ដោយ៖តារារិទ្ធ/ព្រះសីហនុ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានចាត់ទុកការបើកដំណើរ ការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញត្រូវបានវាយតម្លៃថាស្ថិតក្នុងស្ថានភាពបន្ទាន់និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំង អស់ក្នុងអាស៊ាន។

ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហ គមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ ដោយហេតុថាស្ថានភាពទីផ្សារទេសចរណ៍នឹងមានភាពតូចចង្អៀតជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ទាំងលើទិដ្ឋភាពនៃគុណភាព ផលិតផល និងសេវាកម្ម តម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍, វិធានការក្នុងការគ្រប់គ្រងស្ថាន ភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការសម្រួល ដល់ការធ្វើដំណើរ ។ ចំណុចទាំងនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី ។

សម្តេចតេជោបន្តថា៖ក្នុងន័យនេះផែនការស្តារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិនៃជំងឺកូវីដ-១៩ (Post-COVID-19 Recovery Plan for ASEAN Tourism) នឹងក្លាយជាគន្លឹះយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗនៃការទទួលភ្ញៀវទេសចរអន្តរជាតិដោយឈរលើគោ លការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានា សុវត្ថិភាពនិងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ ឱ្យបានឆាប់ ទៅរក “ប្រក្រតីភាពថ្មី” នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន ៕