ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះ បានផ្ញើលិខិតទូលថ្វាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អំពីស្ថានភាព និងដំណើរការរបស់គណបក្សហ៊្វុនស៊ិនប៉ិច ក្រោយពេលដែល សម្តេចរាជបុត្រីព្រះអនុជ បានឃ្លាតឆ្ងាយពី គណបក្សនិងលែងទ្រង់ការចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ដើម្បីទ្រង់បានជ្រាបអំពីសភាពការណ៍ពិតរបស់គណបក្ស។ ពីព្រោះថ្មីៗនេះ មានបុគ្គលខិលខូច បានកំពុងក្លែងបន្លំឋានៈជាគណៈកម្មាធិការនាយក ដោយធ្វើការប្រជុំនិងចេញសេចក្តីប្រកាសផ្សេងៗ មានភ្ជាប់ជាមួយ ព្រះនាមសម្តេចរាជបុត្រីព្រះអនុជ ហើយបានផលិតនិងប្រើប្រាស់ត្រាគណបក្សក្លែងក្លាយ ដែលទង្វើទាំងនេះធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន និងសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច នឹងផ្ទុយពីលក្ខន្តិកៈគណបក្ស និងច្បាប់ទំាងស្រុង។

យោងតាមលិខិតអគ្គលេខាធិការដ្ឋានគណបក្សហ៊្វុនស៊ិនប៉ិច ផ្ញើទូលថ្វាយ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានរៀង រាប់អំពីស្ថានភាព និងដំណើរការរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដូចតទៅ៖
ថ្មីៗនេះ មានបុគ្គលខិលខូចដែលត្រូវបាន សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សបានបញ្ចប់សមាជិកភាព និងខ្លះទៀតលាឈប់ពីមុខតំណែង បានកំពុងក្លែងបន្លំឋានៈជាគណៈកម្មាធិការនាយក ដោយធ្វើការប្រជុំនិងចេញសេចក្តីប្រកាសផ្សេងៗ មានភ្ជាប់ជាមួយ ព្រះនាមសម្តេចរាជបុត្រីព្រះអនុជ ហើយបានផលិតនិងប្រើប្រាស់ត្រាគណបក្សក្លែងក្លាយ ដែលទង្វើទាំងនេះធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណជន និងសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច នឹងផ្ទុយពីលក្ខន្តិកៈគណបក្ស និងច្បាប់ទំាងស្រុង។ បច្ចុប្បន្ននេះ គណបក្សហ៊្វុនស៊ិនប៉ិចកំពុងស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងចាត់ចែងនិងដំណើរការយ៉ាងសកម្ម ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្ស ដែលទទួលបានការប្រទានសិទ្ធិពី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ស្របតាមខ្លឹមសារប្រការ២៤ នៃលក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ចំពោះសកម្មភាពរបស់បុគ្គលទាំងនេះគណបក្ស ចាត់ទុកថាជាទង្វើខុសច្បាប់ ហើយគណបក្សកំពុងរៀបចំពិនិត្យ ធ្វើការប្តឹងទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
សមាជិក សមាជិកា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មានការសោកស្តាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះបុគ្គលមួយចំនួន ដែលបានបាត់បង់នីតិសម្បទាពីគណបក្សរួចហើយ យកព្រះនាម សម្តេចរាជបុត្រី ព្រះអនុជ ទៅភ្ជាប់ពាក់ព័ន្ធក្នុងការចេញសេចក្តីប្រកាសផ្សេងៗដោយខុសការពិត ដែលនាំឱ្យប៉ះពាល់ដល់ព្រះកិត្តិនាមព្រះរាជវង្សានុវង្ស និងជាការ ប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះបំណងចុងក្រោយរបស់ព្រះអង្គ គឺថ្វាយគណបក្សហ៊្វុនស៊ិនប៉ិចដល់ព្រះបុត្រាលោក គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ (ត្រូវជាម្ចាស់ក្មួយនៃ សម្តេចរាជបុត្រី) ជាអ្នកដឹកនាំបន្តវេន ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីថែរក្សាព្រះរាជកេរ្តិ៍មរតដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងជាទីសោកស្តាយនៃយើង ។

ដោយថ្វាយការគោរព និងដង្ហែតាមព្រះបំណងរបស់សម្តេចក្រុមព្រះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តម បានថ្វាយលិខិតសម្តែងនូវការគំាទ្រយ៉ាងពេញទំហឹង ចំពោះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គង់ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ។ ជាក់ស្តែងថ្មីៗនេះ មានថ្នាក់ដឹកនាំជាឥស្សរជន និងបងប្អូនមួយចំនួនដែលធ្លាប់យល់ច្រឡំ ក៏បានធ្វើលិខិតប្រកាសគំាទ្រ បង្ហាញភក្តីភាព និងវិលត្រឡប់មកដង្ហែ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឡើងវិញ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏ដូចជាសមាជិក សមាជិកាទាំងអស់គ្នាដែលកំពុងដង្ហែតាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះ ប្រធានស្តីទីគណបក្ស មានសេចក្តីរីករាយ និងសូមស្វាគមន៍ចំពោះ សម្តេចរាជបុត្រីព្រះអនុជ មកជួយទ្រង់ការ ដើម្បីជ្រោមជ្រែង លើកស្ទួយ ស្តារប្រជាប្រិយ៍ភាពរបស់ គណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបានខ្ពង់ខ្ពស់ឡើងវិញ ។ ហើយមានជំនឿចិត្តនិងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីសម្តេចរាជបុត្រី ទ្រង់បានជ្រាបនូវរបាយការណ៍ខាងលើនេះហើយ សម្តេចរាជបុត្រី ប្រាកដជាគាំទ្រ និងជ្រោមជ្រែង ម្ចាស់ក្មួយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យ៉ាងពិតប្រាកដពុំខាន៕srn