ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​បម្រើឱ្យ​ការងារ​បណ្តុះបណ្តាល​ហ្វឹកហ្វឺន និង​ការងារ​ជំនាញ​មួយចំនួនទៀត នៅ​មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​។​

​ អមដំណើរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានលោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ឧ​ត្ត​មនា​វី​ឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ រួមទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ផងដែរ​។​

​ប្រមុខ​ការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​១៨ ខែមករា​នេះ​ថា “​ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ​ដោយ​ពិនិត្យឃើញ​សមិទ្ធផល​ជាច្រើន ដែល​កងទ័ពជើងទឹក​សម្រេចបាន​នៅ​មូលដ្ឋាន​សមុទ្រ នៅ​ឆ្នាំ​២០២១​នេះ តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន សម្រាប់​បម្រើ​ឲ្យ​ការងារ​បណ្តុះបណ្តាល ហ្វឹកហ្វឺន និង​ការងារ​ជំនាញ​ផ្សេងៗ​ទៀត រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”៕សរន