែលជា​ជំហាន​មួយ​ដ៏​សំខាន់ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​កិច្ចសន្ទនា​ប្រកបដោយ​បរិ​យា​ប័ន្ន​ក្នុងចំណោម​គ្រប់ភាគី ពាក់ព័ន្ធ​លើ​បញ្ហា​មី​យ៉ាន់​ម៉ា​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា កម្ពុជា​មានបំណង​ប្រាថ្នា​ដូច គ្នា​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន និង​សហគមន៍​អន្តរជាតិ​ផ្សេងទៀត ដែល​នឹង​ជួយ​មី​យ៉ាន់​ម៉ា ឱ្យ​សម្រេច បាន​សន្តិភាព និង​ការផ្សះផ្សា​យូរអង្វែង​។​
​លោក ប្រាក់ សុខុន ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​សំណើ​យន្តការ​អាស៊ាន Troika របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការជួយ​ដល់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា ដើម្បី​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំនុច (5PC) ជាពិសេស ការបញ្ចប់​អំពើហិង្សា ការបន្ត​កិច្ចសន្ទនា​ប្រកបដោយ​សន្តិវិធី និង​ការផ្តល់ ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែលមាន​តម្រូវការ​ចាំបាច់​៕ សរន​